(បាត់ដំបង)៖ លោក សុខ លូ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា, ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ បានដឹកនាំប្រារព្ធមីទ្ធិញខួបអនុស្សាវរីយ៍លើកទី៤៦ ទិវាកំណើតរណសិរ្យសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ដោយមានការចូលរួមពី លោក លោកស្រី ប្រធានមន្ទីរនានាជុំវិញខេត្ត ព្រះសង្ឃ កងប្រដាប់អាវុធទាំងបី និងមន្ត្រីរាជការ សមាជិក សមាជិកា ជាច្រើននាក់ នៅសាលមហោស្រពស្ទឹងសង្កែ ក្រុងបាត់ដំបង។
នាឱកាសនោះលោក សុខ លូ បានឡើងអានសារលិខិតរបស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្យសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា និងជាឧត្តមប្រឹក្សាព្រះមហាក្សត នៃកម្ពុជា ក្នុងគោលបំណង រំលឹកឡើងវិញនូវទិវាជាប្រវត្តិសាស្ត្រ នៃដំណើរចាប់ផ្តើមរស់រានមានជីវិតឡើងវិញរបស់ជាតិមាតុភូមិ និងប្រជាជនកម្ពុជា ដើម្បីប្រកាសជាឱឡារិកថា រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាមិនត្រឹម តែសង្គ្រោះយើងទាំងអស់គ្នា ឱ្យចាកផុតពីគ្រោះមហន្តរាយនៃរបបប្រល័យពូជសាសន៍ប៉ុណ្ណោះទេ ប៉ុន្តែរណសិរ្សបានរួមចំណែកយ៉ាងធំធេងជាមួយរដ្ឋាភិបាល ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការស្តារ កសាង និងអភិវឌ្ឍន៍សង្គមជាតិ នៅគ្រប់ដំណាក់កាលធ្វើឱ្យមាតុភូមិកម្ពុជាមានការរីកចម្រើនប្រែមុខមាត់ថ្មីប្រកបដោយមោទនភាព។
លោកបានបន្តថា ក្នុងមហាសន្និបាតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាលើកទី៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក៏បានផ្តល់នូវអនុសាសន៍បន្ថែមចំនួន ៧ចំណុច ដល់មហាសន្និបាតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជាលើកទី៦ ដើម្បីសម្រេចជោគជ័យក្នុងដំណាក់កាលថ្មី ដែលឱ្យរណសិរ្សគ្រប់ថ្នាក់គប្បីយកចិត្តទុកដាក់បន្តអនុវត្ត ប្រែក្លាយសេចក្តីសម្រេចចិត្ត នៃអង្គមហាសន្និបាត ឱ្យក្លាយជាសកម្មភាពជាក់ស្តែងរួមមាន៖
ទី១៖ បន្តចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីថែរក្សាសុខសន្តិភាពស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់ សុខដុមនៃសង្គម និងការពារដាច់ខាតនូវឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដី។
ទី២៖ រណសិរ្សគ្រប់ថ្នាក់ ត្រូវពង្រឹង និងពង្រីករចនាសម្ព័ន្ធចាត់តាំងរណសិរ្សបង្កើនសមត្ថភាព គ្រប់គ្រង និងដឹកនាំការងារ ស្វែងរកប្រភពគាំទ្រឱ្យបានកាន់តែច្រើនឡើង ដើម្បីធានានិរន្តរភាព និងវឌ្ឍនភាព នៃបេសកកម្ម រចនាសម្ព័ន្ធ និងបុព្វហេតុរបស់រណសិរ្ស។
ទី៣៖ រណសិរ្សគ្រប់ថ្នាក់ត្រូវបន្តអប់រំ បំផុសចលនា បញ្ញាបការយល់ដឹងអំពីគោលនយោបាយ នានា របស់រាជរដ្ឋាភិបាល ឱ្យជ្រួតជ្រាបទូលំទូលាយក្នុងសង្គម និងការប្រមូលផ្តុំកម្លាំងមហាជន ពីគ្រប់ ស្រទាប់ គ្រប់មជ្ឈដ្ឋាន ដើម្បីចូលរួមគាំទ្រ និងអនុវត្តគោលការណ៍ និងគោលនយោបាយទាំងនោះ សំដៅ ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា សម្រេចបានចក្ខុវិស័យនៃការអភិវឌ្ឍសេដ្ឋកិច្ច សង្គមរបស់កម្ពុជា ជាពិសេស ជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០។
ទី៤៖ ចូលរួមក្នុងការតស៊ូប្តូរផ្តាច់ ក្នុងការទប់ស្កាត់នូវរាល់ឧបាយកល និងសកម្មភាពបំបែកបំបាក់ សាមគ្គីជាតិរបស់ក្រុមប្រឆាំង មជ្ឈដ្ឋានអមិត្តទាំងក្នុងនិងក្រៅប្រទេស ដែលប៉ុនប៉ងអូសទាញមហាជន ប្រជាជនឱ្យប្រឆាំងចំពោះបុព្វហេតុកសាង និងអភិវឌ្ឍន៍ជាតិមាតុភូមិជាទីស្នេហានៃយើង។
ទី៥៖ ពង្រឹង និងថែរក្សាឱ្យបានរឹងមាំនូវសាមគ្គីភាព និងឯកភាពផ្ទៃក្នុង ទាំងទស្សនៈគោលជំហរ និងនយោបាយសតិអារម្មណ៍ តាមគោលការណ៍ «រក្សាចាស់ បង្កើនថ្មី»។
ទី៦៖ ចូលរួមអនុវត្តមាគ៌ាគោលនយោបាយការទូតសន្តិភាព ឯករាជ្យ មិត្តភាព និងសហប្រតិបត្តិ ការ ស្មើភាពជាមួយបណ្តាប្រទេសនានានៅលើពិភពលោក ដោយឈរលើមូលដ្ឋានគោរពឯករាជ្យ អធិបតេយ្យ ស្មើសិទ្ធិ និងមានផលប្រយោជន៍ទាំងសងខាង ស្របតាមបាវចនារបស់រាជរដ្ឋាភិបាលកម្ពុជា នៃការ «កែទម្រង់ខាងក្នុង កសាងមិត្តខាងក្រៅ ដោយឈរលើមូលដ្ឋានឯករាជ្យ»។
ទី៧៖ ត្រូវយកស្មារតី នៃអង្គមហាសន្និបាតរណសិរ្សលើកទី៦ ទៅផ្សព្វផ្សាយបន្តឱ្យបានទូលំទូលាយ បន្ថែមទៀតដល់គ្រប់មជ្ឈដ្ឋានសង្គម។
នាឱកាសនេះ ក្នុងនាមរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា សូមចូលរួមអបអរសាទរ ចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គណៈអធិបតីកិត្តិយសរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុ ជា និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលបានទទួលពានរង្វាន់សន្តិភាព ដើម្បីមនុស្សជាតិ និងភពផែនដី ពីសម័យប្រជុំ IPTP ដែលជាមគ្គទេសក៍សន្តិភាពរបស់កម្ពុជា ដោយ សម្តេច បានពលិកម្ម ស្ទើរពេញមួយជីវិតក្នុងការស្វែងរកសន្តិភាព ការផ្សះផ្សាជាតិ និងការលើកម្ពស់សន្តិភាព ជូនប្រជាជននិង ប្រទេសកម្ពុជា៕