(ព្រះសីហនុ)៖ ក្រោយប្រព្រឹត្តទៅរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៨ ខែវិច្ឆិកា ដល់ថ្ងៃទី១ ខែធ្នូ ព្រឹត្តិការណ៍ប្រណាំងរថយន្ត off-Road អន្តរជាតិ នៅខេត្តព្រះសីហនុ ឆ្នាំ២០២៤ ត្រូវបានបញ្ចប់ដោយជោគជ័យប្រកបដោយកិច្ចសហការ មិត្តភាព ភាតរភាព និងជាសមិទ្ធផលមួយថ្មីសម្រាប់កម្ពុជា ក្នុងនោះគណៈកម្មការក៏បានរកឃើញម្ចាស់ជ័យលាភីលេខ១ដល់លេខ៣សម្រាប់ពូលទាំង៣ ឬ Class ទាំង៣ ដែលមាន Class A, Class B និង Class C សម្រែកហ៊ោកញ្ជៀវក៏បានបន្លឺឡើងកងរំពងក្នុងកម្មវិធីបិទចុងក្រោយ ដើម្បីអបអរសាទរចំពោះក្រុមកីឡាករម្ចាស់ពានមាស ពានប្រាក់ និងពានសំរឹទ្ធ សរុប៩គ្រឿង សម្រាប់ពូលទាំង៣។

ក្រោមពន្លឺពណ៌មាសនាព្រះសូរិយារៀបអស្ដង្គត ពិធីបិទការប្រកួតរថយន្ត off-Road អន្តរជាតិ និងពិធីប្រគល់ពានរង្វាន់ដល់់ក្រុមកីឡាករជ័យលាភី ត្រូវបានធ្វើឡើងនាល្ងាចថ្ងៃទី១​ ខែធ្នូ ឆ្នាំ២០២៤ ក្រោមវត្តមានលោក គុជ បញ្ញាសា រដ្ឋលេខាធិការ តំណាងលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ទៀ ស្យាម អនុប្រធានសហព័ន្ធកីឡាយានយន្តកម្ពុជា និងជាប្រធានក្លឹបមហាគ្រួសារ off-Road កម្ពុជា តំណាងលោក មៀច សុផាន់ណា ប្រធានសហព័ន្ធកីឡាយានយន្តកម្ពុជា លោក សាមុត សុធារិទ្ធ អភិបាលរងខេត្ត តំណាងលោក ម៉ាង ស៉ីណេត អភិបាលខេត្តព្រះសីហនុ ព្រមទាំងថ្នាក់ដឹកនាំអង្គភាព-មន្ទីរពាក់ព័ន្ធ គណៈកម្មការគ្រប់ផ្នែកនិងក្រុមការងាររៀបចំការប្រកួត ក៏ដូចជាក្រុមកីឡាករ អ្នកគាំទ្រកីឡាករ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរយ៉ាងច្រើនកុះករ។

ចំពោះក្រុមកីឡាករជ័យលាភីទាំង៣ពូល ឬទាំង៣ Class រួមមាន៖

១. ពូល A ឬ Class A៖
* ជ័យលាភីលេខ១ និងពានមាសកិត្តិយស ព្រមជាមួយប្រាក់រង្វាន់ ៤,០០០,០០០រៀល បានទៅលើក្រុមកីឡាករកម្ពុជា «Siamprototype 4x4 CAMBO» ដែលបើកបរដោយកីឡារ ព្រំ រស្មី ហៅពូស្មី សរុបការប្រកួតទាំង៣ថ្ងៃ ទទួលបានពិន្ទុ៧៥៤។
* ជ័យលាភីលេខ២ និងពានប្រាក់កិត្តិយស ព្រមជាមួយប្រាក់រង្វាន់ ២,៨០០,០០០រៀល បានទៅលើក្រុមកីឡាករថៃ នត្តាវ័ត ប្រយូវង្ស (Nattawat Prayoowong) សរុបការប្រកួតទាំង៣ថ្ងៃ ទទួលបានពិន្ទុ៧៧២។
* ជ័យលាភីលេខ៣ និងពានសំរឹទ្ធកិត្តិយស ព្រមជាមួយប្រាក់រង្វាន់ ១,៦០០,០០០រៀល បានទៅលើក្រុមកីឡាករកម្ពុជា «ជាងណាង» ដែលបើកបរដោយកីឡាករ ហេង សំណាង សរុបការប្រកួតទាំង៣ថ្ងៃ ទទួលបានពិន្ទុ៧១៥។

២. ពូល B ឬ Class B៖
* ជ័យលាភីលេខ១ និងពានមាសកិត្តិយស ព្រមជាមួយប្រាក់រង្វាន់ ២,៨០០,០០០រៀល បានទៅលើក្រុមកីឡាករកម្ពុជា «ចៅតាខ្មៅ» ដែលបើកបរដោយកីឡារ ជឿន ប៊ុណ្ណា សរុបការប្រកួតទាំង៣ថ្ងៃ ទទួលបានពិន្ទុ៥៧០។
* ជ័យលាភីលេខ២ និងពានប្រាក់កិត្តិយស ព្រមជាមួយប្រាក់រង្វាន់ ២,០០០,០០០រៀល បានទៅលើក្រុមកីឡាករកម្ពុជា «IRONMAN 4x4» ដែលបើកបរដោយកីឡាករ ម៉េត មិត្ត សរុបការប្រកួតទាំង៣ថ្ងៃ ទទួលបានពិន្ទុ៤៨៧។
* ជ័យលាភីលេខ៣ និងពានសំរឹទ្ធកិត្តិយស ព្រមជាមួយប្រាក់រង្វាន់ ១,២០០,០០០រៀល បានទៅលើក្រុមកីឡាករកម្ពុជា «MR SERVICE» ដែលបើកបរដោយកីឡាករ យិន មុន្នី សរុបការប្រកួតទាំង៣ថ្ងៃ ទទួលបានពិន្ទុ៤១៧។

