(ភ្នំពេញ)៖ លេខាធិការដ្ឋានសេនាធិការចម្រុះ នៃកងយោធពល​ខេមរ​ភូមិន្ទ បានចេញមកច្រានចោលទំព័រហ្វេសប៊ុក និង TikTok មួយចំនួន ដែលប្រើរូបថត និងឈ្មោះរបស់​នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ។

លេខាធិការដ្ឋានសេនាធិការចម្រុះ បានស្នើសមត្ថកិច្ចចាត់វិធានការចំពោះក្រុមជនខិលខូចដែលយករូបថត និងឈ្មោះនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ទៅបង្កើតទំព័រហ្វេសប៊ុក និង ​TikTok ដែលអាចបង្កើតឱ្យមានការភាន់ច្រឡំ។

លេខាធិការដ្ឋានសេនាធិការចម្រុះ បានបញ្ជាក់ថា បច្ចុប្បន្នសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ មានទំព័រហ្វេសប៊ុក និង Telegram ផ្លូវការដូចខាងក្រោម៖

១៖ ទំព័រហ្វេសប៊ុកផ្លូវការមានឈ្មោះ៖ «នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ» ដែលមានសញ្ញាធីកពណ៌ខៀវ។
២៖ Telegram ផ្លូវការ៖ «សេនាធិការចម្រុះ Chief of Joint Staff»៕