(កំពត)៖ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១កាកបាទក្រហមកម្ពុជា បានអញ្ជើញចូលរួមជាអធិបតី ក្នុងកម្មវិធីបើកវគ្គសិក្ខាសាលាស្ដីពី «ការតម្រង់ទិសការត្រៀមរៀបចំឆ្លើយតបប្រកបដោយប្រសិទ្ធភាព និងការប៉ាន់ប្រមាណ»។
ពិធីបើកសិក្ខាសាលានេះ បានប្រារព្ធធ្វើឡើង នាព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ នៅសណ្ឋាគារកំពតសាន់នី ស្ថិតក្នុងសង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត ដោយមានការចូលរួមពីសំណាក់លោកស្រីវេជ្ជបណ្ឌិត យូ សុគន្ធ អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត, អ្នកនាង Sara Lan ប្រធានប្រព័ន្ធគ្រប់គ្រងគ្រោះមហន្តរាយ សាខាកាកបាទក្រហមចិន ក្រុងហុងកុង, អ្នកនាង Anglela So អនុប្រធានស្ដីទី Local Disaster Relief សាខាកាកបាទក្រហមចិន ក្រុងហុងកុង និងអ្នកនាង រ៉ាត់ឆាដាផន ផាត់តាណាសិរីមង្គល តំណាងសហព័ន្ធអន្តរជាតិកម្រងប្រទេសថៃ-កម្ពុជា-ឡាវ និងវៀតណាម ព្រមទាំងលោក លោកស្រី ជាសមាជិកគណៈកម្មាធិការសាខា នាយក នាយិកាសាខា នាយករងសាខា និងមន្ត្រីកាកបាទក្រហមកម្ពុជា ទាំងនៅទីស្នាក់ការកណ្ដាល និងសាខាទាំងអស់ នៃប្រទេសកម្ពុជា។
គោលបំណងសំខាន់សម្រាប់សិក្ខាសាលាថ្ងៃនេះ រួមមាន៖
*ទី១៖ ផ្សព្វផ្សាយការយល់ដឹងអំពីបែបផែន (PER) និងសារសំខាន់ក្នុងការពង្រឹងសមត្ថភាព សមាគមជាតិ លើការត្រៀមបង្ការ និងឆ្លើយតប និងការប្រកាសឲ្យដឹងមុនចាត់សកម្មភាពទាន់ពេល (EWEA) ដោយសង្កត់ធ្ងន់លើអន្តរទំនាក់ទំនងជាមួយ នឹងបែបផែន (PER)។
*ទី២៖ ប៉ាន់ប្រមាណសមាសភាព (PER) របស់កាកបាទក្រហមកម្ពុជា ដែលផ្ដោតលើការប្រកាសឲ្យដឹងមុន ចាត់សកម្មភាពទាន់ពេល និងដើម្បីណែនាំសកម្មភាពដែលអាចធ្វើទៅបាន សម្រាប់បង្កើនសមត្ថភាពទាំងនេះ ប្រកបដោយប្រសិទ្ធភាព។
នាឱកាសបើកសិក្ខាសាលានេះ លោកស្រី ម៉ែន នារីសោភ័គ បានផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះលោក លោកស្រីទាំងអស់ ដែលបានអញ្ជើញ មកចូលរួមក្នុងសិក្ខាសាលា នាថ្ងៃនេះ។
លោកស្រី ម៉ែន នារីសោភ័គ បានលើកបញ្ជាក់ទៀតថា សហព័ន្ធអន្តរជាតិ បានឧបត្ថម្ភថវិកា ដើម្បីអនុវត្តគម្រោង សកម្មភាពប្រកាសឲ្យដឹងមុន ចាត់សកម្មភាពទាន់ពេលសម្រាប់មុខសញ្ញាគ្រោះថ្នាក់ទាក់ទងអាកាសធាតុ ដែលគម្រោងនេះ មានរយៈពេល ៦ខែ ចាប់ពីខែកក្កដា ដល់ខែធ្នូ ឆ្នាំ ២០២៤ និងត្រូវបានពន្យាពេល ៣ខែបន្ថែមទៀត ដល់ត្រីមាសទី១ ឆ្នាំ២០២៥។ មានសកម្មភាពធំៗចំនួន២ នៅក្នុងគម្រោងនេះ ក្នុងនោះគឺមានសិក្ខាសាលាស្ដីពី PER ដែលកំពុងតែរៀបចំ នៅថ្ងៃនេះផងដែរ។
