(ភ្នំពេញ)៖ កងរាជអាវុធហត្ថផ្ទៃលើប្រទេស បានចាប់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធនឹងករណីចេញសែកស្អុយ ៥២ម៉ឺនដុល្លាអាមេរិក កាលពីល្ងាចថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ តាមដីកាបង្គាប់ឱ្យចាប់ និងឃុំខ្លួនលេខ ១៦៣៨ “អ” ដ.ច.ន ចុះថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ របស់ចៅក្រមជំនុំជម្រះ សាលាដំបូងរាជធានីភ្នំពេញ។
ឈ្មោះ កែវ វិសាធសុទ្ធា ជាឈ្មោះក្នុងអត្តសញ្ញាណប័ណ្ណ ហើយបុគ្គលនេះប្រើឈ្មោះ កែវ សុធា ក្នុងក្របខណ្ឌមន្ត្រីរាជការ។
តាមអំណាចសាលក្រមព្រហ្មទណ្ឌលេខ ៤៤១៨ “អ” ចុះថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ របស់សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្ដន្ទាទោសឈ្មោះ កែវ វិសាធសុទ្ធា (ហៅ កែវ សុធា) ភេទប្រុស កើតថ្ងៃទី២១ ខែកក្កដា ឆ្នាំ១៩៦៩ ជនជាតិខ្មែរ ដាក់ពន្ធនាគារកំណត់រយៈពេល ០២ (ពីរ) ឆ្នាំ ដោយគ្មានការព្យួរទោស ពីបទ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១។
បទល្មើសដែលមានបញ្ញត្តិឱ្យផ្ដន្ទាទោសតាមមាត្រា ២៣១ នៃច្បាប់ស្ដីពីឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់។ ដូច្នេះ ចៅក្រមជំនុំជម្រះ សាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបង្គាប់ឱ្យចាប់ និងឃុំខ្លួនលេខ ១៦៣៨ “អ” ដ.ច.ន ចុះថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ បញ្ជាដល់កងកម្លាំងសាធារណៈ ឱ្យស្រាវជ្រាវរកចាប់ខ្លួន និងឃុំខ្លួនឈ្មោះ កែវ វិសាធសុទ្ធា (ហៅ កែវ សុធា) ទៅពន្ធនាគារ ឬមណ្ឌលឃុំខ្លួន នៃក្រសួងមហាផ្ទៃ និងបញ្ជាដល់ប្រធានពន្ធនាគារ ឬមណ្ឌលឃុំខ្លួន នៃក្រសួងមហាផ្ទៃ ឱ្យទទួល និងឃុំខ្លួនបុគ្គលនេះ៕