(ភ្នំពេញ)៖ លោក ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងដាស់តឿនថា ផលិតករភាពយន្តទាំងអស់ គួរប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ សីលធម៌ និងសេចក្តីថ្លៃថ្នូរ ដើម្បីផ្តល់ជាគំរូល្អដល់សង្គម។

លោក ហាប់ ទូច ថ្លែងបែបនេះ ក្នុងឱកាសតំណាងលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងពិធីបិទ មហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា លើកទី៤ ឆ្នាំ២០២៤ នៅសាលសន្និសីទចតុម្មុខ នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ ២០២៤ បើតាមមន្ត្រីជាន់ខ្ពស់ក្រសួងវប្បធម៌ រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅតែបន្តចាត់ទុក ការអភិវឌ្ឍមូលធនមនុស្ស គឺជាអាទិភាពគន្លឹះ នៃយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ដែលជាកត្តាចាំបាច់បំផុតសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។ ក្នុងនោះ ការពង្រឹងធនធានមនុស្សលើវិស័យភាពយន្ត ក៏ត្រូវបានចាត់ទុកជាអាទិភាពមួយរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ស្របតាមគោលនយោបាយជាតិស្តីពីវិស័យវប្បធម៌ សំដៅជំរុញកម្ពុជា ឱ្យក្លាយជាដែនដីស្វាគមន៍នៃការថតភាពយន្តជាតិ និងបរទេស ដើម្បីទាញយកអត្ថប្រយោជន៍ពីវិស័យនេះ ក្នុងការរួមចំណែកអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ។

លោកបានបន្តថា ទន្ទឹមនេះ ដើម្បីគាំទ្រដល់ការរីកលូតលាស់នៃវិស័យភាពយន្តនៅកម្ពុជា រាជរដ្ឋាភិបាល បានដាក់ឲ្យអនុវត្តនូវបទដ្ឋានគតិយុត្តិនានា ក្នុងគោលដៅជំរុញ លើកទឹកចិត្ត និងសម្របសម្រួលដល់ការបង្កើតស្នាដៃភាពយន្តថ្មីៗ តាមរយៈការអនុគ្រោះព្យួរទុកកាតព្ធកិច្ចពន្ធដារមួយចំនួន និងបានដាក់ចេញនូវគោលការណ៍ដើម្បីសម្រួលដំណើរការនៃការថត និងផលិតខ្សែភាពយន្ត។

បើតាមលោក ហាប់ ទូច ក្រោមម្លប់នៃសន្តិភាព និងការបោះជំហានទៅមុខជាប់ជាមិនដាច់លើគ្រប់វិស័យរបស់រាជរដ្ឋាភិបាល យើងក៏មានមោទនភាព និងសុទិដ្ឋិនិយម ចំពោះការវិវត្តរីកចម្រើននៃវិស័យភាពយន្តនៅកម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ តាមរយៈកំណើននៃសមត្ថភាព គុណភាព និងការប្រកួតប្រជែង។ ជាមួយគ្នានេះ ការចូលរួមរបស់យុវជន កាន់តែមានលក្ខណៈផុលផុស ទាំងការនិពន្ធ និងការផលិតចេញនូវស្នាដៃថ្មីៗ ជាមួយភាពរស់រវើក និងភាពទាក់ទាញ។ តាមរយៈស្នាដៃភាពយន្ត និងទេពកោសល្យច្នៃប្រតិដ្ឋរបស់ខ្លួន ផលិតករ អ្នកនិពន្ធ និងសិល្បករ សិល្បការិនីខ្មែរ បានក្លាយជាស្ពាននាំកម្ពុជាទៅកាន់ពិភពលោក និងជាឯកអគ្គរាជទូត ផ្សព្វផ្សាយអំពីកម្ពុជា វប្បធម៌ អត្តសញ្ញាណ និងកិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ។

លោកបានបន្តថា «យើងដឹងហើយថា ភាពយន្ត គឺជាសិល្បៈសាកលមួយដ៏មានឥទ្ធិពល ដែលអាចឱ្យយើងស្វែងយល់បានយ៉ាងទូលំទូលាយអំពីសង្គម វប្បធម៌ ប្រពៃណី និងបរិស្ថានរស់នៅរបស់ប្រជាជាតិនានា នៅគ្រប់សម័យកាល និងគ្រប់ទីកន្លែង។ ក្នុងន័យនេះ ស្នាដៃភាពយន្ត មិនត្រឹមតែល្អមើលប៉ុណ្ណោះទេ ប៉ុន្តែត្រូវបានបង្កប់នូវគំនិតទស្សនៈល្អៗ ដែលមានគុណប្រយោជន៍ដល់ការលើកតម្លៃការអប់រំ សីលធម៌ និងសេចក្តីថ្លៃថ្នូរ ក្នុងការរួមចំណែកអភិវឌ្ឍសង្គមជាតិ»។

