(កោះកុង)៖ លោកស្រី ឈី វ៉ា អភិបាលរងខេត្តកោះកុង និងលោកវេជ្ជបណ្ឌិត ទៅ ម៉ឺង ប្រធានមន្ទីរសុខាភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំក្រុមការងារលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ខេត្តកោះកុង នាថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤។

លោកស្រីអភិបាលរងខេត្ត បានស្នើសមាជិកនៃអង្គប្រជុំ ចូលរួមជាមតិយោបល់ ដើម្បីជាធាតុចូលសំខាន់សម្រាប់ជាមូលដ្ឋាន ក្នុងការត្រៀមរៀបចំកិច្ចការសំខាន់ រួមមាន៖

*ទី១៖ ដើម្បីពិភាក្សាអំពីការរៀបចំការងារអេដស៍ ១ ធ្នូ ២០២៤ លើប្រធានបទ «សិទ្ធជាមាគ៌ាឆ្ពោះទៅបញ្ចប់អេដស៍»
*ទី២៖ ត្រៀមរៀបចំប្រជុំគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ខេត្តស្តីពីការបូកសរុបលទ្ធផល និងសមិទ្ធផលប្រចាំឆ្នាំ
*ទី៣៖ ពិភាក្សាអំពីការចុះពិនិត្យ និងតាមដានការងាររបស់គណៈកម្មាធិការអេដស៍ ក្រុង/ស្រុក
*ទី៤៖ ពិភាក្សាអំពីការចុះអប់រំផ្សព្វផ្សាយអំពីជំងឺអេដស៍នៅវិទ្យាល័យ
*ទី៥៖ ប្រជុំគណៈកម្មាធិការអេដស៍ខេត្ត ក្រុង/ស្រុក ឃុំ/សង្កាត់ ផ្សព្វផ្សាយស្តីពី «គោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨»
*ទី៦៖ បណ្តុះបណ្តាលស្តីពី «ការបង្ការ និងការធ្វើតេស្តស្វែងរកមេរោគអេដស៍ដល់កងកម្លាំងប្រដាប់អាវុធ មន្ទីរទេសចរណ៍ មន្ទីរការងារ មន្ទីរអប់រំ យុវជននិង កីឡា ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ម្ចាស់កន្លែងសេវាកម្សាន្ត និងអ្នកបំរើសេវាកម្សាន្តសប្បាយ»
*ទី៧៖ ពិភាក្សាអំពីពង្រាងផែនការអេដស៍ខេត្តឆ្នាំ២០២៥ ឆ្លងគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ខេត្ត។

លោកស្រីសង្ឃឹមយ៉ាងមុតមាំថា ក្រោយពីកិច្ចប្រជុំពិភាក្សានេះ សមាជិកទាំងអស់ពិតជាចូលរួមសហការ ធ្វើយ៉ាងណាឱ្យកិច្ចការទាំងអស់ដែលបានលើកឡើង សម្រេចបានជោគជ័យតាមផែនការ ដែលបានគ្រោងទុក ទន្ទឹមនេះកិច្ចការអនុវត្តបន្តត្រូវអនុវត្តឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់បំផុត៕