(កណ្ដាល)៖ លោក គួច ចំរើន អភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានជំរុញដល់គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ ក្រុង-ស្រុក ឃុំ-សង្កាត់ ត្រូវចូលរួមគាំទ្រ និងអនុវត្តគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍ សម្រាប់ឆ្នាំ២០២៣-២០២៨ របស់រាជរដ្ឋាភិបាល ឱ្យបានសកម្មជាទីបំផុត។

លោកថ្លែងដូច្នេះ កាលពីចុងសប្ដាហ៍ទៅនេះ នៅក្នុងទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ឆ្នាំ២០២៤ ក្រោមប្រធានបទ «សិទ្ធិ ជាមាគ៌ាឆ្ពោះទៅបញ្ចប់អេដស៍» នៅបរិវេណវត្តកំពង់ភ្នំក្នុង ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល ក្រោមអធិបតីភាព លោក បណ្ឌិត ម៉ៅ ភិរុណ ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត និងលោក នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត។

លោកប្រធានសាខានាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្រជាពលរដ្ឋទាំងអស់ដោយក្ដីនឹករលឹក។ ជាមួយគ្នានេះដែរ សម្តេចទាំងពីរ ក៏បានអំពាវនាវដល់ជនរួមជាតិទាំង អស់ឱ្យចូលរួមធ្វើសកម្មភាពនានាជាមួយរាជរដ្ឋាភិបាល និងកាកបាទក្រហមកម្ពុជា ក្នុងការប្រយុទ្ធនឹងជំងឺ អេដស៍ ដើម្បីឈានឆ្ពោះទៅបញ្ចប់អេដស៍នៅពេលដ៏ឆាប់ខាងមុខ។

លោកបន្តថា ទិវានេះត្រូវបានប្រារព្ធឡើងដើម្បីឆ្លុះបញ្ចាំងនូវការប្តេជ្ញាចិត្តជារួមរបស់ពិភពលោក ក៏ដូចជារាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ក្នុងការចូលរួមចែករំលែកនូវចំណេះដឹង ជំនាញ និងបទពិសោធន៍ក្នុងការប្រយុទ្ធទប់ស្កាត់ការរាលដាលនៃមេរោគអេដស៍ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងបង្ហាញពីការគាំទ្រដល់អ្នកផ្ទុកមេរោគអេដស៍ និងអ្នករងផលប៉ះពាល់ដោយសារមេរោគអេដស៍ និងជំងឺអេដស៍ឱ្យទទួលបានសេវាថែទាំ ព្យាបាល និងសេវាគាំពារសង្គម ឆ្ពោះទៅ បញ្ចប់អេដស៍ឱ្យបានឆាប់បំផុត។

ដើម្បីសម្រេចបាននូវការបញ្ចប់អេដស៍ ដែលកំពុងបន្តការគំរាមកំហែងដល់សុខភាពសាធារណៈ លោកអភិបាលខេត្ត បានស្នើដល់ផងដែរ ទៅដល់មន្ទីរសុខាភិបាលខេត្ត ត្រូវពង្រីក ពង្រឹង និងពន្លឿនកម្មវិធីបង្ការ ក្នុងនោះរួមមាន៖ ការជំរុញការប្រើប្រាស់ ស្រោមអនាម័យ កម្មវិធីប្រើឱសថបង្ការមុនការប្រឈម (PrEP) និងកម្មវិធីប្រើឱសថបង្ការក្រោយ ការប្រឈម (PEP) ជាដើម។ ទីតាំង ផ្តល់សេវាថែទាំព្យាបាលជំងឺអេដស៍ រៀបចំឱ្យបានទូលំទូលាយ , ត្រូវសិក្សា និងចាត់វិធានការ ដើម្បីកាត់បន្ថយអត្រាចម្លងមេរោគអេដស៍ពីម្តាយទៅកូន ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ ក្នុងនោះដែរ ក្រុង-ស្រុក ឃុំ-សង្កាត់ ត្រូវធ្វើការរួមគ្នាជាពហុវិស័យ សហការជិតស្និទ្ធជាមួយកាកបាទក្រហមកម្ពុជា អង្គការមិនមែនរដ្ឋាភិបាល អង្គការ សង្គមស៊ីវិល វិស័យឯកជន ក្រុមអ្នកផ្ទុកមេរោគអេដស៍ ក្រុមប្រជាជនគន្លឹះ និងសហគមន៍ ដើម្បីលុបបំបាត់ការចម្លង មេរោគអេដស៍ និងយកជ័យជម្នះលើមេរោគអេដស៍ និងជំងឺអេដស៍៕