(កំពង់ធំ)៖ លោក សាយ គឹមឡម ប្រធានគណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជាស្រុកស្ទោង បានលើកឡើងថា ស្មារតី ២ ធ្នូ ជាស្មារតីអមតៈ នៃសុខសន្តិភាពនិងការអភិវឌ្ឍន៍។

លោក សាយ គឹមឡម បានថ្លែងក្នុងពិធីអបអរសាទរខួបលើកទី៤៦ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា (២ ធ្នូ ១៩៧៨-២ធ្នូ ២០២៤) នៅស្រុកស្ទោង ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤។

លោកបានបញ្ជាក់ថា ដោយមានស្មារតី ២ ធ្នូ ទើបឈានទៅដល់ការរំដោះជាតិមាតុភូមិពីរបបអាវខ្មៅយង់ឃ្នងប្រល័យពូជសាសន៍ប៉ុលពត នាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ដែលនាំឲ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍរហូតមកដល់បច្ចុប្បន្នក្រោមវីរៈភាពដ៏អង់អាចក្លាហានរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា។

លោកបានអំពាវនាវប្រជាពលរដ្ឋក្នុងមូលដ្ឋានសូមបន្តថែរក្សាការពារនូវសុខសន្តិភាពនេះ ឲ្យបានគង់វង្សដើម្បីសេចក្តីសុខការអភិវឌ្ឍ និងប្រឆាំងដាច់ខាតរាល់ទង្វើ និងជនទាំងឡាយណាដែលប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាល ឬធ្វើបដិវត្តន៍ពណ៌ និងបង្កអសន្តិសុខទាំងឡាយដល់ជាតិមាតុភូមិ និងប្រជាពលរដ្ឋឱ្យខាងតែបាន។

លោកបានជំរុញ និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជាពិសេសអាជ្ញាធរពាក់ព័ន្ធសូមចូលរួមថែរក្សាការពារអភិរក្សព្រៃលិចទឹកនិងជីវចម្រុះ ព្រមទាំងដីតំបន់បីជាជំរកត្រីពង និងជាទ្រនាប់ការពារបឹងទន្លេឆ្មារបឹងទន្លេសាប កុំឱ្យមានការឆាប់រីងរាក់ជាដើម និងទុកជាកេរ្តិ៍ដំណែលរួមរបស់មនុស្សជាតិនិងកូនចៅយើងជំនាន់ក្រោយ ដែលសមស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះផងដែរ។

ជាមួយគ្នានេះ លោកស្រី ប៉ិច សោភ័ណ តំណាងយុវជន និងប្រជាពលរដ្ឋនៅក្នុងស្រុកស្ទោងទាំងមូលបានប្ដេជ្ញាចិត្តខ្ពស់ក្នុងការថែរក្សាសុខសន្តិភាពជាពិសេសស្មារតី ២ ធ្នូ ជាអមតៈ និងផឹកទឹកមិនភ្លេចប្រភពទឹក៕