(ឧត្ដរមានជ័យ)៖ ថ្ងៃទី៣ ​នៃការបោះជំរំយុវជនកាកបាទក្រហមថ្នាក់ជាតិ និងអន្ដរជាតិ ឆ្នាំ២០២៤ ដែលត្រូវនឹងថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ យុវជនកាកបាទក្រហមកម្ពុជាប្រមាណ៣០០នាក់ ដែលមានការចូលរួមយុវជនមកពីសមាគមជាតិអាស៊ីអាគ្នេយ៍ មកពីអឌ្ឍចន្ទក្រហម ម៉ាឡេស៊ី, កាកបាទក្រហម មីយ៉ាន់ម៉ា និងកាកបាទក្រហម វៀតណាម ជាពិសេសមានការអញ្ជើញចូលរួមពី លោកស្រី ខាទ្រីន ក្លាសុន ប្រធានប្រតិភូសហព័ន្ធអន្តរជាតិ ប្រចាំកម្រងប្រទេសកម្ពុជា-ឡាវ-ថៃ-វៀតណាមផងដែរ បានចុះទៅតាមសហគមន៍នានា ក្នុងស្រុកចំនួន ៣ គឺស្រុកចុងកាល់, ស្រុកអន្លង់វែង និងស្រុកបន្ទាយអំពិល លើទឹកដីខេត្ដឧត្ដរមានជ័យ។

ក្នុងនោះយុវជនខាងលើបានចែកចេញជា៣ក្រុម មានក្រុមចុងកាល់, ក្រុមអន្លង់វែង និងក្រុមបន្ទាយអំពិល ដែលក្នុងមួយក្រុមមានសមាជិកជាង ៨០នាក់ ដើម្បីសិក្សាស្វែងយល់ពីការរស់នៅរបស់ប្រជាជននៅតាមសហគមន៍នីមួយៗ និងទៅកាន់តំបន់ប្រវត្ដិសាស្ដ្រជាច្រើនទៀត ក្នុងទឹកដីខេត្ដឧត្ដរមានជ័យ ដែលមានលោក មាន ចាន់យ៉ាដា ជាអភិបាលនៃគណៈអភិបាលខេត្ដ។

ជាក់ស្ដែងសម្រាប់យុវជនកាកបាទក្រហមកម្ពុជាប្រមាណជាង ៨០នាក់ ក្នុងក្រុមបន្ទាយអំពិល បានចុះទៅកាន់សហគមន៍ក្នុងភូមិរង្សី, ភូមិតាម៉ា, ភូមិយាយទេព និងភូមិទំនប់ថ្មី នៅក្នុងឃុំបេង ស្រុកបន្ទាយអំពិល ខេត្ដឧត្ដរមានជ័យ ដើម្បីសិក្សាពីការរស់នៅ ពិសេសការប្រកបមុខរបរចិញ្ចឹមជីវភាពប្រចាំថ្ងៃ។

ក្នុងឱកាសនោះយុវជនប្រមាណជាង ៨០នាក់ ក្នុងក្រុមបន្ទាយអំពិល បានសិក្សាពីខ្សែសង្វាក់ផលិតកម្ម និងការត្បាញក្រមា និងកន្ទេល រួមទាំងបានអនុវត្ដដោយផ្ទាល់ពីការត្បាញក្រមា និងកន្ទេលនេះផងដែរ។តាមការដឹងរបស់ប្រជាពលរដ្ឋរស់នៅក្នុងភូមិបេង ស្រុកបន្ទាយអំពិល បានឱ្យដឹងថាប្រជាពលរដ្ឋនៅទីនេះជាង ៩៤% ប្រកបមុខរបបកសិកម្ម មានធ្វើស្រែចំការ និងត្បាញក្រមា និងកន្ទេលជាដើម ដើម្បីចិញ្ចឹមជីវិតប្រចាំ ។

ដើម្បីជ្រាបកាន់តែច្បាស់សូមអញ្ជើញតាមដានទស្សនាកិច្ចសម្ភាស និងសកម្មភាពចុះទៅសហគមន៍របស់យុវជនដូចតទៅ៖