(កំពង់ចាម)៖ ប្រធានសាខាកាកបាទក្រហមខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០២៤ នេះ បានដឹកនាំក្រុមការងារ អញ្ជើញចុះជួបសួរសុខទុក្ខ និងនាំយកអំណោយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋរងផលប៉ះពាល់ ដោយស្រុតច្រាំងព្រែក ត្រូវរុះរើផ្ទះ ២៤ គ្រួសារ រស់នៅ ៣ភូមិ (អន្លង់គគីរ ព្រែកកុយ និង មេសរ ) ព្រមទាំងប្រគេនអំណោយដល់ចៅអធិការវត្តដំបងដែក ផងដែរ ក្នុងឃុំព្រែកកុយ ស្រុកកងមាស ។

នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម លោក ទូច ឆៃ បានឲ្យដឹងថា ករណីស្រុតច្រាំង បានកើឡើង ២ឃុំ គឺ ឃុំសូរគង ស្រុតច្រាំង ប្រវែង ២,០០០ម៉ែត្រ ប៉ះពាល់ផ្ទះប្រជាពលរដ្ឋ៣ភូមិ និងនៅឃុំព្រែកកុយ ស្រុតច្រាំងបាក់ប្រវែង ៨៣០ ម៉ែត្រ ប៉ះពាល់ផ្ទះប្រជាពលរដ្ឋ ៣ភូមិ ចំនួន ៣៣ខ្នង ក្នុងនេះ អនុសាខា បានចុះឆ្លើយតបរួចហើយ ចំនួន ៩គ្រួសារ ។ចំណែក ប្រជាពលរដ្ឋ ២៤គ្រួសារ បានរុះរើរួច២គ្រួសារ នៅសល់ ២២គ្រួសារ ត្រៀមរុះរើតាំងលំនៅលើទីតាំងថ្មី ដែលធានាសុវត្ថិភាព ។

ក្នុងឱកាសសំណេះសំណាលនោះ លោក អ៊ុន ចាន់ដា បានចូលរួមសម្តែងការសោកស្តាយ និងបានពាំនាំនូវប្រសាសន៍ ផ្ដាំផ្ញើសួរសុខទុក្ខដោយក្តីអាណិតអាសូរ ពីសំណាក់ លោកសន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខា ពិសេសពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ដោយមិនប្រកាន់វណ្ណៈ ជំនឿសាសនា ឬនិន្នាការនយោបាយអ្វីឡើយ ហើយ សម្តេច តែងបានចាត់តំណាង ចុះអន្តរាគមន៍ ផ្តល់ជំនួយសង្រ្គោះ ជួយសម្រាលទុក្ខលំបាក ទាន់ពេលវេលា  តាមទិសស្លោក “ ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា " ។

លោក អ៊ុន ចាន់ដា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ទាំងអស់ឲ្យបង្កើនការប្រុងប្រយ័ត្នគ្រប់ពេលវេលា ចំពោះមហន្តរាយធម្មជាតិ មិនថាពេលមានភ្លៀង មានរន្ទះ ខ្យល់កន្ត្រាក់ ឬបាក់ច្រាំងក៏ដោយ ត្រូវពិនិត្យ រកកន្លែងដែលធានាសុវត្ថិភាព បង្ការការពារខ្លួន ជៀសអោយផុតពីគ្រោះថ្នាក់ដល់រាងកាយ និងអាយុជីវិត។

ទន្ទឹមនឹងនេះ ក្នុងការរស់នៅ ត្រូវ អនុវត្តវិធានការអនាម័យស្អាត ៣យ៉ាង ដោយត្រូវយកចិត្តទុកដាក់ថែទាំសុខភាព អោយបានល្អ តាមទិសស្លោក " បើស្រឡាញ់ខ្លួន អោយស្ងួនចំណី " តាមរយ: ការកាត់បន្ថយអាហារដែលមានជាតិផ្អែម ប្រៃ ដោយប្រើខ្លាញ់តិច អំបិល ស្ករតិច ហើយហូបបន្លែ ផ្លែឈើស្រស់អោយបានច្រើន ជៀសអោយផុតពីជម្ងឺមិនឆ្លង ដែលកំពុងបង្កអន្តរាយដល់សុខភាព ។

សូមបញ្ជាក់ថា អំណោយមនុស្សធម៌ដែលបានផ្ដល់ជូន ពលរដ្ឋរងផលប៉ះពាល់ ទាំង ២៤គ្រួសារ ក្នុង១គ្រួសារ ទទួលបាន អង្ករ ២៥គក្រ មី ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ ឃីត ( មុង ភួយ សារុង ក្រមា ) ១សម្រាប់ និង ថវិកាចំនួន ១០០,០០០ រៀល ។

បន្ទាប់ពីនោះ លោក អ៊ុន ចាន់ដា និង ប្រតិភូអមដំណើរ បានបន្តអញ្ជើញចុះពិនិត្យស្ថានភាព សាលាឆាន់ ១ខ្នង ក្នុង វត្តដំបងដែក ហៅ វត្តគងជ័យ( ឃុំព្រែកកុយ )ដែលត្រូវអគ្គីភ័យបំផ្លាញទាំងស្រុង កាលពីយប់រំលងអធ្រាត ថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ហើយបានវេរទេយ្យទាន ប្រគេន ព្រះចៅអធិការវត្ត រួមមាន អង្ករ ១០០គក្រ, មី ៤កេស- ត្រីខ ៤យួរ- ទឹកសុទ្ធ ២កេស និង បច្ច័យចំនួន ៥លានរៀល ផងដែរ ៕