(ព្រះវិហារ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា ក្រសួងបរិស្ថាន បានរៀបចំគម្រោងទេសចរណ៍លំហែរបៃតង ដែលជាយុទ្ធសាស្រ្តចម្បង ជួយពង្រឹងលើអភិរក្សបរិស្ថាន វប្បធម៌ ជំនឿសាសនា និងធនធានធម្មជាតិ ព្រមទាំងជួយលើកកម្ពស់សោភ័ណភាពតំបន់ធម្មជាតិ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
លោកបណ្ឌិតរដ្ឋមន្រ្តី មានប្រសាសន៍បែបបនេះ កាលពីព្រឹកថ្ងៃសៅរ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងពេលអញ្ជើញចុះពិនិត្យ និងជួបសំណេះសំណាលជាមួយប្រជាសហគមន៍តំបន់ការពារធម្មជាតិភ្នំត្នោត និងគ្រួសារលោក បេន ដេវីស ដែលបានចូលរួមសកម្មជាមួយសហគមន៍ ការពារធនធនធានធម្មជាតិ និងជួយរៀបចំបង្កើតអេកូទេសចរណ៍ នៅក្នុងតំបន់សហគមន៍ ដែលជាផ្នែកមួយនៃដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក ស្ថិតក្នុងភូមិសាស្រ្តខេត្តព្រះវិហារ។
លោកបណ្ឌិត អ៊ាង សុផល្លែត បានបន្ថែមថា តាមរយៈបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ក្រសួងបរិស្ថាន ដាក់ចេញវិធានការច្បាប់ចំនួន៤ ក្នុងការទប់ស្កាត់បទល្មើសធនធានធម្មជាតិ ក៏ដូចជាទប់ស្កាត់ការទន្ទ្រានដីព្រៃសហគមន៍។
រដ្ឋមន្រ្តី អ៊ាង សុផល្លែត បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ក្នុងនោះក៏មានគ្រួសារលោក បេន ដេវីស ដែលរស់នៅជាមួយប្រជាពលរដ្ឋកម្ពុជា ជួយថែរក្សាការពារព្រៃឈើ ក្នុងភូមិសាស្រ្តខេត្តព្រះវិហារ។
ក្នុងឱកាសនោះ លោករដ្ឋមន្ត្រីបានលើកឡើងពីគម្រោងគោលដៅផ្តល់ជូនការអភិវឌ្ឍសហគមន៍ ជាពិសេសការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ការធានាសន្តិសុខ សុវត្ថិភាព និងអនាម័យបរិស្ថាន ជុំវិញតំបន់សហគមន៍ភ្នំត្នោតផងដែរ។
លោក បេន ដេវីស បានថ្លែងអំណរគុណដល់លោករដ្ឋមន្រ្តី ដែលគាំទ្រដល់សកម្មភាពរបស់សកម្មរបស់លោក ដែលយកចិត្តទុកដាក់ចំពោះការការពារព្រៃ។ កន្លងមកលោកបញ្ជាក់ថា ដោយមានការជួយជ្រោមជ្រែងពីរាជរដ្ឋាភិបាល ក្រសួងបរិស្ថាន ភ្ញៀវទេសចរ និងអង្គការអន្តរជាតិផង ប្រជាសហគមន៍បន្តពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ និងការអភិរក្សជីវៈចម្រុះ ដូចជាសត្វព្រៃ ព្រៃឈើ និងរុក្ខជាតិកម្រៗជាច្រើនប្រភេទទៀត នៅក្នុងតំបន់អភិរក្សនេះនឹងរក្សាបានយូរអង្វែងតកូនចៅ។
សូមបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា តាមរយៈរាជរដ្ឋាភិបាលបានដាក់ចេញបទបញ្ជាក្នុងការគ្រប់គ្រងតំបន់ការពារធម្មជាតិឱ្យមានប្រសិទ្ធភាពខ្ពស់ ក្នុងនោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញវិធានការម៉ឺងម៉ាត់បំផុត ក្នុងការទប់ស្កាត់បទល្មើសធនធានធម្មជាតិ៕