(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរា​ប និងអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍កម្ពុជា (AHF) ​នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៤នេះ បានសហការគ្នាប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ដើម្បីលើកកម្ពស់ការយល់ដឹង ការប្រយុទ្ធនឹងមេរោគអេដស៍/ជំងឺអេដស៍​ ក្រោមវត្តមានរបស់លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប និងលោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ នាយកប្រចាំតំបន់អាស៊ីអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ ព្រមទាំងលោក លោកស្រី មន្ទីរ អង្គភាព និងមានការចូលរួមពីតំណាង រាជរដ្ឋាភិបាល សង្គមស៊ីវិល និងអង្គការមិនមែនរដ្ឋាភិបាលជាច្រេីនរូប។

ព្រឹត្តិការណ៍នេះ ក៏មានគោលបំណងលើកកម្ពស់ការយល់ដឹង លើកកម្ពស់ការបង្ការ ការឆ្លងមេរោគអេដស៍ ការធ្វើតេស្តរកមេរោគអេដស៍ ការព្យាបាល និងគាំទ្រដល់អ្នកដែលរងផលប៉ះពាល់ដោយ សារមេរោគអេដស៍/ជំងឺអេដស៍ នៅក្នុងប្រទេសកម្ពុជា និងទូទាំងពិភពលោកផងដែរ។

ក្នុងឱកាសនោះ លោក នាក់ ណេរ៉ុន បានលើកឡើងថា យោងតាមអង្គការ​ UNAIDSបានឲ្យដឹងថា ប្រជាជន ប្រហែល​ ៤០លាននាក់នៅទូទាំងពិភពលោកកំពុងរស់នៅជាមួយមេរោគអេដស៍ ដែលជាងពាក់កណ្តាលនៃពួកគេ ជាស្ត្រី និងកុមារី។ ការឆ្លងថ្មីប្រមាណ ១.៣លាននាក់ជារៀងរាល់ឆ្នាំ ការមាក់ងាយ និងការរើសអើង បានបន្តរារាំងបុគ្គលពីការស្វែងរកការថែទាំចាំបាច់ ហើយប្រជាជនជាច្រើនកំពុងប្រឈមមុខនឹង ឧបសគ្គដ៏ច្រើន ក្នុងការទទួលបានការព្យាបាល។

លោកបន្តថា បញ្ហាប្រឈមទាំងនេះ ដោយសង្កត់ធ្ងន់លើតម្រូវការ ដើម្បីកំណត់ការឆ្លើយតបទៅនឹងមេរោគអេដស៍/ជំងឺអេដស៍ ដែលជាអាទិភាពលើរបៀបវារៈសុខភាពសាធារណៈថ្នាក់ជាតិ និងពិភពលោក។​ ជំងឺអេដស៍បច្ចុប្បន្ននេះកំពុងមានវត្តមាននៅជាមួយយើងរាល់ថ្ងៃ ដើម្បីទប់ស្កាត់ កាត់បន្ថយ ឬក៏លុបបំបាត់ឲ្យអស់នូវជំងឺនេះ គឺយើងមានតែចូលរួមទាំងអស់គ្នា។ ទិវានេះក៏យើងត្រូវឧទ្ទិសជូនទៅដល់អ្នកដែលខិតខំចូលរួមនៅក្នុងការទប់ស្កាត់ និងបំបាត់ ជំងឺអេដស៍នេះបានល្អប្រសើរ។

លោកបន្ថែមថា បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលដឹកនាំដោយសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានរៀបចំផែនការយុទ្ធសាស្ត្រ ដើម្បីដឹកនាំកម្ពុជាឆ្ពោះទៅកាន់ប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ដើម្បីឲ្យសម្រេចនូវគោលដៅយុទ្ធសាស្ត្រនេះបាន រាជរដ្ឋាភិបាលលោកបានដាក់ចេញនៅយុទ្ធសាស្ត្រជាច្រើន។

លោកបន្ថែមថា ការលុបបំបាត់ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ដើម្បីធ្វើយ៉ាងណាឲ្យយើងមានចំណូល ប្រសិនបើនៅមានសល់ជំងឺរបៀបនេះនៅក្នុងគ្រួសារយើង ហើយជំងឺនេះវាចេះតែឆ្លងបន្តទៀត ដែលធ្វើឲ្យគ្រួសារធ្លាក់ចុះនូវចំណូល ត្រូវចំណាយច្រើន ហើយរាជរដ្ឋាភិបាលក៏ត្រូវចំណាយទៅវិស័យសង្គមកិច្ច ដូចជា ជួយទៅដល់បណ្ដាប្រជាពលរដ្ឋដែលមានជំងឺនេះ នៅក្នុងប័ណ្ណសមធម៌ជួយព្យាបាល ចំណាយទៅលើមន្ទីរពេទ្យ មណ្ឌលសុខភាព និងស្ថាប័ននានាដើម្បីដោះស្រាយបញ្ហានេះមានច្រើនផងដែរ។

លោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ បានលើកឡើងដែរថា ការឆ្លើយតបនឹងមេរោគអេដស៍/ជំងឺអេដស៍នៅតំបន់អាស៊ី គឺស្ថិតក្នុងដំណាក់កាលដ៏សំខាន់មួយ ។ ទោះបីជាទទួលបានជោគជ័យពីមុនក៏ដោយ ការកើនឡើងនៃការឆ្លងមេរោគអេដស៍ថ្មីក្នុងចំណោមប្រជាជនគន្លឹះ មានន័យថាយើងមិនទាន់ពេញចិត្តនៅឡើយ។

លោកបានបន្តថា រដ្ឋាភិបាលត្រូវតែផ្តល់អាទិភាពដល់ ការបង្ការ ការព្យាបាល និងសេវាថែទាំមេរោគអេដស៍ ដោយធានា ថាពុំមាននរណាម្នាក់ត្រូវមើលរំលងឡើយ។ ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍នេះដើរតួជាវេទិកាដ៏សំខាន់មួយសម្រាប់អ្នកតស៊ូមតិចំពោះមេរោគអេដស៍/ ជំងឺអេដស៍។

លោកបញ្ជាក់ថា ពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍នេះ ក៏បានរំលឹកដល់អ្នកដែលបានបាត់បង់ជីវិតទាក់ទងនឹងជំងឺអេដស៍ និងអ្នកដែលបន្តការប្រយុទ្ធ ព្រមទាំងអំពាវនាវឲ្យរដ្ឋាភិបាលទូទាំងពិភពលោក ប្តេជ្ញាផ្តល់ធនធានចាំបាច់ និងការគាំទ្រផ្នែកនយោបាយ ដើម្បីបញ្ចប់មេរោគអេដស៍/ជមជំងឺអេដស៍។

សូមបញ្ជាក់ថា អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) គឺជាអង្គការមិនរកប្រាក់កម្រៃជាសាកលដែលផ្តល់សេវាមិនគិតពីលទ្ធភាពនៃការបង់ប្រាក់ និងការតស៊ូមតិដល់មនុស្សជាង២លាននាក់ក្នុង ៤៨ប្រទេសទូទាំងពិភពលោកក្នុងទ្វីបអាហ្រ្វិក អាមេរិក តំបន់អាស៊ីប៉ាស៊ីហ្វិក និងអឺរ៉ុប។ បច្ចុប្បន្ន AHF គឺជាអ្នកផ្តល់សេវាថែទាំសុខភាពអេដស៍/ជំងឺអេដស៍ដ៏ធំបំផុត ដែលមិនស្វែងរកប្រាក់ចំណេញនៅក្នុងពិភពលោក៕