(ភ្នំពេញ)៖ ស្របពេលជាមួយនឹងការអបអរសាទរទិវាជនមានពិការភាពកម្ពុជាលើកទី២៦ និងអន្តរជាតិលើកទី៤២ ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធាន​កិត្តិយស​​​ក្រុមប្រឹក្សាសកម្មភាពជនពិការ បានដាក់ចេញសេចក្តីអំពាវនាវចំនួន ៨ចំណុច ដល់គ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ត្រូវរួមគ្នាបន្តខិតខំអនុវត្តឱ្យកាន់តែទទួលបានជោគជ័យ។

នៅក្នុងសាលិខិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន​នៅព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចបានអំពាវនាវដល់គ្រប់តួអង្គ​ពាក់ព័ន្ធទាំងអស់ ត្រូវរួមគ្នា​បន្តខិតខំ​អនុវត្តឱ្យកាន់តែទទួលបានជោគជ័យ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព សំដៅធានាឱ្យបានកំណើនសេដ្ឋកិច្ច បង្កើតការងារឱ្យបានកាន់តែច្រើន សម្រេចឱ្យបាននូវគោលដៅកាត់​បន្ថយភាពក្រីក្រ បន្តពង្រឹងសមត្ថភាពអភិបាលកិច្ច និងលើកកម្ពស់គុណ ភាពស្ថាប័ន ធានាឱ្យបាននូវចីរភាពនៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ច ដោយផ្តល់អាទិភាពគន្លឹះលើមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដែលជាគោលដៅធំបំផុត របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនីតិកាលទី៧នៃរដ្ឋសភា ដូចដែលបាន កំណត់យ៉ាងច្បាស់លាស់រួចហើយនៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។

ជាមួយគ្នានោះដែរដើម្បីចូលរួមអបអរសាទរទិវាជនមានពិការភាពកម្ពុជាលើកទី២៦ និងអន្តរជាតិលើកទី៤២ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានអំពាវនាវដូចជា៖

១៖ គ្រប់ក្រសួង ស្ថាប័នទាំងអស់ត្រូវខិតខំកសាងសមត្ថភាពមន្ត្រីរាជការ រួមទាំងមន្ត្រីមានពិការភាពឱ្យ ចេះប្រើប្រាស់ឌីជីថល នៅក្នុងសម័យកាលថ្មីនេះ ដើម្បីជាប្រយោជន៍ដល់ការងាររបស់អង្គភាព និងសកម្មភាពរស់នៅប្រចាំថ្ងៃ។

២៖ គ្រប់ក្រសួង ស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ អង្គការដៃគូនានា វិស័យឯកជន និងតួអង្គពាក់ព័ន្ធទាំងអស់ ត្រូវខិតខំអនុវត្តឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលនូវ «ផែនការយុទ្ធសាស្ត្រជាតិ​ ស្តីពីពិការភាព ឆ្នាំ២០២៤-២០២៨» ដោយដាក់បញ្ចូលគោលដៅដែលមានចែង ក្នុងផែនការយុទ្ធសាស្ត្រនេះ ទៅក្នុងផែនការសកម្មភាពឬកម្មវិធីប្រចាំឆ្នាំរបស់ខ្លួន និងកំណត់នូវសូចនាករសមិទ្ធផល ​សម្រាប់អនុវត្ត​រយៈពេលខ្លី មធ្យម និងវែង ហើយត្រូវធ្វើរបាយការណ៍ជាប្រចាំ ជូនក្រុមប្រឹក្សាសកម្មភាពជនពិការ បូកសរុបជារបាយការណ៍ជាតិ។

៣៖​ ក្រសួង ស្ថាប័នដែលបានបង្កើតក្រុមការងារសកម្មភាពជនពិការរួចហើយ ត្រូវបង្កើននិងពង្រឹងប្រសិទ្ធភាព ការងារដោយរៀបចំផែនការសកម្មភាពប្រចាំឆ្នាំ និងត្រូវកែសម្រួលសមាសភាព​ជាប្រចាំ ​តាមស្ថានភាពប្រែប្រួល ជាក់ស្តែងនៃក្រសួងស្ថាប័ននីមួយៗ។ ដោយឡែកក្រសួង ស្ថាប័ន ដែលមិនទាន់បានបង្កើតក្រុមការងារ សកម្មភាពជនពិការ ត្រូវបង្កើតនិងរៀបចំ​សមាសភាព ឱ្យសមស្របទៅតាម​បរិបទការងារ​របស់ក្រសួង ស្ថាប័ននីមួយៗ។

