(សៀមរាប)៖ នៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤នេះ គណៈកម្មាធិការរណសិរ្ស​សាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជាស្រុកសូទ្រនិគម ខេត្តសៀមរាប បានរៀបចំពិធី​អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ ថ្ងៃកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុ​ភូមិកម្ពុជា។ ពិធីនេះប្រព្រឹត្តទៅនៅទីស្នាក់ការគណបក្សស្រុកសូទ្រនិគម ក្រោម​អធិប​តីភាពលោកបណ្ឌិត សឹង សំណាង សមាជិកគណៈអចិន្ត្រៃយ៍​គណៈកម្មា​ធិ​ការ​កណ្តាល អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តសៀមរាប និងជា​ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកសូទ្រនិគម។

ពិធីនេះក៏មានការចូលរួមពីសមាជិក សមាជិកា  ស្រុក ឃុំ ភូមិ និងព្រះសង្ឃ ចំនួន៤១០អង្គ/នាក់។

ក្នុងពិធីនោះលោកបណ្ឌិត សឹង សំណាង បានរំលឹកឡើងវិញនូវទិវាជា​ប្រវត្តិ​សាស្ត្រ នៃដំណើរចាប់ផ្តើមរស់រានមានជីវិតឡើងវិញរបស់ជាតិមាតុភូមិ និងប្រជា​ជន​កម្ពុជា។ លោកបណ្ឌិត បានគូសបញ្ជាក់ថា ៤៦ឆ្នាំកន្លងមកនេះ ប្រជាជន​កម្ពុជា​​បានរួមរស់ជាមួយគ្នា ពុះពារឆ្លងកាត់ឧបសគ្គតូចធំ ទាំងឡាយយ៉ាង​អង់អាច​ក្លាហានក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយគណបក្សប្រជា​ជន​កម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាស្នូលដឹកនាំ និងជាអគ្គមគ្គទេស​ក៍​ដ៏ឆ្នើមរបស់ប្រជាជនកម្ពុជា។

ជំនួសមុខឱ្យប្រជាពលរដ្ឋនៅស្រុកសូទ្រនិគមទាំងអស់ លោក សឹង សំណាង សម្តែងនូវកតញ្ញូតាធម៌ជូនចំពោះសម្ដេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយស​ក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា សម្ដេចតេជោ ហ៊ុន សែន គណ:អធិបតីកិត្តិយសរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា អតីតនាយក​រដ្ឋ​មន្ត្រី និងជាប្រធានព្រឹទ្ធសភាដែលជាអគ្គស្ថាបនិករណ​សិរ្សសាមគ្គី​សង្គ្រោះជាតិ​កម្ពុជា ដែលបានធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីបុព្វហេតុជាតិ និងប្រជាជន និងជាមគ្គុទេ្ទសន៍ដ៏ឆ្នើមនៃប្រជាជនកម្ពុជា ។

លោក សឹង សំណាង និងប្រជាពលរដ្ឋក្នុងស្រុកសូទ្រនិគម សំដែងស្មារតីដឹងគុណ​យ៉ាងជ្រាលជ្រៅគោរពជូនដួងវិញ្ញាណក្ខ័ន្ធ សម្ដេចធម្មពោធិសាល ជា ស៊ីម ជាអគ្គ​ស្ថាបនិករណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា និងវីរយុទ្ធជន វីរយុទ្ធនារី​ ដែលបាន​ធ្វើ​ពលិកម្មដ៏ធំធេងអង់អាចក្លាហានក្នុងបុព្វហេតុជាតិ។

លោក សឹង សំណាង បានបន្តថា ស្មារតី២ធ្នូ ស្មារតី ៧មករា បានចារឹកជាប់ក្នុង​មន​សិការរបស់ប្រជាជន ប្រែក្លាយទៅជាកម្លាំងយ៉ាងធំធេងក្នុងការ បង្កើតឡើងនូវ​សមិទ្ធផលធំៗ នៃសង្គមជាតិ។ ក្រោមពន្លឺនៃសន្តិភាព សេរីភាព មនសិការជាតិ និង​ក្នុងជំហរផ្សារភ្ជាប់នូវជោគវាសនារបស់យើងទាំងអស់គ្នា យើងជឿជាក់ថា នឹងគ្មានការកើតឡើងជាថ្មីទៀតនូវសោកនាដកម្មដូចក្នុងអតីតកាល។

