(កំពង់ធំ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបារាយណ៍ បានសំណេះសំណាល និងអបអរសាទរសិស្សានុសិស្សជ័យលាភីនៅស្រុកបារាយណ៍ ខេត្តកំពង់ធំ ដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាសម័យប្រឡងថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤។
លោកបានលើកទឹកចិត្តសិស្សានុសិស្សជ័យលាភីនៅស្រុកបារាយណ៍ ដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនេះ ពេលឈានដល់កម្រិតឧត្តមសិក្សា និងប្រឡូកក្នុងសង្គម ត្រូវខិតខំបង្កើនថាមភាពឱ្យសក្តិសមជាអ្នកបន្តវេនជំនាន់ថ្មី។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ការជោគជ័យរបស់សិស្សៗទាំងអស់នាពេលនេះ គឺមួយផ្នែកកើតចេញពីសមត្ថភាពរបស់សិស្សៗផ្ទាល់ (អ្នកចេះ ទើបជាប់) មួយផ្នែក គឺការបង្ហាត់បង្រៀន និងណែនាំពីលោកគ្រូអ្នកគ្រូលោកនាយក គណៈគ្រប់គ្រងសាលា ដែលខិតខំយកអស់កម្លាំងកាយកម្លាំងចិត្ត ប្រាជ្ញាស្មារតីក្នុងការអប់រំណែនាំដល់សិស្សានុសិស្សទាំងអស់គ្នា តួយ៉ាងកត្តាមនុស្ស ធនធានមនុស្ស ពិសេសមូលធនមនុស្ស គឺជាកត្តាកំណត់ដើម្បីអាចសម្រេចបាននូវចក្ខុវិស័យនេះដូច្នេះ គឺទាមទារឱ្យមានការចូលរួមពីសំណាក់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងនោះតួអង្គដែលមិនអាចខ្វះបាន គឺលោកគ្រូ អ្នកគ្រូ ដែលជាអ្នកផ្តល់ចំណេះដឹង និងចែករំលែកបទពិសោធ ជាពិសេសការរួមចំណែកពីសិស្សានុសិស្សដែលមានវត្តមាននៅពេលនេះផងដែរ ដែលជាទំពាំងស្នងឫស្សី និងធនធានបន្តវេនប្រកបដោយថាមភាព និងសក្តិសមជាអ្នកបន្តវេនជំនាន់ថ្មី និងជាគ្រាប់ពេជ្ររបស់កម្ពុជានាពេលខាងមុខ៕