៤៖ អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ត្រូវចូលរួមចំណែកយ៉ាងសកម្មជំរុញការផ្តល់សេវានានា ដល់ជនមានពិការភាពឱ្យកាន់តែមានប្រសិទ្ធភាព ដោយប្រើយន្តការអន្តរវិស័យ ដែលមានស្រាប់ គឺក្រុមប្រឹក្សា សកម្មភាពជនពិការនៅតាមរាជធានី ខេត្តនីមួយៗ និងធ្វើរបាយការណ៍ជាប្រចាំ ជូនក្រុមប្រឹក្សាសកម្មភាពជន ពិការនៅថ្នាក់ជាតិ ដើម្បីបូកសរុបជារបាយការណ៍ជាតិស្តីពីពិការភាពនៅកម្ពុជា។

៥៖ គ្រប់ក្រសួង ស្ថាប័ន អាជ្ញាធរគ្រប់ផ្នែក អង្គការដៃគូពាក់ព័ន្ធ និងវិស័យឯកជន ដែលមានការទទួល ខុសត្រូវលើសំណង់អគារ និងទីធ្លាសាធារណៈនានា ត្រូវចាប់ផ្តើមកែសម្រួល ឬរៀបចំផាសុកវត្ថុសម្រាប់ជនមានពិការភាព នៅតាមសំណង់អគារ និងទីធ្លាសាធារណៈទាំងនោះ ដើម្បីឱ្យជនមានពិការភាពគ្រប់ប្រភេទអាចចេញចូល ចុះឡើង និងប្រើប្រាស់បាន ស្របតាមច្បាប់ ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ ដោយឈរលើ បទដ្ឋានបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធរូបវន្ត បង្កលក្ខណៈងាយស្រួលសម្រាប់ជនមានពិការភាព។

៦៖ ក្រសួងសុខាភិបាល និងក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវបន្តសហការគ្នាឱ្យបានល្អជាមួយ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដើម្បីផ្តល់បណ្ណបើកបរដល់ជនមានពិការភាពដោយគ្មាន ឧបសគ្គឬការរើសអើងអ្វីឡើយ ឱ្យស្របតាមប្រកាសអន្តរក្រសួង ស្តីពីលក្ខខណ្ឌនៃការចេញបណ្ណបើកបរសម្រាប់ ជនមានពិការភាព។ ក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធនានា រួមទាំងវិស័យឯកជនដែលទទួលខុសត្រូវលើ មធ្យោបាយដឹកជញ្ជូនសាធារណៈទាំងតាមផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស ត្រូវរៀបចំឬកែសម្រួលមធ្យោបាយ ដឹកជញ្ជូនសាធារណៈទាំងអស់នោះ ដើម្បីឱ្យជនមានពិការភាពអាចប្រើប្រាស់បាន។

៧៖ ក្រសួងសុខាភិបាល និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវសហការគ្នាឱ្យបាន ល្អបំផុតក្នុងការផ្តល់សេវាស្តារលទ្ធភាពពលកម្ម តាមគំរូវេជ្ជសាស្ត្រ និងស្តារលទ្ធភាពពលកម្មតាមគំរូសង្គម ប្រកបដោយគុណភាព និងដោយមិនគិតថ្លៃ ជូនជនមានពិការភាពដែលក្រីក្រ ដូចបានកំណត់នៅក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាល។

៨៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សហការជាមួយ ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ ក្រោមជាតិ ដើម្បីបង្កើនប្រសិទ្ធភាពផ្តល់បណ្ណពិការភាព ជូនជនមានពិការភាពគ្រប់រូប ដើម្បីពួកគាត់អាចប្រើប្រាស់ បណ្ណស្របតាមក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម និងការទទួលបានផលប្រយោជន៍នានាពីសង្គម៕