(កំពង់ឆ្នាំង)៖ រដ្ឋក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានចាប់ផ្ដើមរៀបចំទុកក្អមឆ្នាំង ដាក់លើរថយន្តកែ ច្នៃ គោយន្ត និងរ៉ឺម៉ក ចេញដំណើរលក់ដូរវិញហើយ ក្រោយពីពួកគាត់បានប្រមូលផលស្រូវស្រាលទុកដាក់រួចរាល់ និងបន្ទាប់ពីមានការអាក់ខានក្នុងការបង្កបង្កើនផលស្រូវពេញមួយរដូវវស្សាកន្លងមកនេះ។

ជាក់ស្ដែងនៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ ពលរដ្ឋក្នុងឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលមានមុខរបររកស៊ីដឹកក្អមឆ្នាំងលក់ ពួកគាត់បានចាប់ផ្ដើមរៀបចំក្អមឆ្នាំង ចង្ក្រាន និងសម្ភារប្រើប្រាស់ធ្វើពីដីឆ្នាំងមួយចំនួនទៀត ចងរៀបចំដាក់លើរថយន្តកែច្នៃ គោយន្តកន្ត្រៃ រទេះគោ រ៉ឺម៉កម៉ូតូ និងមធ្យោបាយផ្សេងៗទៀត ចេញដំណើររកទទួលទានឡើងវិញ បន្ទាប់ពីខកខានអស់រយៈពេលមួយរដូវវស្សាកន្លងមកនេះ ដោយសារតែពួកគាត់ជាប់រវល់ ក្នុងការបង្កបង្កើនផលស្រូវ និងប្រមូលផលស្រូវស្រាលទុកដាក់ក្នុងជង្រុកផងដែរ។

បុរសម្នាក់ឈ្មោះ ជា ថុនា មានទីលំនៅក្នុងភូមិឃ្លៃ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ដែលបានដឹកក្អមឆ្នាំង និងសម្ភារប្រើប្រាស់ផ្សេងៗធ្វើអំពីដីឆ្នាំងតាមរម៉កម៉ូតូ ត្រៀមចេញដំណើរដើរលក់ដូរតាមបណ្ដាខេត្តផ្សេងៗ បានប្រាប់ឲ្យដឹងថា រូបគាត់បានប្រកបមុខរបរដឹកក្អមឆ្នាំង និងសម្ភារប្រើប្រាស់ធ្វើអំពីដីឆ្នាំង ដើរលក់មានរយៈពេលជាច្រើនឆ្នាំមកហើយ បន្ទាប់ពីឪពុករបស់គាត់បានស្លាប់ទៅរូបគាត់ក៏បានចាប់យកមុខរបរនេះជំនួសឪពុករហូតមកដល់សព្វថ្ងៃ។

លោកបានបញ្ជាក់ទៀតថា កាលពីរូបគាត់នៅតូចៗ គាត់បានដើរលក់ក្អមឆ្នាំងជាមួយឪពុក កាលណោះមិនទាន់មានរថយន្តកែច្នៃ គោយន្ត ឬរ៉ឺម៉កម៉ូតូ ដឹកដូចសម័យឥឡូវនោះទេ គឺកាលណោះមានតែរទេះគោកង់ឈើ ដោយបររទេះដើរលក់នៅតាមបណ្ដាខេត្តឆ្ងាយៗ។ ពេលចេញលក់ក្នុងមួយជើងៗទាំងទៅទាំងមក គឺចំណាយពេលរាប់ខែឯណោះទើបត្រឡប់មកដល់ផ្ទះវិញ ចំណែកសត្វគោវិញត្រូវតែមានស្បែកជើងទើបអាចដើរលើថ្នល់ ក្រាលកៅស៊ូបាន មានពេលខ្លះនៅពេលលក់ក្អមឆ្នាំងអស់ សត្វគោដែលបានអូសរទេះក្អមឆ្នាំងដើរលក់ជាច្រើនខែមកនោះ មានសភាពទ្រុឌទ្រោមខ្លាំង មិនអាចអូសរទេះត្រឡប់មកផ្ទះវិញបាន ក៏ត្រូវលក់គោទាំងនឹមនោះចោល ហើយដឹកតែរទេះតាមរថយន្តត្រឡប់មកផ្ទះវិញ។