លោកបណ្ឌិត សឹង សំណាង បានអំពាវនាវដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកា​ដ៏​សកម្ម​នៃរណសិរ្សគ្រប់ថ្នាក់ សូមលើកកម្ពស់ស្មារតីថែរក្សាសាមគ្គីភាព ឯកភាព​ផ្ទៃ​ក្នុងប្រកាន់ខ្ជាប់ប្រពៃណីស្នេហាជាតិ ផ្សារភ្ជាប់ជាមួយប្រជាជន ខិតខំបញ្ចេញ​អស់​កម្លាំងកាយចិត្តក្នុងការបម្រើប្រទេសជាតិ។

ឆ្លៀតក្នុងឱកាសនោះលោកបណ្ឌិត សឹង សំណាង ក៏បានលើកឡើងពីសមិទ្ធផល​ជាប្រវត្តិសាស្រ្តដែលគណបក្សប្រជាជនកម្ពុជាបានសម្រេចជូនជាតិ និងប្រជាជន ក្នុងនោះរួមមាន ការដណ្តើមបានជ័យជម្នះជាប្រវត្តិសាស្ត្រលើ​របបប្រល័យ​ពូជ​សាសន៍ប៉ុលពត នាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ដែលបានសង្គ្រោះជាតិឱ្យ​មាន​ជីវិតឡើងវិញទាន់ពេលវេលា និងទប់ស្កាត់របបយង់ឃ្នង់នេះមិនឱ្យវិលត្រឡប់មក​វិញ។

បន្ថែមពីលើនោះ រាជរដ្ឋាភីបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានលើក​ស្ទួយឥតឈប់ឈរនូវសិទ្ធិសេរីភាពគ្រប់យ៉ាង ជាពិសេសសិទ្ធិនៃការមានជីវិតរស់​នៅ​របស់​ប្រជាជនប្រកបដោយកិត្តិយស និងសេចក្ដីថ្លៃថ្នូរ។ បក្សប្រជាជនកម្ពុជា ជាកម្លាំងស្នូលនៃការផ្សះផ្សារបង្រួបបង្រួមជាតិរហូតសម្រេចបានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនៅថ្ងៃទី២៣ ខែតុលាឆ្នាំ១៩៩១។

ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឱ្យកម្ពុជា បញ្ចប់សង្គ្រាម​ដ៏រ៉ាំ​រ៉ៃបង្កើតបានសន្តិភាពពេញលេញ និងឯកភាពជាតិឯកភាពទឹកដីទាំងស្រុង​ចាប់​ពីចុងឆ្នាំ១៩៩៨ មកតាមរយៈការអនុវត្តនយោបាយឈ្នះឈ្នះ ប្រកប​ដោយ​ជោគ​ជ័យ ធ្វើឱ្យអង្គការចាត់តាំងទាំងខាងនយោបាយ និងយោធារបស់ពួកឧទ្ទាម​ខ្មែរ​ក្រហមត្រូវរលំរលាយទាំងស្រុង។

រាជរដ្ឋាភិបាលដឹកនាំដោយបក្សប្រជាជន បានប្រឹងប្រែងអនុវត្តកែទម្រង់រដ្ឋដ៏​ស៊ី​ជម្រៅ និងទូលំទូលាយប្រកបដោយផ្លែផ្កាដែលបានធានាដល់​ការលើកកម្ពស់​អភិ​បាលកិច្ចគ្រប់ស្ថាប័ន គ្រប់ថ្នាក់ ការពង្រឹងយុត្តិធម៌សមធម៌សង្គមការផ្ដ​ល់សេវា​សាធារណៈជូនប្រជាពលរដ្ឋការជំរុញកំណើនសេដ្ឋកិច្ចនិងការកែវល្អជីវភាពរបស់ប្រជាជន។ បន្ថែមពីលើនោះ រាជរដ្ឋាភិបាលដឹកនាំដោយបក្សប្រជាជនកម្ពុជា
បានស្ដារសេដ្ឋកិច្ចសង្គមពីស្ថានភាពត្រូវបានបំផ្លាញឱ្យរស់ឡើងវិញ និងមានស្ថេរភាពជាជំហានៗរហូតឈានដល់ដំណាក់កាលអភិវឌ្ឍន៍លើគ្រប់វិស័យធ្វើឲ្យសង្គមជាតិមានការផ្លាស់ប្ដូរមុខមាត់យ៉ាងធំធេង។

https://image.freshnewsasia.com/2021/id-025/fn-2024-12-02-15-25-47-3.JPG https://image.freshnewsasia.com/2021/id-025/fn-2024-12-02-15-25-49-0.JPG https://image.freshnewsasia.com/2021/id-025/fn-2024-12-02-15-25-52-0.JPG