«ដូច្នេះហើយ សូមប្អូនៗផលិតករភាពយន្តទាំងអស់ គួរប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ សីលធម៌ និងសេចក្តីថ្លៃថ្នូរ ដើម្បីផ្តល់ជាគំរូល្អដល់សង្គម ព្រមទាំងខិតខំពង្រឹងសមត្ថភាពក្នុងអាជីព បង្កើនការយល់ដឹងអំពីក្បួនខ្នាត វប្បធម៌ និងប្រពៃណីនិងទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ជាតិ ដើម្បីបង្កើតស្នាដៃមួយបង្កប់នូវគំនិតទស្សនៈល្អៗ ដែលនឹងចូលរួមដល់ការពង្រឹងនូវអត្តសញ្ញាណ និងកិត្យានុភាពជាតិ។ សូមប្អូនៗ ដែលជាផលិតករភាពយន្តទាំងអស់ចងចាំថា រឿងរ៉ាវដែលប្អូនៗបានបង្ហាញ សំឡេងដែលប្អូនៗបានបន្លឺឡើងតាមរយៈស្នាដៃភាពយន្ត គឺជាការបន្ថែមទំព័រថ្មីមួយទៅក្នុងសៀភៅប្រវត្តិសាស្រ្ត សម្រាប់វិស័យភាពយន្ត នាថ្ងៃអនាគត»។ លោក ហាប់ ទូច បានបន្ថែម។

មហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា លើកទី៤ ដែលរៀបចំដោយនាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ ត្រូវបានចាប់ផ្តើម ពីថ្ងៃទី២៥ ដល់ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤។

មហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជានាឆ្នាំនេះ បានប្រគល់ពានរង្វាន់ចំនួន ៤ ដូចខាងក្រោម៖

១៖ ជ័យលាភីលេខ១ ភាពយន្តខ្នាតខ្លី រឿង ទៅអត់ ?
២៖ ជ័យលាភីលេខ២ ភាពយន្តខ្លីរឿង នាគមាស
៣៖ ជ័យលាភីលេខ៣ ភាពយន្តខ្លីរឿង ផ្ការីកពេលរាត្រី
៤៖ ជ័យលាភីភាពយន្តឯកសារល្អ បានទៅ ភាពយន្តឯកសារខ្លី រឿង និយាយឡើងវិញ។

ក្នុងនោះពានរង្វាន់លើកទឹកចិត្តបានទៅភាពយន្តចំនួន៩ រួមមាន៖

១៖ ពានរង្វាន់ពិសេសរបស់មេប្រយោគ ភាពយន្តខ្លីរឿង កញ្ចក់កម្ម
២៖ ពានរង្វាន់ទស្សនិកជនគាំទ្រ ភាពយន្តខ្លីរឿង ចាំបន្តិចសិន
៣៖ ពានរង្វាន់អ្នកដឹកនាំវ័យក្មេង ភាពយន្តខ្លីរឿង តើវាជាអ្វី?
៤៖ ពានរង្វាន់អ្នកដឹកនាំរឿងល្អ ភាពយន្តខ្លីរឿង បាត់ខ្លួន
៥៖ ពានរង្វាន់មាតិការឿងល្អ ភាពយន្តខ្លីរឿង ទៅអត់?
៦៖ ពានរង្វាន់បច្ចេកទេសថតល្អ ភាពយន្តខ្លីរឿង ផ្ការីកពេលរាត្រី
៧៖ ពានរង្វាន់បច្ចេកទេសសំឡេងល្អ ភាពយន្តខ្លីរឿង នាគមាស
៨៖ ពានរង្វាន់ដំឡើងរូបភាពល្អ ភាពយន្តខ្លីរឿង សុបិនល្អ
៩៖ ពានរង្វាន់សិល្បៈតុបតែងល្អ ភាពយន្តខ្លីរឿង ក្រោយពេលភ្លៀង។

លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ បានឲ្យដឹងថា ក្នុងរយៈពេល០៦ថ្ងៃ នៃការរៀបចំមហោស្រព ក្រុមការងារលេខាធិការដ្ឋាន ក្រោមកិច្ចសហការជាមួយដៃគូពាក់ព័ន្ធ និងប្អូនៗក្រុមយុវជនស្ម័គ្រចិត្ត បានរៀបចំព្រឹត្តិការណ៍ជាច្រើន ដើម្បីរួមចំណែកញុំាងឲ្យបរិយាកាសនៃមហោស្រពភាពយន្តនាឆ្នាំនេះ កាន់តែមានសារសំខាន់ក្នុងការផ្តល់ចំណេះដឹង និងចែករំលែកបទពិសោធន៍ល្អៗជូនផលិតករភាពយន្តវ័យក្មេង ព្រមទាំងអ្នកស្រឡាញ់ចូលចិត្តវិស័យភាពយន្តទាំងអស់៕