(សៀមរាប)៖ បន្ទាប់ពីបានទទួលវគ្គបណ្ដុះបណ្ដាលរយៈពេលព០២ថ្ងៃ ដល់សិក្ខាកាមចំនួន ៧០នាក់ ស្ដីពីវិជ្ជាសង្គ្រោះបឋម កាកបាទបាទក្រហមកម្ពុជា សហការជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដោយមានការឧត្ថម្ភគាំទ្រពីវិស័យឯកជន បានដឹកនាំសិក្ខាកម្មទាំងអស់ ចូលរួមជួយសង្គ្រោះបឋមដល់កីឡាករ កីឡាការនី ក្នុងព្រឹត្តិការណ៍ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុង លើកទី២៩ នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៤ នៅអង្គរវត្ត ដែលមានអ្នកចូលរួមប្រមាណជា ២ម៉ឺននាក់។
ក្នុងព្រឹត្តិការណ៍នេះដែរ ក្រុមអ្នកសង្គ្រោះបឋមបានជួយសង្គ្រោះបឋមដោយផ្ទាល់ដល់កីឡាករ កីឡាការនី មានបញ្ហាកំឡុងពេលរត់ប្រណាំងនេះ។ ហើយយើងក៏បានធ្វើបទបង្ហាញដល់កីឡាករ កីឡាការនី និងសាធារណៈជន អំពីអត្ថប្រយោជន៍ គុណតម្លៃ និងសារសំខាន់នៃវិជ្ជាសង្គ្រោះបឋម ទាំងក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ឬក្នុងព្រឹត្តិការណ៍ធំៗដូចនាពេលនោះផងដែរ។
ក្នុងនោះដែរ ដើម្បីជួយសង្គ្រោះបឋមដល់កីឡាករ កីឡាការនី បានទាន់ពេលវេលា និងបានបែងចែកអ្នកសង្គ្រោះបឋមជាក្រុមៗ មានក្រុមនៅតាមស្ដង់សង្គ្រោះបឋម ដែលរៀបចំជាស្រេចនៅតាមទីតាំងដែលបានកំណត់ និងមានក្រុមចល័តដោយជិះកង់ ជាមួយម៉ាស៊ីន AED ទៅជាមួយផងដែរ។
ជាលទ្ធផលដូចការគិតទុក គឺមានកីឡាករ កីឡាការនី ជាច្រើននាក់ ដែលមានបញ្ហាត្រូវការឱ្យយើងសង្គ្រោះបឋមឱ្យបានទាន់ពេលវេលា ពិសេស គឺរមួលសាច់ដុំជើង និងបញ្ហាសន្លាក់ជាដើម។
ជាមួយគ្នានេះ ដើម្បីបង្ហាញពីកម្លាំងចូលរួមដ៏សកម្មក្នុងការងារសង្គម យុវជនកាកបាទក្រហមកម្ពុជា ចំនួន២០នាក់ បានស័គ្រចិត្តជួយសម្រួលក្នុងការចែកទឹក និងភេសជ្ជដល់កីឡាករ កីឡាការនី ក្នុងព្រឹត្តិការជាប្រវត្តិសាស្ត្រនេះផងដែរ៕