(ភ្នំពេញ)៖ អ្នកនាំពាក្យអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ បានសេចក្តីប្រកាសព័ត៌មានស្តីពីជនបរទេស ០៥នាក់ ត្រូវបានចោទប្រកាន់ពាក់ព័ន្ធនឹងគ្រឿងញៀនប្រមាណ ០៤គីឡូក្រាម និងបទសម្អាតប្រាក់។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤នេះ។ 

អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងថា កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ ២០២៤ វេលាម៉ោង០៤ និង០០នាទី សមត្ថកិច្ចនៃការិយាល័យប្រឆាំងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបង្ក្រាបករណីគ្រឿងញៀននៅចំណុចខារ៉ាអូខេ នៃផ្ទះគ្មានលេខ ផ្លូវលំ ភូមិបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ពេលប្រតិបត្តិការបង្ក្រាបបទល្មើសសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ០៥នាក់ និងដកហូតវត្ថុតាងពីជនសង្ស័យ ១៖ ឈ្មោះ WANG MING ភេទប្រុស កើតឆ្នាំ១៩៩៣ ជនជាតិចិន, ២៖ ឈ្មោះ LIU CHAO RAN ភេទប្រុស កើតឆ្នាំ១៩៩៤ ជនជាតិចិន, ៣៖ ឈ្មោះ ZENG XIANG ភេទប្រុស កើតឆ្នាំ១៩៩៨ ជនជាតិចិន ៤៖ ឈ្មោះ KOH CHAO WEI កើតឆ្នាំ១៩៩២ ជនជាតិម៉ាឡេស៊ី និង៥៖ ឈ្មោះ HU ZHI GAO ភេទប្រុស កើតឆ្នាំ១៩៩១ ជនជាតិចិន នូវសារធាតុញៀន ប្រភេទ MDMA ទម្ងន់ ៣.០១៨,៩៩ក្រាម ប្រភេទមេតំហ្វេតាមីន ទម្ងន់ ១៧៨,៣៦ក្រាម ប្រភេទកេតាមីន ទម្ងន់១.១៦៤,៥៤ក្រាម រុក្ខាជាតិក្រៀម (កញ្ជាក្រៀម) ទម្ងន់ ១៩,២៧ក្រាម ថ្នាំគ្រាប់ និងម្សៅ សារធាតុមិនច្បាស់ទម្ងន់ ៦៨,០០ក្រាម ព្រមទាំងភស្តុតាងមួយចំនួនដែលសង្ស័យជាប់ពាក់ព័ន្ធនឹងការសម្អាតប្រាក់។ បន្ទាប់ពីបញ្ចប់ប្រតិបត្តិការនេះសមត្ថកិច្ចបានកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យចំនួន០៥នាក់ខាងលើ មកកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។ ចំណែកឯបក្ខពួកដែលពាក់ព័ន្ធនឹងករណីគ្រឿងញៀនខាងលើសមត្ថកិច្ចបាននឹងកំពុងស្រាវជ្រាវបន្ត។

ក្រោយពីបានទទួល និងពិនិត្យលើសំណុំរឿងនេះ តំណាងអយ្យការបានសម្រេចចោទប្រកាន់លើជនសង្ស័យទាំង០៥នាក់ខាងលើ និងបក្ខពួកពីបទ រក្សាទុក ជួញដូរ សម្រួល ចាត់ចែងឱ្យប្រើប្រាស់ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងសម្អាតប្រាក់ ប្រព្រឹត្តនៅទីតាំងខារ៉ាអូខេ KTV ស្ថិតនៅក្នុងដីឡូតិ៍ ផ្ទះគ្មានលេខ ផ្លូវលំ ភូមិបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ជាបទល្មើសព្រហ្មទណ្ឌ និងត្រូវផ្តន្ទា ទោសតាមបញ្ញត្តិមាត្រា ៤០ មាត្រា ៤២ មាត្រា ៤៤ មាត្រា ៤៥ មាត្រា ៤៨ មាត្រា ៥០ មាត្រា ៥២ និងមាត្រា ៥៣ នៃ ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងមាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម៕