(ភ្នំពេញ)៖ នៅវេលាម៉ោង៨ព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ចាកចេញពីរាជធានីភ្នំពេញហើយ ដើម្បីបំពេញទស្សនកិច្ចមិត្តភាពផ្លូវការ នៅសាធារណរដ្ឋប្រជាមានិតចិន រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃ ទី០២ ដល់ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤។

ការបំពេញទស្សនកិច្ចមិត្តភាពផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន តបតាមការអញ្ជើញរបស់គណបក្សកុម្មុយនីស្តចិន។

សមាសភាពគណៈប្រតិភូអមដំណើរសម្តេចតេជោ ហ៊ុន សែន ក្នុងទស្សនកិច្ចរួមមាន សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា, លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានគណៈទាក់ទងការបរទេសនៃគណបក្សប្រជាជនកម្ពុជា, លោកបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ នៃ ព្រឹទ្ធសភា ព្រមទាំងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីនៃក្រសួង/ស្ថាប័ន និងថ្នាក់ដឹកនាំសំខាន់ៗរបស់ស្ថាប័ននីតិប្បញ្ញត្តិ និងរាជរដ្ឋាភិបាល។

នៅក្នុងឱកាសទស្សនកិច្ចនេះ សម្តេចតេជោ ហ៊ុន សែន នឹងមានជំនួបទ្វេភាគីជាមួយ លោក ស៊ី ជីនពីង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ព្រមទាំងមានជំនួបពិភាក្សាការងារដាច់ដោយឡែក ជាមួយលោក វ៉ាង ហ៊ូនឹង ប្រធានគណៈកម្មាធិការជាតិ នៃសភាប្រឹក្សានយោបាយនៃប្រជាជនចិន និង លោក ចាវ ឡីជី ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន។

ស្របពេលដែលកម្ពុជា-ចិន បិទបញ្ចប់ឆ្នាំផ្លាស់ប្តូរប្រជាជន និងប្រជាជន ទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ជាលើកទី១ ក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅសាធារណរដ្ឋប្រជាមានិតចិន នឹងផ្តល់សន្ទុះថ្មីក្នុងការពង្រឹងមិត្តភាពដែកថែប លើកកម្ពស់កិច្ចសហប្រតិបត្តិការនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ សំដៅធ្វើឱ្យ កាន់តែស៊ីជម្រៅកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងជំរុញការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មីប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់៕