(កំពង់ធំ)៖ លោក សួរ វីរៈ អគ្គនាយកក្រុមហ៊ុនវីរៈប៊ុនថាំ បានថ្លែងថា វិស័យអប់រំនិងមូលធនមនុស្សជាវិស័យអាទិភាពបំផុតក្នុងការអភិវឌ្ឍប្រទេសជាតិ។
លោកបានលើកឡើងដូច្នេះ ក្នុងពិធីកាត់ខ្សែបូសម្ពោធអគារសិក្សា ខ្លោងទ្វារនិងសមិទ្ធផលនានានៅក្នុងសាលាមត្តេយ្យសិក្សាធនធានព្រះនាង ស្ថិតនៅក្នុងភូមិកំពង់ក្តី ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៤។
លោកបានបញ្ជាក់បន្ថែមថា ដើម្បីឱ្យវិស័យអប់រំនិងមូលធនមនុស្សរឹងមាំទៅបានគឺអាស្រ័យលើសុខភាពរបស់សិស្សានុសិស្ស ឬអ្នកបច្ចេកទេសប្រកបដោយភាពរឹងមាំល្អ ហើយលោកមានជំនឿចិត្តថាក្រោយពីអាគារនេះដាក់សម្ពោធហើយ សិស្សានុសិស្សអាចសិក្សារៀនសូត្រប្រកបដោយផាសុខភាព គុណភាពនិងចូលរួមចំណែកធំធេងក្នុងការអភិវឌ្ឍវិស័យអប់រំជាពិសេសវិស័យអប់រំ នៅក្នុងស្រុកស្ទោង។
ទន្ទឹមនឹងនេះ លោកបានអំពាវនាវគ្រប់ភាគីពាក់ព័ន្ធ ជាពិសេស អាណាព្យាបាល អាជ្ញាធរដែនដីនិងអាជ្ញាធរអប់រំដើម្បីចូលរួម អភិវឌ្ឍន៍និងគាំទ្របន្ថែមទៀតដល់សាលាមត្តេយ្យសិក្សាធនធានព្រះនាង ដើម្បីជាសាលារៀនគំរូនិងជាទីមេត្រីរបស់កុមារនិងសិស្សានុសិស្ស។
លោកបានបញ្ជាក់បន្ថែមថាដើម្បីអភិវឌ្ឍធនធានមនុស្សឲ្យប្រសើរនោះ អាស្រ័យទៅលើអាណាព្យាបាលយកចិត្តទុកដាក់ និងធ្វើជាគំរូដល់កូនៗ ព្រោះថាកុមារតូចៗគឺជាក្រដាសសមួយស្អាតប្រសិនបើធ្វើឲ្យក្រដាសសនោះប្រឡាក់ហើយ នាំឲ្យការសិក្សាទទួលបាននូវលទ្ធផលបែបនោះ។
លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅក្រៃលែង ដល់ លោក សួរ វីរៈ ដែលបានឧបត្ថម្ភគាំទ្រពេញទំហឹង ក្នុងការកសាងខ្លោងទ្វារ អគារសិក្សា និងសមិទ្ធផលនានានៅក្នុងសាលាមត្តេយ្យសិក្សាធនធាន ដែលដាក់កាត់ខ្សែបូសម្ពោធ នៅក្នុងឱកាសនេះដែលជាការរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍមូលដ្ឋាននិងវិស័យអប់រំ។
លោកសូមសំណូមពរដល់លោក សួរ វីរៈ និងលោកស្រី រួមទាំងសប្បុរសជនផ្សេងទៀតចូលរួមកសាងសមិទ្ធិផលផ្សេងៗទៀត ដើម្បីឲ្យស្រុកស្ទោងមានការរីកចម្រើន ដើម្បីចូលរួមចំណែកក្នុងការកសាងអភិវឌ្ឍប្រទេសជាតិ ។
គួរបញ្ជាក់ថា អគារសិក្សាថ្មីនេះមានចំនួន៤បន្ទប់ព្រមទាំងបំពាក់នូវគ្រឿងសង្ហារឹម និងបរិក្ខារសិក្សា ខ្លោងទ្វារ និងសមិទ្ធផលនានាជាច្រើនទៀត ដែលមានទឹកប្រាក់សរុបជាង ១៥ម៉ឺនដុល្លារ សហរដ្ឋអាមេរិក៕