(ប៉េកាំង, ចិន)៖ នៅរសៀលថ្ងៃចន្ទ ទី២ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយលោក វ៉ាង ហ៊ូនីង (Wang Huning) ប្រធានគណៈកម្មាធិការជាតិ នៃសភាប្រឹក្សានយោបាយនៃប្រជាជនចិន នៅមហាវិមានប្រជាជន នារដ្ឋធានីប៉េកាំង ប្រទេសចិន។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន កំពុងបំពេញទស្សនកិច្ចមិត្តភាពផ្លូវការ នៅប្រទេសចិន។ ក្នុងដំណើរទស្សនកិច្ចនេះ សម្តេចតេជោ ហ៊ុន សែន នឹងមានជំនួបទ្វេភាគីជាមួយ លោក ស៊ី ជីនពីង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានាធិបតីចិន ព្រមទាំងមានជំនួបពិភាក្សាការងារដាច់ដោយឡែក ជាមួយលោក ចាវ ឡីជី ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន។
ស្របពេលដែលកម្ពុជា-ចិន បិទបញ្ចប់ឆ្នាំផ្លាស់ប្តូរប្រជាជន និងប្រជាជន ទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ជាលើកទី១ ក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភាកម្ពុជា នៅចិន នឹងផ្តល់សន្ទុះថ្មីក្នុងការពង្រឹងមិត្តភាពដែកថែប លើកកម្ពស់កិច្ចសហប្រតិបត្តិការនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ សំដៅធ្វើឱ្យ កាន់តែស៊ីជម្រៅកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងជំរុញការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មីប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់៕