(ពោធិ៍សាត់)៖ ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៏ ១ ធ្នូ ថ្នាក់ជាតិ លើកទី៣១ និងថ្នាក់អន្តរជាតិ លើកទី៣៦ ឆ្នាំនេះ ក្រោមប្រធានបទ «សិទ្ធជាមាគ៌ាឆ្ពោះទៅបញ្ចប់អេដស៏» បានរៀបចំឡើង ដោយសាខាកាកបាទក្រហមកម្ពុជាខេត្ត សហការជាមួយមន្ទីរសុខាភិបាលខេត្ត នាថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៤ ដែលបានប្រារព្ធធ្វើឡើង នៅបរិវេណសាខាកាកបាទក្រហមកម្ពុជាខេត្ត ស្ថិតក្រោមអធិបតីភាព លោក ខូយ រីដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខា លោកស្រី អាំង សុជាតា ខូយរីដា អនុប្រធានកិត្តិយស និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃសាខាកាកបាទក្រហមកម្ពុជា ព្រមទាំងសមាជិក សមាជិកា គណៈកម្មាធិការសាខា អភិបាលស្រុក ក្រុង កងកម្លាំងប្រដាប់អាវុធទាំង៣ ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត និងមន្ត្រីសាខាជាច្រើនរូបទៀត។

លោកវេជ្ជបណ្ឌិត តឹក សុភាព អនុប្រធានមន្ទីរសុខាភិបាលខេត្ត និងជាប្រធានលេខាធិការដ្ឋានអេដស៏ខេត្ត បានលើកឡើងថា គិតមកដល់ពេលនេះ ខេត្តពោធិ៍សាត់មានគ្លិនិកផ្តល់សេវាថែទាំ៣កន្លែង សេវាធ្វើតេស្តឈាមនៅតាមមណ្ឌលសុខភាព៤០កន្លែង គ្លីនិកសុខភាពគ្រួសារ៤កន្លែង អ្នកផ្ទុកមេរោគអេដស៍ ចំនួន១,៥០៤នាក់ ស្រី៧៤៣នាក់ ក្នុងនោះកុមារ១៦នាក់។ លោករំពឹងថា ជោគជ័យជាស្ថាពរ ក្នុងការលុបបំបាត់ការឆ្លងមេរោគថ្មី ឱ្យនៅកម្រិតជាអតិបរិមា ដើម្បីឈានទៅសម្រេចបានគោលដៅសូន្យបី និង៩៥-៩៥-៩៥ នៅឆ្នាំ២០២៥។ ទោះជាយ៉ាងណាយើងត្រូវមានការប្រុងប្រយត្ន័ខ្ពស់ ព្រោះថាបច្ចុប្បន្នមិនទាន់មានថ្នាំព្យាបាលជំងឺអេដស៏ឱ្យជាសះស្បើយបាននោះទេ ករណីឆ្លងក៏នៅកើតមានជាបន្តបន្ទាប់។

បន្ទាប់ពីអានសារលិខិតទាំងស្រុង របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំ តំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៏ ជំងឺអេដស៏ និងការអភិវឌ្ឍន៍នៅកម្ពុជា ក្នុងឱកាសទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៏ថ្នាក់ជាតិ លើកទី៣១ និងថ្នាក់អន្តរជាតិ លើកទី៣៦ ក្រោមប្រធានបទ «សិទ្ធិជាមាគ៌ាឆ្ពោះទៅបញ្ចប់អេដស៏» នោះរួចមក, លោក ខូយ រីដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្ត បានលើកឡើងថា ទិវាដ៏មានសារៈសំខាន់ ដែលបានប្រារព្ធធ្វើនាពេលនេះ ក៏ដូចបណ្តាឆ្នាំកន្លងមក បញ្ជាក់ពីការយកចិត្តទុកដាក់ របស់រដ្ឋាភិបាល ដែលដឹកនាំដោយ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការលើកកម្ពស់ភាពមិនរើសអើង និងសិទ្ធិរស់នៅស្មើមុខស្មើមាត់ក្នុងសង្គម។

