(ឧត្តរមានជ័យ)៖ លោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ បានថ្លែងថា បុព្វហេតុនៃរណសិរ្យសាមគ្គីអភិវឌ្ឍមាតុភូមិកម្ពុជា ២ ធ្នូ ១៩៧៨ គឺបានសង្គ្រោះប្រជាជនកម្ពុជា ចាកផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត រហូតប្រទេសជាតិមានសុខសន្តិភាពពេញបរិបូរណ៌នាពេលបច្ចុប្បន្ននេះ។
អភិបាលខេត្តឧត្តរមានជ័យ បានលើកឡើងបែបនេះ ក្នុងឱកាសដែលលោកដឹកនាំថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការតាមមន្ទីរអង្គភាពជុំវិញខេត្ត មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំង៣ អាជ្ញាធរក្រុង ស្រុក និងមន្ត្រីពាក់ព័ន្ធជាច្រើនទៀត ចូលរួមខួបអនុស្សាវរីយ៍លើកទី៤៦ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា (២ ធ្នូ ១៩៧៨ - ២ ធ្នូ ២០២៤) នៅព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៤នេះ។
លោក មាន ចាន់យ៉ាដា បានថ្លែងទៀតថា ក្នុងមហាសន្និបាតរណសិរ្យសាមគ្គីអភិវឌ្ឍន៏មាតុភូមិកម្ពុជាលើកទី៦ សម្តេចតេជោ ហ៊ុន សែន ក៏បានផ្តល់អនុសាសន៍ចំនួន៧ចំណុច បន្ថែមរួមមាន៖
*ទី១៖ បន្តចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់ សុខដុមនៃសង្គម និងការពារដាច់ខាតនូវឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដី។
*ទី២៖ រណសិរ្សគ្រប់ថ្នាក់ ត្រូវពង្រឹង និងពង្រីករចនាសម្ព័ន្ធចាត់តាំងរណសិរ្ស បង្កើនសមត្ថភាពគ្រប់គ្រង និងដឹកនាំការងារ ស្វែងរកប្រភពគាំទ្រឱ្យបានកាន់តែច្រើនឡើង ដើម្បីធានានិរន្តរភាព និងវឌ្ឍនភាព នៃបេសកកម្ម រចនាសម្ព័ន្ធ និងបុព្វហេតុរបស់រណសិរ្ស។
*ទី៣៖ រណសិរ្សគ្រប់ថ្នាក់ត្រូវបន្តអប់រំ បំផុសចលនាបញ្ជ្រៀបការយល់ដឹងអំពីគោលនយោបាយនានា របស់រាជរដ្ឋាភិបាល ឱ្យជ្រួតជ្រាបទូលំទូលាយក្នុងសង្គម និងការប្រមូលផ្តុំកម្លាំងមហាជនពីគ្រប់ ស្រទាប់គ្រប់មជ្ឈដ្ឋាន ដើម្បីចូលរួមគាំទ្រ និងអនុវត្តគោលការណ៍ និងគោលនយោបាយទាំងនោះ សំដៅចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា សម្រេចបានចក្ខុវិស័យ នៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា ជាពិសេស ជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០។
*ទី៤៖ ចូលរួមក្នុងការតស៊ូប្តូរផ្តាច់ក្នុងការទប់ស្កាត់នូវរាល់ឧបាយកល និងសកម្មភាពបំបែកបំបាក់ សាមគ្គីជាតិរបស់ក្រុមប្រឆាំង មជ្ឈដ្ឋានអមិត្តទាំងក្នុងនិងក្រៅប្រទេស ដែលប៉ុនប៉ងអូសទាញមហាជន ប្រជាជនឱ្យប្រឆាំងចំពោះបុព្វហេតុកសាង និងអភិវឌ្ឍន៍ជាតិមាតុភូមិជាទីស្នេហានៃយើង។
*ទី៥៖ ពង្រឹង និងថែរក្សាឱ្យបានរឹងមាំ នូវសាមគ្គីភាព និងឯកភាពផ្ទៃក្នុង ទាំងទស្សនៈ គោលជំហរ និងនយោបាយសតិអារម្មណ៍តាមគោលការណ៍ រក្សាចាស់ បង្កើនថ្មី។
*ទី៦៖ ចូលរួមអនុវត្តមាគ៌ាគោលនយោបាយការទូតសន្តិភាព ឯករាជ្យ មិត្តភាព និងសហប្រតិបត្តិការស្មើភាពជាមួយបណ្តាប្រទេសនានានៅលើពិភពលោក ដោយឈរលើមូលដ្ឋានគោរពឯករាជ្យ អធិបតេយ្យ ស្មើសិទ្ធិ និងមានផលប្រយោជន៍ទាំងសងខាង ស្របតាមបាវចនារបស់រាជរដ្ឋាភិបាលកម្ពុជា នៃការកែទម្រង់ ខាងក្នុង កសាងមិត្តខាងក្រៅ ដោយឈរលើមូលដ្ឋានឯករាជ្យ។
*ទី៧៖ ត្រូវយកស្មារតី នៃអង្គមហាសន្និបាតរណសិរ្សលើកទី៦ ទៅផ្សព្វផ្សាយបន្តឱ្យបានទូលំ ទូលាយ បន្ថែមទៀតដល់គ្រប់មជ្ឈដ្ឋានសង្គម។
នាឱកាសនោះលោក មាន ចាន់យ៉ាដា បានថ្លែងនូវការចូលរួមអបអរសាទរប្រកបដោយមោទនភាពបំផុត ដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គណៈអធិបតីកិត្តិយសរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលបានទទួលពានរង្វាន់សន្តិភាព ដើម្បីមនុស្សជាតិ និងភពផែនដី ពីសម័យប្រជុំ IPTP ដែលជាមគ្គទេសក៍សន្តិភាពរបស់កម្ពុជា ដោយ សម្តេច បានពលិកម្ម ស្ទើរពេញមួយជីវិតក្នុងការស្វែងរកសន្តិភាព ការផ្សះផ្សាជាតិ និងការលើកម្ពស់សន្តិភាព ជូនប្រជាជន និងប្រទេសកម្ពុជា៕