(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំសហភាពសហជីព សហព័ន្ធសហជីព និងដៃគូទាំងអស់ ឱ្យខិតខំបន្តទៀតក្នុងកិច្ចសហការ និងបង្រួបបង្រួមគ្នាឱ្យកាន់តែធំ មានសមាជិកកាន់តែច្រើន មានកម្លាំងខ្លាំង និងមានប្រសិទ្ធភាពខ្ពស់ ក្នុងភាពជាតំណាងឱ្យឆន្ទៈជាក់ស្តែងរបស់កម្មករនិយោជិតទាំងនៅក្នុងប្រទេស និងលើឆាកអន្តរជាតិ។
ការលើកទឹកចិត្ដបែបនេះ គឺធ្វើឡើងក្នុងពេលដែលលោករដ្ឋមន្ត្រី បានអញ្ជើញចូលរួមក្នុង កម្មវិធីបិទ «សមាជវិសាមញ្ញក្រុមប្រឹក្សាសហជីពជាតិកម្ពុជា (CCNU)» នៅភោជនីយដ្ឋានទន្លេបាសាក់២។
លោករដ្ឋមន្ត្រី ហេង សួរ ក៏បានសម្តែងនូវការកោតសរសើរខ្ពស់ចំពោះការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំសហភាពសហជីព ដែលជាសមាជិករបស់ក្រុមប្រឹក្សាសហជីពជាតិកម្ពុជា (CCNU) ដែលបានខិតខំបំពេញតួនាទីរបស់ខ្លួន ប្រកបដោយវិជ្ជាជីវៈ និងការប្តេជ្ញាចិត្តខ្ពស់ និងមានការចូលរួមពីដៃគូសង្គមនានា ដែលនេះបានសបញ្ជាក់ឱ្យឃើញនូវការរួបរួមយ៉ាងសកម្មពីសហភាពសហជីព សហព័ន្ធសហជីព និងដៃគូពាក់ព័ន្ធផ្សេងៗ ដើម្បីជំរុញការធានាបាននូវភាពសុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា។
លោករដ្ឋមន្ត្រី សូមសម្ដែងនូវសេចក្តីត្រេកអរឥតឧបមា ចំពោះអង្គសមាជ ដែលបានឯកភាពគ្នាក្នុងការកំណត់យកឈ្មោះ «ក្រុមប្រឹក្សាសហជីពជាតិកម្ពុជា (CCNU)» មកប្រើប្រាស់ឡើងវិញ។ នេះជាសច្ចៈសក្ខីភាពនៃការបន្តមរតកដឹកនាំអង្គការវិជ្ជាជីវៈ ដែលមានអាយុកាល១២ឆ្នាំមកហើយ។ ទន្ទឹមនឹងនេះលោកសូមអបអរសាទរចំពោះលោកប្រធាន លោក លោកស្រីផ្សេងទៀត ដែលត្រូវបានអង្គសមាជ បោះឆ្នោត ជ្រើសតាំង ជាថ្នាក់ដឹកនាំក្រុមប្រឹក្សាសហជីពជាតិកម្ពុជា (CCNU) សម្រាប់រយៈពេល ៣ឆ្នាំ នៃអណតិ្តទី៩ នេះ។
លោកជំរុញឱ្យសហជីពបន្តកិច្ចខិតខំប្រឹងប្រែង សាមគ្គីគ្នាជាធ្លុងមួយ ដើម្បីផ្តល់ការធានាដល់វិយោគិនជាតិ និងវិនិយោគិនផ្ទាល់ពីក្រៅប្រទេស ដែលកម្ពុជាពឹងផ្អែកជាគោល ឱ្យមានទំនុកចិត្តកាន់តែមុតមាំ ដើម្បីសម្រេចចិត្តក្នុងការបណ្តាក់ទុនវិនិយោគថ្មី ឬការបន្ថែមទុនវិនិយោគលើគម្រោង ដែលមានស្រាប់។ ការណ៍នេះ នឹងផ្តល់អត្ថប្រយោជន៍ដោយផ្ទាល់ដល់ការបង្កើនការងារ និងប្រាក់ចំណូលដល់ប្រជាពលរដ្ឋ ព្រមទាំងអត្ថប្រយោជន៍ប្រយោលក្នុងការបន្តរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ហិរញ្ញវត្ថុសាធារណៈ និងពិពិធកម្មរចនាសម្ព័ន្ធឧស្សាហកម្មកម្ពុជា។
លោករដ្ឋមន្ដ្រី ក៏បានរំលឹកដែរថា ភាពគត់មត់នៃស្ថិរភាពនយោបាយ និងជវភាពនៃមូលដ្ឋានគ្រឹះសេដ្ឋកិច្ចកម្ពុជា ដែលបានចំណាយពេលកសាងរយៈពេល ២៦ឆ្នាំចុងក្រោយនេះ បានផ្តល់ឱកាសកាន់តែទូលាយ ឱ្យបានជំរុញការអភិវឌ្ឍទៅ កាន់មួយកម្រិតបន្ថែមទៀត ព្រមទាំងបង្កើននូវគុណភាពនៃការរស់នៅរបស់ប្រជាពលរដ្ឋជារួម និងជាពិសេសបងប្អូនកម្មករនិយោជិត តាមរយៈការបង្កើន ជាប់មិនដាច់នូវនូវអត្ថប្រយោជន៍សម្រាប់កម្មករនិយោជិត៕