(កណ្ដាល)៖ លោក រស់ ថាន់សន រដ្ឋលេខាធិការក្រសួងព័ត៌មាន បានថ្លែងថា ការពង្រឹងស្ថាប័ន ការពង្រឹងសមត្ថភាព និងការលើកទឹកចិត្ត មន្ត្រីរាជការ គឺជាចំណុចសំខាន់នៃដំណើរការកំណែទម្រង់ រដ្ឋបាល សាធារណៈ ដោយផ្តោតលើការពង្រឹងគុណភាព ប្រសិទ្ធភាព តាមរយៈការវិភាគមុខងារជាក់ស្តែង រួមមាន៖ ការដាក់អនុវត្តប្រព័ន្ធ ជ្រើសរើសមន្រ្តីឲ្យចូលបំពេញការងារ ប្រកបដោយ សមត្ថភាព និងបច្ចេកទេស ជំនាញវិជ្ជាជីរៈជាដើម។

លោកបានថ្លែងបែបនេះ ក្នុងឱកាសដែលអញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំវិភាគមុខងារដែលក្រសួងព័ត៌មានធ្វើប្រតិភូកម្មមុខងារថ្មីៗ ដែលមន្ទីរព័ត៌មានខេត្តកណ្តាល កំពុងអនុវត្តនៅមន្ទីរព័ត៌មានខេត្តនាថ្ងៃចុងសប្ដាហ៍នេះ។

លោករដ្ឋលេខាធិការ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ទីរព័ត៌មានខេត្តកណ្តាល ដែលបានខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួនក្នុងការផលិត និងផ្សព្វផ្សាយព័ត៌មានបានល្អប្រសើរ។

រដ្ឋលេខាធិការរូបនេះ បានធ្វើបទបង្ហាញចំណុចគោលធំៗមួយចំនួន ស្តីពីការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធ ការពិនិត្យឡើងវិញមុខងារដែលក្រសួងព័ត៌មានបានធ្វើប្រតិភូកម្ម នៅមន្ទីរព័ត៌មានរាជធានីខេត្ត ទៅនឹងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងផ្តល់សេវា វិស័យព័ត៌មាន និងសោតទស្សន៍, ការប្រកាសស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅរបស់មន្ទីរព័ត៌មានរាជធានី-ខេត្ត  និងប្រកាសស្តីពីការធ្វើប្រតិភូកម្មផ្ទេរមុខងារ ការផ្តល់សេវារដ្ឋបាលលើវិសយ័ព័ត៌មាន រាជធានី-ខេត្ត គឺសំដៅធ្វើយ៉ាងណាដើម្បីជាមូលដ្ឋានគ្រឹះសំរាប់យកទៅអនុវត្តលើវិស័យព័ត៌មាន សោតទស្សន៍ឲ្យទទួលបានជោគជ័យ។

ក្នុងកិច្ចប្រជុំនេះដែរលោក ចាប វន្នី ប្រធានមន្ទីរព័ត៌មាន ខេត្តកណ្តាល បានរាយការណ៍ពាក់ព័ន្ធទៅនឹងស្ថានភាពវិភាគមុខងារ និងរចនាសម្ព័ន្ធតាមបណ្តាការិយាល័យនីមួយៗ ព្រមទាំងបានលើកឡើង ពីចក្ខុវិស័យសំរាប់ឆ្នាំខាងមុខ របស់មន្ទីរព័ត៌មានខេត្ត ឲ្យស្របទៅនឹងការវិវត្តន៍បច្ចេកវិទ្យាទំនើបឌីជីថល នាពេលបច្ចុប្បន្នផងដែរ៕