(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ តាមរយៈសារលិខិតក្នុងឱកាសទិវាជនមានពិការភាពកម្ពុជាលើកទី២៦ និងអន្តរជាតិលើកទី៤២ បានបញ្ជាក់ថា គិតត្រឹមខែតុលា ឆ្នាំ២០២៤នេះ មានក្រសួងស្ថាប័នចំនួន៣៩ វិស័យឯកជនរួមមាន ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សណ្ឋាគារ និងរោងចក្រជាច្រើន បានទទួលយកជនមានពិការភាព ឱ្យចូលបម្រើការងារសរុបចំនួន ៩ ៥០០នាក់។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «គិតត្រឹមខែតុលា ឆ្នាំ២០២៤នេះ មានក្រសួងស្ថាប័នចំនួន៣៩ បានទទួលយកជនមានពិការភាពចូល បម្រើការងារចំនួន៣ ៨១៦នាក់ ក្នុងនោះស្ត្រីមានពិការភាពចំនួន ៨៨២នាក់ ជនមានពិការភាពកម្រិតធ្ងន់ ចំនួន២ ៣៥១នាក់ បើគិតជាភាគរយគឺស្មើនឹង ២,០៤%»

សម្តេចមហាបវរធិបតី បញ្ជាក់ទៀតថា «ដោយឡែកវិស័យឯកជនរួមមាន ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សណ្ឋាគារ និងរោងចក្រ បានចុះបញ្ជីកា និងទទួលបានវិញ្ញាបនបត្រ​លើការអនុវត្តច្បាប់ស្តីពីកិច្ចការពារ​និងលើកកម្ពស់សិទ្ធិជនពិការទូទាំងប្រទេស​មានចំនួន២៨៧ បានទទួលយកជនមាន ពិការភាពចូលបម្រើការងារចំនួន៥ ៦៨៤នាក់ ស្ត្រីមានពិការភាពចំនួន៣ ៥៧៨នាក់។ សរុបទាំងក្រសួង ស្ថាប័ន រដ្ឋ និងវិស័យឯកជនទូទាំងប្រទេស បានទទួលយកជនមានពិការភាពចំនួន៩ ៥០០នាក់ ឱ្យបម្រើការងារ ដោយទទួលបានប្រាក់ចំណូលនិងអត្ថប្រយោជន៍សង្គម ទៅតាមមុខតំណែង តួនាទី និងការងារស្របតាម សមត្ថភាពនិងទេពកោសល្យរៀងៗខ្លួន»។

ជាមួយគ្នានោះដែរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងទៀតថា ការងារស្តារលទ្ធភាពពលកម្មកាយសម្បទា បានផ្តល់សេវាជូនជនមានពិការភាពចំនួន ២៧ ៧៧៤នាក់ ស្ត្រីចំនួន ៦ ៨០៥នាក់ បានផ្តល់សេវាស្ដារវេជ្ជសាស្ត្រចំនួន ៣៦ ០៧៤នាក់ ស្ត្រីចំនួន ១៨ ០១៥នាក់ បានផ្តល់ឧបករណ៍ទ្រទ្រង់រាងកាយចំនួន ៨ ១៧៤គ្រឿង រួមទាំងបានផ្តល់សេវាស្តារលទ្ធភាពពលកម្មនៅសហគមន៍ ជូនជនមានពិការភាពបានចំនួន ៨ ៥០៥នាក់។

ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បាននិងកំពុងដំណើរការអនុវត្ត កម្មវិធីកំណត់អត្តសញ្ញាណកម្មពិការភាព តាមគំរូសង្គមនិងសិទ្ធិជាមូលដ្ឋាន ដែលបច្ចុប្បន្នជនមានពិការភាពចំនួន ៣៥១ ២៧៦នាក់ ក្នុងនោះស្ត្រីចំនួន១៦៦ ០៣៤នាក់ ត្រូវបានកំណត់អត្តសញ្ញាណកម្មតាមរយៈជនបង្គោល ឃុំ/សង្កាត់ទូទាំងប្រទេស ហើយបានផ្តល់បណ្ណសម្គាល់ជនមានពិការភាពបានចំនួន២៥០ ៧៣០បណ្ណ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ដែរថា នៅឆ្នាំ២០២៤នេះ ប្រធានបទគន្លឹះនៃទិវាជនមានពិការភាពកម្ពុជាលើកទី២៦ និងអន្តរជាតិលើកទី៤២ គឺ «បរិយាបន្នពិការភាព លើគ្រប់វិស័យក្នុងយុគសម័យបរិវត្តកម្មឌីជីថល» ក្នុងគោលដៅជំរុញឱ្យមានការដាក់បញ្ចូល វិស័យពិការភាពក្នុងប្រព័ន្ធឧស្សាហកម្មទំនើបជំនាន់ទី៤ ដោយផ្លាស់ប្តូរវិស័យសេដ្ឋកិច្ច សង្គមកិច្ច នយោបាយក្នុងប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ដើម្បីបង្កើនប្រសិទ្ធភាព សុក្រឹតភាព គុណភាព និងគណនេយ្យភាព នៃសេវាកម្មឱ្យកាន់តែប្រសើរជាងមុន។

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ ដែលមានសសរស្តម្ភចំនួន៣ គឺ ពលរដ្ឋឌីជីថល រដ្ឋាភិបាលឌីជីថល និងធុរកិច្ចឌីជីថល។ ពលរដ្ឋឌីជីថល សំដៅដល់ពលរដ្ឋ ដែលចេះប្រើបច្ចេកវិទ្យាឌីជីថលក្នុងការងារ និងសកម្មភាពរស់នៅប្រចាំថ្ងៃ, រដ្ឋាភិបាលឌីជីថល សំដៅដល់ទំនើបកម្មប្រព័ន្ធគ្រប់គ្រងរដ្ឋបាល និងសេវាសាធារណៈតាមប្រព័ន្ធ ឌីជីថល, និងធុរកិច្ចឌីជីថលសំដៅដល់ការគ្រប់គ្រងសេវាកម្មឯកជន អាជីវកម្ម មុខជំនួញចម្បងៗដោយ ប្រើប្រាស់បច្ចេកវិទ្យាឌីជីថលផងដែរ៕