(កំពង់ចាម)៖ លោក ហែម សុវត្ថិ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំកោះសូទិន បានផ្ដួចផ្ដើមឱ្យមានការរៀបចំសម្ដែងទស្សនីយភាព «ល្ខោនបាសាក់» ជូនប្រជាពលរដ្ឋបានទស្សនាកំសាន្ត កាលពីរាត្រីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្ថិតនៅទីតាំងភូមិកោះថ្មី សួនដើមគរមាត់ទន្លេ ដោយមានការចូលរួមទស្សនាយ៉ាងច្រើនកុះករ។

ផ្ទាំងទស្សនីយភាព «ល្ខោនបាសាក់»​ នេះ នឹងសម្តែងជូនទស្សនាកំសាន្តម្តងទៀតនារាត្រីឆ្លងឆ្នាំ២០២៤ ចូលឆ្នាំ២០២៥ នៅទីតាំងក្នុងវត្តត្នោត។ ប្រធានក្រុមការងារបានលើកឡើងថា ដើម្បីធ្វើឱ្យ «ល្ខោនបាសាក់» ដែលបានចាប់កំណើតនៅស្រុកបាសាក់ ខេត្តឃ្លាំងកម្ពុជាក្រោមបានរស់ឡើងវិញ ព្រមទាំងចូលរួមលើកស្ទួយវប្បធម៌ខ្មែរ ជូនបងប្អូនប្រជាពលរដ្ឋបានទស្សនា ជាពិសេសយុវជនជំនាន់ក្រោយបានស្គាល់ និងចូលរួមថែរក្សា។

ម៉្យាងវិញទៀត ការរៀបចំផ្ទាំងទស្សនីយភាពនេះ ក៏ក្នុងន័យចូលរួមអបអរសាទរនូវសមិទ្ធផលកំណាត់ផ្លូវលំមួយខ្សែទៅកាន់កោះថ្មី ស្ថិតនៅ ភូមិ១ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម និងក្នុងឱកាសអបអរសាទរ បុណ្យចូលឆ្នាំសកល ក្នុងការបង្កលក្ខណៈសប្បាយរីករាយជូនប្រជាពលរដ្ឋក្នុងឃុំកោះសូទិន ក្រោមម្លប់សន្តិភាពដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នៃនីតិកាលទី៧៕