(កណ្ដាល)៖ លោកស្រី ឡោក ខេង អ្នកតំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា បានកោតសរសើរមិនដាច់ពីមាត់ឡើយនូវគុណភាពអប់រំរបស់សាលាបឋមសិក្សា និងវិទ្យាល័យសម្តេច ព្រះមហាសង្ឃរាជ បួរ គ្រី ដែលបានបណ្ដុះបណ្ដាលកូនចៅជំនាន់ ក្រោយប្រកបដោយគុណភាព ពិសេសឃើញថា សិស្សានុសិស្សមានសីលធម៌ល្អ មានសុជីវធម៌ល្អ មានវិន័យ និងមានគុណតម្លៃណាស់។

លោកស្រី ហាក់រំភើបពីគុណវឌ្ឍនេះ នៅគ្រាដែលលោកស្រី អញ្ចើញជាអធិបតី ក្នុងពិធីចែកប័ណ្ណសរសើរដល់សិស្សពូកែ នៃសាលាបឋមសិក្សា និងវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ប្រចាំឆ្នាំ២០២៣-២០២៤ កាលពីថ្ងៃចុងសប្ដាហ៍ ដែលមានវត្តមានសម្តេចព្រះមង្គលទេពាចារ្យ វង្ស អានេតា សម្តេចព្រះសង្ឃនាយករង នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ព្រះមេគណគណៈធម្មយុត្តិកនិកាយខេត្តកណ្តាល និងជាព្រះនាយកក្តាប់រួមនៃសាលាបឋមសិក្សា និងវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងអាណាព្យាបាលសិស្សានុសិស្សយ៉ាងច្រើនកុះករផងដែរ។

ស្ថិតក្នុងឱកាសនេះ លោកស្រីបានថ្លែងថា ថ្ងៃនេះជាទិវាមួយប្រកបដោយមហានក្ខត្តឬក្ស និងកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតនៃសាលាបឋមសិក្សា និងវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជបួរ គ្រី ស្ថិតនៅបរិវេណវត្តព្រះឥន្ទសាមគ្គីធម៌ ភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល ដែលបាន និងកំពុងចូលរួមចំណែកបណ្ដុះបណ្ដាលធនធានមនុស្សបានទទួលជោគជ័យជាច្រើនជាមួយរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្ន ដែលសាលា មានគ្រូបង្រៀនចំណេះដឹងទូទៅជាភាសាខ្មែរ ភាសាអង់គ្លេសពេញម៉ោងសម្រាប់កុមារ និងក្រៅម៉ោងសម្រាប់សិស្សពេញវ័យ ភាសាចិន និងថ្នាក់កុំព្យូទ័រផងដែរ ដែលកម្មវិធីសិក្សាទាំងអស់ស្របតាមកម្មវិធីសិក្សា របស់ក្រសួងអប់រំ យុវជន និងកីឡា។

សម្តេចព្រះមង្គលទេពាចារ្យ វង្ស អានេតា បានមានថេរដីកាថា ផ្អែកតាមឆន្ទៈដ៏មុតស្រួចចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការកសាងអភិវឌ្ឍន៍ធនធានមនុស្សឲ្យរីកចម្រើនប្រកបដោយគុណភាព ថ្នាក់ដឹកនាំសាលា និងលោកគ្រូ អ្នកគ្រូ បានខិតខំបំពេញតួនាទីកាតព្វកិច្ចរបស់ខ្លួនប្រកបដោយភាពម៉ត់ចត់ ច្បាស់លាស់ ដាក់ចិត្ត ដាក់បេះដូងក្នុងការអប់រំ បង្រៀនដល់កូនចៅជំនាន់ក្រោយយើងនេះឲ្យមានសមត្ថភាពខ្ពស់ មានគុណភាពពិតៗ និងមានសីលធម៌ល្អ គុណធម៌ សុជីវធម៌ល្អជាដើម ធ្វើយ៉ាងណា បណ្ដុះកូនចៅយើងឲ្យក្លាយជាអ្នកបន្តវេនមានសមត្ថភាព ជួយកសាងប្រទេសជាតិយើងឲ្យរក្សាបាននូវសុខសន្តិភាព និងអភិវឌ្ឍន៍ស្រុកទេសឲ្យកាន់តែរីកចម្រើនឡើងៗទៅមុខជាលំដាប់។

ចុងបញ្ចប់ នៃកម្មពិធីសំណេះសំណាលនេះ គណៈអធិបតីបានប្រគល់ប័ណ្ណសរសើរប្រគេន និងជូនលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស រួចបានថតរូបទុកជាអនុស្សាវីយ៍ប្រកបដោយសេចក្ដីរីករាយក្រៃលែងផងដែរ៕