(ស្វាយរៀង)៖ លោក ម៉ែន កល្យាណ អភិបាលរងខេត្តស្វាយរៀង បានថ្លែងប្រាប់យោធិននៃកងរាជអាវុធហត្ថខេត្ត ទើបជ្រើសរើសថ្មី ជាប់ជាស្ថាពរ ចូលហ្វឹកហ្វឺននៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្តភ្នំជុំសែន រីករាយ ខេត្តកំពង់ឆ្នាំង ត្រូវរក្សាការស្មោះត្រង់ដាច់ខាត ចំពោះជាតិមាតុភូមិ និងលើកកម្ពស់មនសិការស្នេហាជាតិ គោរពឱ្យបានមុឺងម៉ាត់រាល់តួនាទីភារកិច្ចរបស់កងទ័ព ក្នុងការពង្រឹងខឿនការពារជាតិការពារឯករាជ្យភាពសន្តិភាព ការពារបន្ទាត់ព្រំដែន និង បូរណភាពទឹកដី។
ការថ្លែងប្រាប់បែបនេះរបស់លោក ម៉ែន កល្យាណ បានធ្វើឡើងខណៈដែលលោកតំណាងលោកអភិបាលខេត្តស្វាយរៀង ចូលរួមសំណេះសំណាល និងជូនដំណើរយោធិននៃកងរាជអាវុធហត្ថ ទើបជ្រើសរើសថ្មី (ជាប់ជាស្ថាពរ)ចំនួន៤៨រូប ចូលហ្វឹកហ្វឺននៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ (ភ្នំជុំសែនរីករាយ) ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ ២០២៤ នៅទីបញ្ជាការកងរាជរដ្ឋហត្ថខេត្តស្វាយរៀង។
ពិធីសំណេះសំណាលនេះមានការចូលរួម ពីលោកឧត្តមសេនីយ៍ត្រី សុខា រ៉ានាថ មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង និងមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងស្វាយរៀង ព្រមទាំងនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តស្វាយរៀង និងក្រុមគ្រួសារ មាតា បីតា របស់យោធិន នៃកងរាជអាវុធហត្ថទើបជ្រើសរើសថ្មី បានអញ្ជើញមកចូលរួមក្នុងពិធីសំណេះសំណាល និងជូនដំណើរផងដែរ។
លោកអភិបាលរងខេត្តបានផ្តាំផ្ញេីដល់យោធិន នៃកងរាជអាវុធហត្ថទើបជ្រើសរើសថ្មីនូវចំណុចសំខាន់មួយចំនួនដូចខាងក្រោម៖
១៖ ត្រូវតែការពារឱ្យបានដាច់ខាតនូវសុខសន្តិភាពនិងរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត
២៖ ត្រូវរក្សាការស្មោះត្រង់ដាច់ខាត ចំពោះជាតិមាតុភូមិ និងលើកកម្ពស់មនសិការស្នេហាជាតិ គោរពឱ្យបានមុឺងម៉ាត់រាល់តួនាទីភារកិច្ចរបស់ កងទ័ព ក្នុងការពង្រឹងខឿនការពារជាតិការពារឯករាជ្យភាពសន្តិភាព ការពារបន្ទាត់ព្រំដែន និង បូរណភាពទឹកដី
៣៖ ត្រូវចូលរួមថែរក្សាពង្រឹងសន្តិភាពស្ថេរភាពនយោបាយសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈទាំងនៅក្នុងក្របខណ្ឌភូមិសាស្ត្រខេត្ត និងក្របខណ្ឌទូទាំងប្រទេស
៤៖ ត្រូវរក្សាការសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានល្អប្រសើរជាពិសេសជួរ នាយទាហាន និងមេបញ្ជាការត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌ គោរពវិន័យឱ្យបានខ្ជាប់ខ្ជួន។
៥៖ ត្រូវខិតខំហ្វឹកហ្វឺនរៀនសូត្រ និងពង្រឹងសមត្ថភាពជំនាញវិជ្ជាជីវៈ ផ្សេងៗឱ្យបានជាប់ជាប្រចាំ ព្រមទាំងត្រូវលើកកម្ពស់ស្មារតីទទួលខុសត្រូវ ក្នុងការគ្រប់គ្រងថែរក្សាសម្ភារ បរិក្ខាសព្វាវុធ និងគ្រឿងបំពាក់ផ្សេងៗឱ្យបានល្អប្រើប្រាស់ឱ្យចំទិសដៅ និងទុកដាក់ថែរក្សាឱ្យបានត្រឹមត្រូវ
៦៖ ត្រូវមានសាមគ្គីភាពផ្ទៃក្នុង បង្កើនកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរដែនដី អង្គភាពពាក់ពន្ធ័ និងប្រជាពលរដ្ឋក្នុងគោលដៅពង្រឹងការទំនាក់ទំនងបង្កើនការជឿជាក់ ការស្រឡាញ់រាប់អានពីប្រជាពលរដ្ឋ និងជួយប្រជាពលរដ្ឋពេលមានគ្រោះមហន្តរាយនានា ជាយថាហេតុ
៧៖ ត្រូវយកចិត្តទុកដាក់គ្រប់គ្រង កម្លាំងទ័ពឱ្យបានហ្មត់ចត់ និងមានវិធានការជាក់ស្តែងក្នុងការចិញ្ចឹមទ័ពលើកកម្ពស់ជីវភាពរស់នៅ និងការថែរក្សាសុខាមាលភាពយោធិនឱ្យបានមាំមួន ចៀសវាងជម្ងឺឆ្លងផ្សេងៗ
សូមបញ្ជាក់ថា ឱកាសនោះលោកអភិបាលរងខេត្តបាននាំយកនូវថវិកាឧត្តម្ភរបស់លោកអភិបាលខេត្ត ចំនួន២លានរៀល ជូនដល់សិក្ខាមដែលទៅហ្វឹកហាត់ផងដែរ៕