(ភ្នំពេញ)៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបើកប្រតិបត្តិការស្រាវជ្រាវ និងឈានដល់ការបង្ក្រាបករណីចាប់បង្ខាំងមនុស្សខុសច្បាប់ ដើម្បីជំរិតទារប្រាក់ពីជនជាតិចិន ដោយក្លែងបន្លំប្រើប្រាស់ឯកសណ្ឋាននគរបាលជាតិ។ ប្រតិបត្តិការនេះ ធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, អគ្គស្នងការរងទទួលផែន និងលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។

របាយការណ៍របស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានឲ្យដឹងនៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះថា ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល១១យប់ នៅចំណុចអតីតសណ្ឋាគារមីង គួយ មានទីតាំងស្ថិតនៅផ្លូវលេខ១៧៤ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ មានជនជាតិចិនមានគ្នាចំនួន៤-៥នាក់ ជិះរថយន្ត១គ្រឿង ម៉ាក Alpard ពណ៌ស (មិនស្គាល់ផ្លាកលេខ) បានធ្វើសកម្មភាពចាប់ជនរងគ្រោះម្នាក់ឈ្មោះ LU WEI ភេទប្រុស ជនជាតិចិន ដាក់ចូលក្នុងរថយន្ត រួចជិះគេចចេញពីទីតាំងខាងលើ។

ក្រោយទទួលព័ត៌មានកម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ជាវ វិបុល, លោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, លោកវរសេនីយ៍ឯក ហែម បូណា និងលោកវរសេនីយ៍ឯក ឆាន់ គឹមលី អនុប្រធាននាយកដ្ឋាន បានចុះទៅដល់ទីតាំងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវតាមនីតិវិធី និងជំនាញដោយកំណត់បានអត្តសញ្ញាណ និងទីតាំងលាក់ខ្លួនរបស់ជនសង្ស័យដែលបានប្រព្រឹត្តបទល្មើសខាងលើ ដោយមានការចូលរួមសហការពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងខេត្តកំពង់ឆ្នាំង។

នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង១២៖៣០នាទី កម្លាំងជំនាញបានធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន២នាក់ រួមមានទី១៖ ឈ្មោះ GU GUOJUN ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិចិន និងទី២៖ ឈ្មោះ ហម ចាន់ធូ ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ ត្រង់ចំណុចនៅជិតវត្តជ្រលងម្លូរ ភូមិទួលកីសង្កាត់ភ្លើងឆេះរទេះខណ្ឌកំបូល រាជធានីភ្នំពេញ យកមកសាកសួរ។

ក្នុងនោះសមត្ថកិច្ចដកហូតវត្ថុតាង, អាវុធខ្លីម៉ាក NIK SAN ពណ៌ខ្មៅ ចំនួន៣ដើម និងបង់ចំនួន៣, គ្រាប់ប្រភេទ380 ចំនួន៣៤គ្រាប់, ឯកសណ្ឋានប្រយុទ្ធនគរបាលជាតិ (អាវចំនួន២ និងខោចំនួន១), ស្ពេបាញ់បង្ហូរទឹកភ្នែក ចំនួន១ដប, ខ្នោះដៃ ចំនួន១ ខ្សែរចំណងជរ័ចំនួន១ដុំ, ស្បែកជើងប៊ូពណ៌ខ្មៅ ចំនួន៣គូ និងឧបករណ៍ប្រើប្រាស់ក្នុងក្របខណ្ឌមន្ត្រីនគរបាលជាតិមួយចំនួន។

ក្រោយពីបានធ្វើការសាកសួរបឋម ជនសង្ស័ខាងលើបានឆ្លើយសារភាពថា បក្ខពួកដែលបានចូលរួមធ្វើសកម្មភាពករណី បង្ខាំងមនុស្ស និងជំរិតទារប្រាក់ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចខាងលើ គឺមានចំនួន៨នាក់។ បច្ចុប្បន្នជនដៃដល់ទាំងពីរនាក់ ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធី ខណៈបក្ខពួកនៅសេសសល់កំពុងបន្ដស្រាវជ្រាវ៕