២. ពូល C ឬ Class C៖
* ជ័យលាភីលេខ១ និងពានមាសកិត្តិយស ព្រមជាមួយប្រាក់រង្វាន់ ២,០០០,០០០រៀល បានទៅលើក្រុមកីឡាករកម្ពុជា «VKH Racing» ដែលបើកបរដោយកីឡារ ឌិន សេងហ៊សរុបការប្រកួតទាំង៣ថ្ងៃ ទទួលបានពិន្ទុ៥៤៩។
* ជ័យលាភីលេខ២ និងពានប្រាក់កិត្តិយស ព្រមជាមួយប្រាក់រង្វាន់ ១,២០០,០០០រៀល បានទៅលើក្រុមកីឡាករចិន «OBOT» ដែលបើកបរដោយកីឡាករ ចាង កឺ (Zhang Ke) សរុបការប្រកួតទាំង៣ថ្ងៃ ទទួលបានពិន្ទុ៥៣៩។
* ជ័យលាភីលេខ៣ និងពានសំរឹទ្ធកិត្តិយស ព្រមជាមួយប្រាក់រង្វាន់ ៨០០,០០០រៀល បានទៅលើក្រុមកីឡាករកម្ពុជា «Yinchandy M Khmer» ដែលបើកបរដោយកីឡាករ យិន ចាន់ឌី សរុបការប្រកួតទាំង៣ថ្ងៃ ទទួលបានពិន្ទុ៥០៦។

គួរជម្រាបថា ទាំងក្រុមកីឡាករទទួលបានជ័យលាភីខាងលើ និងក្រុមកីឡាករជាតិ-អន្តរជាតិដែលចូលរួមក្នុងការប្រកួតហើយមិនទទួលបានជ័យលាភីនោះ ក៏ទទួលបានមេដាយម្នាក់មួយៗផងដែរ។ ជាមួយគ្នានោះ អ្នកគាំទ្រ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរបាននាំគ្នាហ៊ោកញ្ជៀវអបអរសាទរចំពោះក្រុមកីឡាករម្ចាស់ពានមាស ពានប្រាក់ និងពានសំរឹទ្ធសរុបទាំង៩ក្រុមនោះ។

គណៈអធិបតីសំខាន់ៗទាំង៣រូបសុទ្ធបានមើលឃើញ និងវាយតម្លៃខ្ពស់ចំពោះការរៀបចំប្រកបដោយជោគជ័យនូវព្រឹត្តិការណ៍ប្រណាំងរថយន្ត off-Road ដ៏ធំនៅកម្ពុជានេះ និងថែមទាំងបានកោតសរសើរចំពោះស្មារតីចូលរួមក្នុងការប្រកួតរបស់ក្រុមកីឡាករជាតិនិងអន្តរជាតិ ដែលបង្ហាញពីមិត្តភាព សាមគ្គីភាព ភាតរភាព និងកិច្ចសហការយ៉ាងល្អប្រពៃ ពិសេសគឺស្មារតីរួមគ្នាលើកស្ទួយវិស័យកីឡាយានយន្តកម្ពុជា និងទំនាក់ទំនងជិតស្និទ្ធរវាងក្រុមកីឡាករកម្ពុជានិងកីឡាករអន្តរជាតិ ដូចជា ថៃ ចិន រុស្ស៉ីជាដើម។

បើតាមលោក ទៀ ស្យាម ដែលជាតួអង្គសំខាន់ក្នុងព្រឹត្តិការណ៍នេះ ព្រមទាំងលោករដ្ឋលេខាធិការ គុជ បញ្ញាសា ដែលជាអ្នកគាំទ្រដ៏ចម្បងចំពោះការប្រណាំងយានយន្តដែរនោះ បានបង្ហើបពីការត្រៀមរៀបចំការប្រកួតរថយន្ត off-Road នៅកម្ពុជា ៣ដងក្នុងមួយឆ្នាំ ដើម្បីចម្រាញ់ជ្រើសរើសយកក្រុមកីឡាករជ័យលាភីប្រចាំប្រទេស មុនចេញទៅប្រកួតនៅក្រៅប្រទេសជាមួយក្រុមកីឡាករអន្តរជាតិដទៃ។ ការលើកឡើងនេះ ក៏ទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ក្រុមកីឡាករទាំងឡាយផងដែរ ពួកគេមានមហិច្ចតាចង់ទៅប្រកួតនៅប្រទេសថៃ ម៉ាឡេស៉ី វៀតណាមជាដើម ដែលជាប្រទេសសម្បូរជើងខ្លាំងខាងកីឡាយានយន្តនាតំបន់អាស៊ានយើងនេះ៕