(ភ្នំពេញ)៖ នាល្ងាចថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៤នេះ ក្រសួងមុខងារសាធារណៈ បានបង្ហាញលទ្ធផលប្រឡងជាប់ជាស្ថាពរ នៃការប្រឡងប្រជែងជ្រើសរើស មន្ដ្រីកសិកម្មឃុំ និងមន្ដ្រីអគ្គនាយកដ្ឋានរតនាគារជាតិ។

លទ្ធផលបានបង្ហាញថា ការប្រឡងមានបេក្ខជនចំនួន៩៨៦នាក់បានប្រឡងជាប់ជា មន្ដ្រីកសិកម្មឃុំ និងបេក្ខជនចំនួន៤៣នាក់បានប្រឡងជាប់ជាមន្ដ្រីអគ្គនាយកដ្ឋានរតនាគារជាតិ។

សូមជម្រាបថា ក្រសួងមុខងារសាធារណៈ បានរៀបចំការប្រឡងប្រជែងជ្រើសរើស មន្ដ្រីកសិកម្មឃុំចំនួន១០០០នាក់ មានបេក្ខជនមានឈ្មោះ ប្រឡងចំនួន៥៦៣៧នាក់។ ការប្រឡងប្រជែងជ្រើសរើសមន្ដ្រីអគ្គនាយកដ្ឋានរតនាគារជាតិ ចំនួន១០០នាក់ មានបេក្ខជនមានឈ្មោះប្រឡងចំនួន១០៩នាក់។ ការប្រឡងបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៣ ខែវិច្ឆិការ ឆ្នាំ២០២៤ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

ក្នុងដំណើការប្រឡង និងដំណាក់កាលកំណែ ក្រោយការប្រឡង គឺមានការចូលរួមសង្កេតការណ៍ជាប្រចាំពី អង្គភាពប្រឆាំងអំពើពុករលួយចំនួន១៨០រូប, សហភាពសហព័ន្ធយុវជនកម្ពុជា, តំណាងសាកលវិទ្យាល័យចំនួន១០ស្ថាប័ន, តំណាងមហាជន១០នាក់មួយមណ្ឌល អ្នកសារព័ត៌មានចំនួន១០ស្ថាប័ន និងយន្តការផ្ទៃក្នុងរបស់គណៈកម្មការប្រឡង គឺអនុគណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃ។

សូមបញ្ជាក់ថា ការប្រឡងប្រជែងជ្រើសរើសមន្ដ្រីទាំងនេះ បន្ដឈរលើ គោលការណ៍ គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព៕