លោកបានបញ្ជាក់ទៀតថា នៅពេលត្រូវចេញដំណើរដឹកក្អមឆ្នាំងចេញលក់ទៀត គឺត្រូវរកទិញគោថ្មី។ តែសម័យបច្ចុប្បន្ននេះ អ្នកលក់ក្អមឆ្នាំងនៅក្មុងភូមិរបស់គាត់ ក៏ដូចជាក្នុងភូមិដទៃទៀត គឺគេប្រើរថយន្តកែច្នៃ គោយន្ត រ៉ឺម៉កម៉ូតូ អ្នកខ្លះមានលទ្ធភាពដឹកតាមរថយន្តកូរ៉េ គឺចំណេញពេលវេលា អ្នកដែលមានរថយន្តកែច្នៃ ឬរថយន្តកូរ៉េ គេអាចផ្ទុកអីវ៉ាន់បានច្រើន នឹងអាចដឹកលក់តាមបណ្ដាខេត្តឆ្ងាយៗ ចំណាយពេលត្រឹមតែ១០ ទៅ១៥ថ្ងៃ គឺលក់អស់ និងបានត្រឡប់មកដល់ផ្ទះវិញ ដោយឡែកអ្នកដឹកតាមរ៉ឺម៉កម៉ូតូដូចជារូបគាត់នេះ គឺផ្ទុកអីវ៉ាន់បានតិចលក់ត្រឹមតែក្រុងភ្នំពេញ និងខេត្តកណ្ដាល ចំណាយពេលពីមួយសប្តាហ៍ទៅ១០ថ្ងៃលក់អស់ និងបានត្រឡប់មកផ្ទះវិញ ដូច្នេះក្នុងមួយខែគាត់អាចចេញលក់បានពី ២ជើងទៅ ៣ជើងផងដែរ។

ជុំវិញករណីខាងលើនេះ លោក ចាន់ ឡេង ជំទប់ទី១ ឃុំជ្រៃបាក់ បានបញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ឲ្យដឹងថា នៅក្នុងឃុំជ្រៃបាក់មាន១៦ភូមិ ក្នុងចំណោមពលរដ្ឋ១៦ភូមិ គឺមាន៨ភូមិ ដែលជាអ្នកប្រកបមុខរបរធ្វើក្អមឆ្នាំងលក់។

លោកបញ្ជាក់ទៀតថា ពលរដ្ឋទាំង ៨ភូមិខាងលើនេះ គឺបានប្រកបមុខរបរធ្វើក្អមឆ្នាំងលក់បន្តតាំងពីដូនតាមក បច្ចុប្បន្ននេះពួកគាត់នៅតែបន្តប្រកបមុខរបរនេះដោយមិនបោះបង់នោះឡើយ។ ការប្រកបមុខរបរខាងលើនេះ អាជ្ញាធរឃុំ ក៏បានលើកទឹកចិត្តនឹងគាំទ្រដល់ពួកគាត់ដែលបានថែរក្សានូវកេរ្ត៍ដំណែលរបស់ដូនតា ដែលជាតំណាងឲ្យជាតិរបស់យើង។ មុខរបរនេះដែរក៏បានកែ ប្រែជីវភាពរបស់ពួកគាត់ឲ្យមានភាពធូរធារមួយកម្រិតផងដែរ។
លោកថា បន្ទាប់ពួកគាត់មានការខកខានមួយរយៈក្នុងរដូវធ្វើស្រែកន្លងមកនេះ ទើបតែពេលនេះ ពលរដ្ឋដែលប្រកបមុខរបរលក់ក្អមឆ្នាំងទាំង៨ ភូមិក្នុងឃុំជ្រៃបាក់ ស្រុករលាប្អៀរ ដូចដែលបានរៀបរាប់ខាងលើ គឺបានចាប់ផ្ដើមចេញដំណើរដឹកក្អម ឆ្នាំងដើរលក់ដូរជាបណ្ដើរៗវិញហើយ៕