(ភ្នំពេញ)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សារណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា នៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីក្នុងពិធីខួបអនុស្សាវរីយ៍លើកទី៤៦ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា (២ ធ្នូ ១៩៧៨- ២ ធ្នូ ២០២៤) ដែលបានរៀបចំឡើងនាសាលសន្និសីទចតុម្មុខ រាជធានីភ្នំពេញ។ ក្នុងពិធីនេះ មានការអញ្ជើញចូលរួមចំនួន៧០០អង្គ/នាក់។

ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានលើកឡើងថា រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ត្រូវបានកើតឡើងដោយកម្លាំងមហាសាមគ្គីប្រជាជនទាំងមូល ទាំងក្នុង និងក្រៅប្រទេស ដែលមានសម្តេចអគ្គមហាពញាចក្រី ហេង សំរិន សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងវីរជនស្នេហាជាតិជាច្រើនរូបទៀត ក្នុងការរៀបចំកម្លាំងផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងទទួលបានជ័យជម្នះលើរបបនេះ នៅថ្ងៃទី៧ មករា ឆ្នាំ ១៩៧៩។

សម្ដេចបានបន្ដទៀតថា ថ្ងៃ២ ខែធ្នូ ឆ្នាំ១៩៧៨ ជាថ្ងៃដែល «រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា» ត្រូវបានប្តូរឈ្មោះជា «រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា»  ត្រូវបានបង្កើតឡើងនៅភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ដោយមានការឧបត្ថម្ភគាំទ្រស្មារតី និងសម្ភារៈទៅវិញទៅមក រវាងបណ្តាប្រទេសជាមិត្ត និងត្រូវបានបន្តពង្រឹងសាមគ្គីភាព មិត្តភាព និងសហប្រតិបត្តិការកាន់តែជិតស្និទ្ធទ្វេរឡើងថែមទៀត។

សម្តេចកិត្តិសង្គហបណ្ឌិត អះអាងថា រយៈពេល៤៦ឆ្នាំកន្លងមកនេះ ប្រជាជនបានស្ថិតស្ថេររួមរស់ជាមួយគ្នាក្នុងជួររណសិរ្ស ពុះពារឆ្លងកាត់ ឧបសគ្គតូចធំទាំងឡាយយ៉ាងអង់អាចក្លាហានបំផុត ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាស្នូលដឹកនាំ និងជាអគ្គមគ្គទេសក៍ដ៏ឆ្នើមរបស់ប្រជាជនកម្ពុជា។

ស្មារតី២ធ្នូ ស្មារតី៧មករា ដែលបានចារឹកជាប់ក្នុងមនសិការរបស់ប្រជាជនយើង បានប្រែក្លាយទៅជាកម្លាំងយ៉ាងធំធេងក្នុងការបង្កើតឡើងនូវសមិទ្ធផលធំៗ នៃសង្គមជាតិ។ ឥឡូវនេះ ក្រោមពន្លឺនៃសន្តិភាព សេរីភាព មនសិការជាតិ និងក្នុងជំហរផ្សារភ្ជាប់នូវជោគវាសនារបស់ខ្លួនយើងទាំងអស់គ្នា យើងជឿជាក់ថា នឹងគ្មានការកើតឡើងជាថ្មីទៀត នូវសោកនាដកម្ម ដូចក្នុងអតីតកាលឡើយ។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអំពាវនាវដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកាដ៏សកម្មនៃរណសិរ្សគ្រប់ថ្នាក់ សូមលើកកម្ពស់ស្មារតីថែរក្សា សាមគ្គីភាព ឯកភាពផ្ទៃក្នុង ប្រកាន់ខ្ជាប់ប្រពៃណីស្នេហាជាតិ ផ្សាភ្ជាប់ជាមួយប្រជាជន ហើយខិតខំបញ្ចេញអស់កម្លាំងកាយចិត្ត ក្នុងការបម្រើប្រជាជន និងប្រទេសជាតិ។ ជាពិសេស អនុវត្តឲ្យបាននូវអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ខ្ពង់ខ្ពស់ ដែលបានផ្តល់អនុសាសន៍ដ៏ថ្លៃថ្លា នៅក្នុងអង្គមហាសន្និបាតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជាលើកទី៦ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅនេះ។

សូមរំលឹកថា រណសិរ្ស​សាមគ្គី​សង្គ្រោះជាតិកម្ពុជា ដែលបច្ចុប្បន្នត្រូវបានប្តូរឈ្មោះថា ក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍​មាតុ​ភូមិកម្ពុជា ជាថ្ងៃដែលខ្មែរអ្នកស្នេហាជាតិមួយក្រុម បានប្រមូលផ្តុំគ្នានៅស្រុកស្នួល ខេត្តក្រចេះ ដើម្បី​ដាក់ចេញនូវផែនការរំដោះជាតិ សិទ្ធិសេរីភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋកម្ពុជា ចេញពីរបបកម្ពុជា​ប្រជា​ធិបតេយ្យ បនប្រល័យពូជសាសន៍ ប៉ុល ពត ក្រោមការដឹកនាំរបស់សម្តេច ជា ស៊ីម សម្តេច ហេង សំរិន និងសម្តេច ហ៊ុន សែន ព្រមទាំងឥស្សរជនស្នេហាជាតិជាច្រើនរូបទៀត។

«រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា» បានចាត់តាំងឡើងដោយផ្អែកលើស្មារតីឯករាជ្យជាតិដ៏បរិសុទ្ធ របស់​ប្រជាជនកម្ពុជា សាមគ្គីគ្រប់ជនជាតិទូទាំងប្រទេស ប្រមែប្រមូលរាល់កម្លាំងសង្គម ដោយមិន​ប្រកាន់ និន្នា​ការ​នយោបាយជំនឿ សាសនា វណ្ណភាព កម្មករ កិសិករ បញ្ញាវ័ន្ដ ព្រះសង្ឃ ជនជាតិ រួមទាំងប្រជាពលរដ្ឋ ខ្មែរទាំងឡាយ ដែលរស់នៅក្រៅប្រទេសផងដែរ ។

ថ្ងៃ២ ខែធ្នូ ឆ្នាំ១៩៧៨ ជាថ្ងៃដែល «រណសិរ្សសាមគ្គី សង្គ្រោះជាតិកម្ពុជា» ត្រូវបានបង្កើតឡើងនៅភូមិ​ជើង​ឃ្លូ ឃុំ២ធ្នូ ស្រួលស្នួល ខេត្តក្រចេះ ដោយមានការឧបត្ថម្ភគាំទ្រស្មារតី និងសម្ភារៈទៅវិញទៅមក រវាង​បណ្តាប្រទេសជាមិត្ត និង «រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា» ត្រូវបានបន្តពង្រឹងសាមគ្គីភាព មិត្តភាព និងសហប្រតិបត្តិការកាន់តែជិតស្និទ្ធទ្វេរឡើងថែមទៀត។

ក្រោយថ្ងៃរំដោះ ៧មករា ១៩៧៩ មហាសន្និបាត «រណសិរ្សសាមគ្គី សង្គ្រោះជាតិកម្ពុជា» បានប្តូរ​ឈោ្មះទៅជា «រណសិរ្សកសាង ការពារមាតុភូមិកម្ពុជា»។ នៅថ្ងៃទី២៦-២៧ ខែមេសា ឆ្នាំ២០០៦ មហា​សន្និ​បាតរណសិរ្សលើកទី៥ បានប្ដូរឈ្មោះទៅជា «រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា» រហូតមកដល់សព្វថ្ងៃនេះ៕