(កំពង់ស្ពឺ)៖ ដើម្បីអបអរសាទរ ថ្ងៃខួបកំណើតរបស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្ដម ហ៊ុន ម៉ានី គម្រប់ខួប ១២ឆ្នាំ ឈានចូល ១៣ឆ្នាំ ដើម្បីសុខមាលភាព និងស្នាមញញឹម (២ ធ្នូ ២០១២ - ២ ធ្នូ ២០២៤) និងចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សុខុមាលភាពប្រជាជនដែលនាំឱ្យមានកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋកម្ពុជា ស្របទៅតាមគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាការចូលរួមអបអរសាទរខួបលើកទី៤៦ នៃថ្ងៃកំណើតសហភាពសហព័ន្ធយុវជនកម្ពុជា (២ ធ្នូ ១៩៧៨-២ ធ្នូ ២០២៤) នៅព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ លោកបណ្ឌិត កែរ រដ្ឋា រដ្ឋលេខាធិការក្រសួងសុខាភិបាល ជាសមាជិកគណៈកម្មាធិការកណ្ដាល សហភាពសហព័ន្ធយុវជនកម្ពុជា ជាអនុប្រធានប្រតិបត្តិ ទទួលបន្ទុកជនបង្គោលផ្សព្វផ្សាយសាធារណៈ របស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្ដម ហ៊ុន ម៉ានី ២៨ សាខារាជធានី ខេត្ត និងសាកលវិទ្យាល័យ និងជាប្រធានក្រុមការងារ ចុះមូលដ្ឋានឃុំហោងសំណំ បានរៀបចំក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្ដម ហ៊ុន ម៉ានី មួយក្រុមចំនួន ៥៦នាក់ ស្រី ២៥នាក់ ចុះអប់រំផ្សព្វផ្សាយ បណ្តុះបណ្តាលវគ្គសង្គ្រោះបឋម ព្រមទាំងពិនិត្យ ព្យាបាលជំងឺ និងចែកថ្នាំពេទ្យជូនប្រជាពលរដ្ឋ ផ្តល់ឧបករណ៍បំពងសំឡេង ដោយឥតគិតថ្លៃ ដែលជាអំណោយដ៏ថ្លៃថ្លា របស់លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី នៅបរិវេណសាលាបឋមសិក្សាតាំងរបង ឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាពលោក លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ ជាសមាជិកគណ:អចិន្ត្រៃយ៍គណ:កម្មាធិការកណ្ដាល សហភាពសហព័ន្ធយុវជនកម្ពុជា ជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី និងជាអនុប្រធានទី១ ក្រុមការងារចុះមូលដ្ឋានស្រុកឱរ៉ាល់ ទទួលបន្ទុក ៤ឃុំ។
កម្មវិធីនេះមានការចូលរួមពី៖ លោកស្រី ហង់ លីណា លោកស្រី ជំ ស៊ីណា លោក សេក សម្ភាស លោកវេជ្ជបណ្ឌិត តូច យ៉ាន លោកបណ្ឌិតសាយ ឫទ្ធី លោកវេជ្ជបណ្ឌិត ចៅ ពន្លឺ លោកវេជ្ជបណ្ឌិត សាន់ សុធាវុធ ជាអនុប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្ដម ហ៊ុន ម៉ានី និងមានការសហការជាមួយមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ សហភាពសហព័ន្ធយុវជនកម្ពុជាស្រុក ឃុំ សកម្មជនក្រុមការងារយុវជនរាជធានីភ្នំពេញ ក្រុមការងារចុះមូលដ្ឋាន ឃុំ ស្រុក ខេត្ត និងអាជ្ញាធរដែលពាក់ព័ន្ធ។
លោកបណ្ឌិត កែរ រដ្ឋា បានជម្រាបជូនថា កម្មវិធីនេះមាន ការអប់រំផ្សព្វផ្សាយពីជំងឺឆ្លង ជំងឺមិនឆ្លង រស់នៅប្រកបដោយអនាម័យ ហូបទឹកឆ្អិន អាហារឆ្អិន តិចអំបិល តិចស្ករ តិចខ្លាញ់ ពិនិត្យ ព្យាបាលជំងឺទូទៅ វះកាត់តូច ពិនិត្យត្រចៀក ផ្តល់ឧបករណ៍បំពងសំឡេង និងចែកថ្នាំពេទ្យជូនប្រជាពលរដ្ឋ ផ្តល់សេវាដោយឥតគិតថ្លៃ បានចំនួន ១១២៥នាក់ ស្រី ៦៩៥នាក់ រីឯសិក្សានុសិស្សអនុវិទ្យាល័យតាំងរបង ៥០នាក់ ទទួលបានការបណ្ដុះបណ្ដាលវគ្គសង្គ្រោះបឋម និងម្នាក់ៗទទួលបានសៀវភៅសរសេរ ១៦០ទំព័រ ២ក្បាល និងប៊ិច ១ដេីមផងដែរ ។
លោក លេង ផាលី បានថ្លែងថា ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តមហ៊ុន ម៉ានី បានចុះពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋ គឺជាស្មារតីមនុស្សធម៌សុទ្ធសាធ ដែលស្តែងចេញពីសេចក្តីស្រឡាញ់បងប្អូនប្រជាពលរដ្ឋ ក្នុងនាមជាឈាមជ័រខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយអនាគតតែមួយ ពោលគឺការព្យាបាលមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយណាមួយឡើយ សំដៅចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ និងបង្កើនភាពសុខដុមរមនាក្នុងសហគមន៍ តាមរយៈការផ្ដល់សេវាសុខភាពសាធារណៈដោយឥតគិតថ្លៃ។
ទន្ទឹមនឹងនេះ លោក លេង ផាលី បាននាំពាក្យផ្តាំផ្ញើសួរសុខទុក្ខពី លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ជូនចំពោះក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ថ្នាក់ដឹកនាំ ក្រុមការងារ និងបងប្អូនប្រជាពលរដ្ឋដែលបានចូលរួមក្នុងពិធីនេះ។
ជាទីបញ្ចប់នៃកម្មវិធី ក្រុមការងារទាំងអស់បានពិសារអាហារសាមគ្គី ក្នុងបរិយាកាសស្និទ្ធស្នាល និងសប្បាយរីករាយបំផុត៕