(បាត់ដំបង)៖ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ ក្រោមជំនួយឧបត្ថម្ភពីក្រុមប្រឹក្សាទួលពិនិត្យគ្រឿងញៀនថៃ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សហការជាមួយគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តបាត់ដំបង បើកសិក្ខាសាលាផ្សព្វផ្សាយដើម្បីលើកកម្ពស់ចំណេះដឹងស្តីពីការអប់រំ បង្ការ ទប់ស្កាត់គ្រឿងញៀន ដល់ភាគីពាក់ព័ន្ធក្នុងសហគមន៍នៅខេត្តជាប់ព្រំដែនកម្ពុជា-ថៃ។

លោក ស៊ុន ណាវុធ តំណាងរដ្ឋបាលស្រុកកំរៀង បានអានរបាយការណ៍ស្វាគមន៍ពីការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីគ្រប់ជាន់ថ្នាក់។

លោក ស៊ូប៉ាផាត់ ហ៊ីបឱសថ អគ្គទីប្រឹក្សាអមស្ថានទូតថៃប្រចាំកម្ពុជាទទួលបន្ទុកការងារគ្រឿង ញៀនបានថ្លែងអំណរគុណភាគីកម្ពុជា ដែលបានសហការជាជាមួយភាគីថៃ លើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនរួមគ្នា បង្ការទប់ស្កាត់បញ្ហាគ្រឿងញៀនឆ្លងកាត់ព្រំដែន។

ថ្លែងក្នុងនាម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ បានថ្លែងអរគុណដល់ ONCB ថៃ ដែលបានផ្តល់ ការគាំទ្រលើការងារលើកកម្ពស់សមត្ថភាពមន្រ្តីលើការងារផ្សព្វផ្សាយអប់រំ ដែលនឹងធ្វើឱ្យប្រជាពលរដ្ឋទទួលបានចំណេះដឹងដូចគ្នាព្រោះថា មន្ត្រីនឹងផ្ទេរចំណេះដឹងដល់ប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន ហើយពួកគាត់ឈប់ចាញ់កល់ល្បិចអាចការពារខ្លួន ការពារកូនចៅ ក្រុមគ្រួសារ ហើយចូលរួមបង្ការទប់ស្កាត់គ្រឿងញៀនឆ្លងកាត់ព្រំដែននិងបានស្នើសុំឲ្យគ្រប់សមាសភាពទាំងអស់ត្រូវបំផុស ជំរុញឱ្យប្រជាពលរដ្ឋទាញយក App NoDrug : https://nodrugsnacd.com/download ប្រើប្រាស់និងរាយការណ៍រាល់ករណីគ្រឿងញៀន។

ថ្លែងក្នុងនាមលោក សុខ លូ អភិបាលខេត្ត ក្នុងឱកាសនោះដែរលោក ធូ ភា អភិបាលរង និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តបាត់ដំបង បានថ្លែងអំណរគុណគ្រប់ភាគីពាក់ព័ន្ធ ទាំងអស់ដែលបានចូលរួមចំណែកក្នុងការងារបង្ការ ទប់ស្កាត់ បង្ក្រាប បញ្ហាគ្រឿងញៀននៅក្នុងមូលដ្ឋានខេត្តបាត់ដំបង ហើយលោកសូមអំពាវនាវដល់គ្រប់សមាសភាពត្រូវបន្តពង្រឹងនូវ សមត្ថភាពរបស់ខ្លួន ពិសេសបន្តការងារផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋតាមគ្រប់លទ្ធភាពដើម្បីឲ្យពួកគាត់មានចំណេះដឹងមូលដ្ឋានចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀនដែលជាសត្រូវរួមរបស់យើងទាំងអស់គ្នាសំដៅការពារបាននូវក្រុមគ្រួសារយើងសហគមន៍យើងគ្មានគ្រឿងញៀន «ប្រជាជនម្នាក់គឺជាអាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀនម្នាក់»។

សិក្ខាសាលានេះប្រព្រឹត្តទៅរយៈពេល០២ថ្ងៃគឺថ្ងៃទី២-៣ ខែធ្នូ ឆ្នាំ២០២៤៕