(កណ្តាល)៖ ដោយមានការចង្អុលបង្ហាញរបស់ លោក អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា, ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ (ខេត្តកណ្តាល) ដឹកនាំដោយលោក ម៉ម ប៊ុននាង ប្រធានក្រុម បានសហការជាមួយក្រុមវេជ្ជបណ្ឌិតស្ម័គ្រចិត្ត Solidarity Mission (Bioderma) ប្រទេសបារាំង អញ្ជើញចុះជួបសំណេះ សំណាល ពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយមិនយកកម្រៃ សរុបចំនួន៦៤៨នាក់ នៅសាលាបឋមសិក្សាជ្រោយឬស្សី ក្នុងឃុំប្រាសាទ ស្រុកស្អាង ខេត្តកណ្តាល នាថ្ងៃចន្ទ ទី០២ ខែធ្នូ ឆ្នាំ២០២៤។
នាឱកាសនោះ តាងនាមឱ្យក្រុមសាមជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ លោក ម៉ម ប៊ុននាង បាននាំនូវការផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ និងគិតគួរអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងឃុំប្រាសាទ ស្រុកស្អាង ខេត្តកណ្តាលយើងនេះ។
ទន្ទឹមនឹងនេះដែរ លោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ថ្នាក់ដឹកនាំខេត្ត អាជ្ញាធរពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងក្រុមបុគ្គលិកអង្គការ និងវេជ្ជបណ្ឌិតស្ម័គ្រចិត្ត Solidarity Mission (Bioderma) ប្រទេសបារាំង ដែលបានជួយសម្របសម្រួល និងសហការយ៉ាងរលូនឱ្យមានពិធីពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយមិនយកកម្រៃនៅថ្ងៃនេះ។
លោក ម៉ម ប៊ុននាង បានគូសបញ្ជាក់ថា ក្រោមម្លប់នៃសុខសន្តិភាពពេញលេញ បានធ្វើឱ្យប្រទេសជាតិយើងសម្រេចបានជោគជ័យយ៉ាងធំធេង បង្កើតបាននូវសមិទ្ធផលធំៗជាប្រវត្តិសាស្រ្តជាច្រើនលើគ្រប់វិស័យ ជូនជាតិមាតុភូមិ គួរជាទីមោទនភាពបំផុត។ ជាមួយគ្នានេះ សន្តិភាព និងសមិទ្ធផលដែលសម្រេចបានជោគជ័យទាំងនេះ បានមកពីការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជា និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ជាស្ថាបនិកមគ្គុទេសឯក ហើយប្រជាពលរដ្ឋកំពង់បានទទួលផលពីសុខសន្តិភាព រស់នៅពោរពេញដោយសុខសំបូរសប្បាយ អាចប្រកបរបរចិញ្ចឹមជីវិតគ្រប់ប្រភេទ ធ្វើឱ្យសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចសង្គមមានការរីកចំរើនលើគ្រប់វិស័យ គួរជាទីមោទនភាពបំផុត ដែលក្នុងនោះវិស័យសុខាភិបាល គឺជាវិស័យអាទិភាពមួយដែលរាជរដ្ឋាភិបាលបាននិងកំពុងយកចិត្តទុកដាក់រំកិលសេវាឱ្យទៅកៀកជិតនឹងប្រជាពលរដ្ឋ ដើម្បីលើកកម្ពស់សុខមាភាព ដែលជាកត្តាចម្បង សម្រាប់ប្រជាពលរដ្ឋក្នុងការទទួលបាននូវសុខភាពល្អ រួមចំណែកលើកកម្ពស់ជីវភាពរស់នៅបងប្អូនប្រជាពលរដ្ឋ។ យើងចងចាំជានិច្ចនូវគុណូបការៈដ៏ថ្លៃថ្លានេះ ហើយប្តេជ្ញាថែរក្សារាល់សមិទ្ធផលរបស់ជាតិឱ្យគង់វង្សជារៀងដរាប។
បន្ថែមពីលើនេះ លោកក៏បានកោតសសើរដល់វេជ្ជបណ្ឌិតស្ម័គ្រចិត្ត Solidarity Mission (Bioderma) ប្រទេសបារាំង ចុះមកពិនិត្យ និងព្យាបាល ព្រមទាំងផ្តល់ថ្នាំជូនទៅតាមប្រភេទជំងឺ ក្នុងស្មារតីមនុស្សធម៌ ដែលស្តែងចេញពីទឹកចិត្តសប្បុរស ក្តីស្រលាញ់ ព្យាបាលមិនប្រកាន់បក្សពួក ជាតិសាសន៍ សាសនា និន្នាការនយោបាយ សំដៅរួមចំណែកជាមួយរដ្ឋាភិបាលជួយកាត់បន្ថយការលំបាករបស់បងប្អូនប្រជាពលរដ្ឋបានមួយចំណែក។
ទន្ទឹមនឹងនេះ លោកម៉ម ប៊ុននាង ក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ ដែលអញ្ជើញមកចូលរួមទាំងអស់ត្រូវខិតខំយកចិត្តទុកដាក់ថែរក្សាសុខភាពឱ្យបានល្អ ស្លៀកសម្លៀកបំពាក់អោយក្រាស់ៗក្នុងខែត្រជាក់ និងត្រូវប្រើប្រាស់ថ្នាំតាមវេជ្ជបញ្ជារបស់គ្រូពេទ្យឱ្យបានទៀងទាត់ និងពិសារហារណាដែលមានអនាម័យ និងតមអាហារប្រៃ និងផ្អែម។
លោកសង្ឃឹមថា ក្រុមគ្រូពេទ្យនឹងបន្តធ្វើការងារមនុស្សធម៌ជូនប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជា ក៏ដូចជាចុះជួយនៅភូមិភាគទី៣ និងភូមិភាគនានាជាបន្តបន្ទាប់ទៀត។
ក្នុងឱកាសនោះដែរ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ បាននាំយកសម្លៀកបំពាក់ ខោអាវរងារ កាតាប និងកាបូបស្ពាយ ចែកជូនប្រជាពលរដ្ឋសរុបចំនួន៤៥០កញ្ចប់ផងដែរ៕