លោកស្រី បន្តថា ការពង្រឹងបាននូវការត្រៀមរៀបចំ និងការឆ្លើយតបគ្រោះមហន្តរាយ នៅថ្នាក់ជាតិ តំបន់ និងសាកល ពិតជាមានសារៈសំខាន់ណាស់ ក្នុងការជួយសង្គ្រោះជីវិត ការពារជីវភាពរស់នៅ និងពង្រឹងការស្ដារឡើងវិញ។ ដូចនេះការងារ PER មិនមែនជារឿងថ្មីទេ សម្រាប់សមាគមជាតិ វាត្រូវបានយកមកកែសម្រួលធ្វើឲ្យប្រសើរឡើងថែមទៀត តាមរយៈបទពិសោធន៍ ជាច្រើនទសវត្សរ៍របស់ចលនានៅជុំវិញពិភពលោក ជាពិសេស ពីដំណើរការត្រៀមរៀបចំល្អរបស់សមាគមជាតិ (WPNS) និងការវាយតម្លៃសមត្ថភាពឆ្លើយតបនឹងគ្រោះមហន្តរាយ (DRCE) ហើយផ្អែកលើភស្តុតាងនៃការត្រៀមរៀបចំទុកជាមុន និងឆ្លើយតបចុងក្រោយបំផុត។
លោកស្រី បានបញ្ជាក់ទៀតថា នាពេលបច្ចុប្បន្ន មានសមាគមជាតិ ជាង ១០៥ប្រទេស ដែលកំពុងប្រើប្រាស់ និងអនុវត្តនូវអភិក្រម PER នេះ ក្នុងនោះកាកបាទក្រហមកម្ពុជា បាននឹងកំពុង បើកសិក្ខាសាលាតម្រង់ទិស និងប៉ាន់ប្រមាណ ពាក់ព័ន្ធការងារ (PER) ផងដែរ ហើយគោលដៅនៃអភិក្រម (PER) គឺ "ជំរុញឲ្យសមាគមជាតិបំពេញតួនាទីជំនួយការឲ្យអាជ្ញាធរសាធារណៈ ស្របតាមគោលការណ៍គ្រឹះរបស់ចលនា ដោយពង្រឹងសមត្ថភាពត្រៀមរៀបចំឆ្លើយតប ដើម្បីធានាបាននូវជំនួយមនុស្សធម៌ទាន់ពេលវេលា និងមានប្រសិទ្ធភាពក្នុងការទប់ស្កាត់ និងកាត់បន្ថយការឈឺចាប់របស់មនុស្ស"។
ទន្ទឹមនេះលោកស្រី សង្ឃឹម និងជឿជាក់ថា សិក្ខាសាលារយៈពេល ៥ ថ្ងៃនេះ នឹងបង្កើនការយល់ដឹងបន្ថែមទៀត អំពីអភិក្រម PER ជូនសមាជិកគណៈកម្មាធិការសាខានាយក នាយិកាសាខា នាយករងសាខា និងមន្ត្រីកាកបាទក្រហមកម្ពុជា ទាំងនៅស្នាក់ការកណ្ដាល និងសាខាទាំងអស់ ដែលមានវត្តមាន នៅថ្ងៃនេះ ជាពិសេសការកំណត់បាននូវចំណុចដៅ និងចំណុចដែលត្រូវយកចិត្តទុកដាក់ (Benchmarks/consideration) ដើម្បីពង្រឹងសមត្ថភាពរបស់សមាគមជាតិ ឲ្យកាន់តែប្រសើរឡើងថែមទៀត នៅក្នុងការងារត្រៀមរៀបចំឆ្លើយតប ប្រកបដោយប្រសិទ្ធភាព ដែលសំដៅកាត់បន្ថយផលប៉ះពាល់ ទាំងមុនពេល ក្នុងពេល និងក្រោយពេលគ្រោះមហន្តរាយ/វិបត្តិភ័យ និងសូមឲ្យអ្នកចូលរួមទាំងអស់ ពេលត្រឡប់ទៅវិញ ត្រូវធ្វើជារបាយការណ៍ជូនថ្នាក់ដឹកនាំសាខា និងចែករំលែកដល់មន្ត្រីប្រតិបត្តិផ្សេងៗទៀត ដែលមិនបានមកចូលរួមក្នុងពេលនេះ។
សិក្ខាសាលាខាងលើនេះ ធ្វើឡើងក្នុងរយៈពេល ៥ ថ្ងៃ គឺចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី៦ ខែធ្នូ ៕