(ព្រះសីហនុ)៖ ម្ចាស់ជ័យលាភីលេខ១ ក្នុងពូល C ឬ Class C កីឡាករ ឌិន សេងហ៊ និង Co-driver បានរៀបរាប់ពីការតាំងចិត្តពុះពារស្វិតស្វាញក្នុងពេលប្រណាំងរថយន្ត Off-road អន្តរជាតិនៅខេត្តព្រះសីហនុ រយៈពេល៣ថ្ងៃ រហូតដណ្ដើមបានពានមាសជូនក្រុម VKH Racing របស់ខ្លួន។
គួរជម្រាបថា ក្រោយប្រព្រឹត្តទៅរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៨ ខែវិច្ឆិកា ដល់ថ្ងៃទី១ ខែធ្នូ ព្រឹត្តិការណ៍ប្រណាំងរថយន្ត Off-road អន្តរជាតិ នៅខេត្តព្រះសីហនុ ឆ្នាំ២០២៤ ត្រូវបានបញ្ចប់ដោយជោគជ័យប្រកបដោយកិច្ចសហការ មិត្តភាព ភាតរភាព និងជាសមិទ្ធផលមួយថ្មីសម្រាប់កម្ពុជា ក្នុងនោះគណៈកម្មការក៏បានរកឃើញម្ចាស់ជ័យលាភីលេខ១ដល់លេខ៣ សម្រាប់ពូលទាំង៣ ឬ Class ទាំង៣ ដែលមាន Class A, Class B និង Class C។
កីឡាករ ឌិន សេងហ៊ និង Co-driver ដែលមកពីក្រុម VKH Racing ដ៏ល្បីល្បាញនៅប្រទេសកម្ពុជានោះ ដណ្ដើមបានជ័យជម្នះក្នុងការប្រកួតនៅពូល C ឬ Class C ពោលគឺទទួលបានពានមាសកិត្តិយស ព្រមជាមួយប្រាក់រង្វាន់ ២,០០០,០០០រៀល។ សរុបការប្រកួតទាំង៣ថ្ងៃ ក្រុម VKH Racing ទទួលបានពិន្ទុ៥៤៩ពិន្ទុ។
ចំណែកជ័យលាភីលេខ២ និងពានប្រាក់កិត្តិយស ព្រមជាមួយប្រាក់រង្វាន់ ១,២០០,០០០រៀល បានទៅលើក្រុមកីឡាករចិន «OBOT» ដែលបើកបរដោយកីឡាករ ចាង កឺ (Zhang Ke) ខណៈជ័យលាភីលេខ៣ និងពានសំរឹទ្ធកិត្តិយស ព្រមជាមួយប្រាក់រង្វាន់ ៨០០,០០០រៀល បានទៅលើក្រុមកីឡាករកម្ពុជា «Yinchandy M Khmer» ដែលបើកបរដោយកីឡាករ យិន ចាន់ឌី៕
សូមទស្សនាការបង្ហាញចំណាប់អារម្មណ៍របស់កីឡាករ ឌិន សេងហ៊ មកពីក្រុម VKH Racing ក្រោយទទួលបានពានមាស Class C៖