(ភ្នំពេញ)៖ គណៈប្រតិភូព្រះសង្ឃខ្មែរក្រោម ៦ព្រះអង្គ បាននិមន្តចាកចេញពីព្រះរាជាណាចក្រកម្ពុជា ដល់ខេត្តត្រាវិញ នៃសាធារណរដ្ឋប្រជាមានិតវៀតណាមវិញហើយ នៅល្ងាចថ្ងៃទី១ ខែធ្នូឆ្នាំ២០២៤ ក្រោយបញ្ចប់ទស្សនកិច្ចរយៈពេល១សប្តាហ៍។

គណៈប្រតិភូព្រះសង្ឃខ្មែរក្រោម បាននិមន្តបំពេញទស្សនកិច្ចនៅក្នុងព្រះជាណាចក្រកម្ពុជារយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា ដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤។

ក្នុងដំណើរទស្សនៈកិច្ចនេះ ព្រះអង្គបានចូលក្រាបបង្គំគាល់សម្តេចព្រះមហាសង្ឃរាជទាំង២គណៈ សម្តេចសង្ឃនាយស្តីទី នៃគណៈមហានិកាយ និងបានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ ដើម្បីថ្លែងអំណរព្រះគុណ និងអរគុណដោយផ្ទាល់ដល់សម្តេចព្រះមន្ត្រីសង្ឃ និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មហាពុទ្ធបរិស័ទគ្រប់ទិសទី ដែលមានសទ្ធាជ្រះថ្លា លះបង់អស់កម្លាំងកាយ កម្លាំងចិត្ត និងកម្លាំងទ្រព្យ រៀបចំអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរទៅកាន់វត្ត ស្វាយសៀមថ្មី ខេត្តត្រាវិញ កាលពីថ្ងៃទី ៣,៤,៥ ខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅ។

ទន្ទឹមនឹងនេះ គណៈប្រតិភូក៏បានធ្វើការសិក្សាស្វែងយល់បន្ថែមទៀតពីការបដិបតិបត្តិធម៌វិន័យ និងការអភិរក្សមរតក៌ប្រពៃណី ទំនៀមទំលាប់ របស់ខ្មែរនៅក្នុងដំណាក់កាលនៃសន្តិភាពនេះ។

ព្រះអង្គបានមានថេរដីការថា ព្រះមន្ត្រីសង្ឃ ប្រជាពុទ្ធបរិស័ទ ព្រមទាំងប្រជាពលរដ្ឋខេត្តត្រាវិញ បានចាត់ទុកអង្គកឋិនទានកន្លងមក ជាប្រវត្តិសាស្ត្រ ដែលប្រព្រឹត្តទៅដើម្បីភាតរភាព មិត្តភាព និងសាមគ្គីភាព ក្នុងចំណោមមហាពុទ្ធបរិស័ទក្រោមដំបូលនៃសុខសន្តិភាព។

ជាមួយគ្នានេះ គណៈប្រតិភូ បាននិមន្តបំពេញទស្សនកិច្ចនៅតាមប្រាង្គប្រាសាទបុរាណខ្មែរ នាទឹកដីខេត្តសៀមរាប រួមមាន ប្រាសាទអង្គរវត្ត, ប្រាសាទបាយ័ន, ប្រាសាទតាព្រហ្ម, ប្រាសាទបន្ទាយស្រី និងភ្នំបាខែងផងដែរ៕