លោកបន្តថា កាកបាទក្រហមកម្ពុជា ដែលជាជំនួយការឱ្យអាជ្ញាធរសាធារណៈ ក្នុងវិស័យមនុស្សធម៌ បានផ្តោតសំខាន់ ទៅលើអាទិភាពបីជាចម្បងគឺ៖

ទី១- ការអប់រំ បង្កើនការយល់ដឹង ពីការបង្ការ ការចម្លង នៅតាមគ្រឹះស្ថាន និងក្នុងចំណោមយុវវ័យ
ទី២- ផ្តល់សេវាគាំទ្រសង្គម ជួយជនរងគ្រោះ
និងទី៣- ឈានទៅកាត់បន្ថយ និងលុបបំបាត់ទាំងស្រុង នូវរាល់ទម្រង់រើសអើង និងមាក់ងាយលើអ្នកផ្ទុកមេរោគអេដស៏ ស្របតាមគោលនយោបាយ និងផែនការយុទ្ធសាស្ត្រជាតិ ឱ្យជនរួមជាតិ ចូលរួមក្នុងចរន្តជាតិតែមួយ ឈានឆ្ពោះទៅរកបញ្ចប់អេដស៏ នៅឆ្នាំ២០២៥។

លោកសូមឱ្យប្រជាពលរដ្ឋ វិស័យឯកជន អង្គការជាតិ អន្តរជាតិ ចូលរួមជាកម្លាំងសាមគ្គី ទប់ស្កាត់ជំងឺឆ្លងនានា បង្ការខ្លួន គ្រួសារ សហគមន៍កុំឱ្យមានឆ្លងមេរោគអេដស៍ និងត្រូវស្វែងរកទីប្រឹក្សាសេវាថែទាំ និងព្យាបាល ជាពិសេសស្ត្រីមានផ្ទៃពោះ ឱ្យបានយ៉ាងតិច៤ដង និងទៀងទាត់។ ជាមួយគ្នានោះ ត្រូវបង្កើនការយកចិត្តទុកដាក់ លើការធានាទាំងប្រសិទ្ធភាព ប្រសិទ្ធផល និងចីរភាព ពង្រឹងយន្តការនៃការគ្រប់គ្រងធនធានមនុស្ស ទទួលខុសត្រូវតាំងពីថ្នាក់ជាតិ ដល់ថ្នាក់ក្រោមជាតិ។

លោក ខូយ រីដា ក៏បានផ្ញើសារមួយចំនួន ដល់ប្រជាពលរដ្ឋជាពិសេសយុវវ័យ ត្រូវចូលរួមទប់ស្កាត់ គឺរួមគ្នាអនុវត្តវិធីសាស្ត្រមិត្តអប់រំមិត្ត ចាកឆ្ងាយពីគ្រឿងញៀន ខិតខំថែរក្សាសុខភាព បរិភោគអាហារូបត្ថម្ភ ប្រើថ្នាំប្រឆាំងមេរោគអេដស៏ ពិនិត្យផ្ទៃពោះឱ្យបានទៀងទាត់ មិនត្រូវរើសអើង ចំពោះអ្នកផ្ទុកមេរោគអេដស៏ និងសូមអំពាវនាវដល់ ក្រុមបុរសរួមភេទជាមួយបុរស ក្រុមស្ត្រីបម្រើសេវានៅតាមកន្លែងកំសាន្តសប្បាយ មនុស្សពេញវ័យ ត្រូវអនុវត្តវិធានការបង្ការការចម្លងឱ្យបានត្រឹមត្រូវ ដើម្បីសុខភាពផ្ទាល់ខ្លួន គ្រួសារ និងសង្គម។

នៅក្នុងឱកាសនោះ លោក ខូយ រីដា និងលោកស្រី អាំង សុជាតា ខូយរីដា ក៏បានចែកជូនអំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ដល់អ្នកផ្ទុកមេរោគអេដស៏ ចំនួន៧០នាក់ ក្នុងម្នាក់ៗទទួលបាន អង្ករ២៥គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកត្រី១យួរ និងថវិកា៥ម៉ឺនរៀល ព្រមទាំងបានចែកថវិកាមួយចំនួន ជូនដល់យុវជន និងអ្នកស្ម័ក្រចិត្តកាកបាទក្រហមផងដែរ៕