(ប៉េកាំង, ចិន)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់សម្តេចនៅប្រទេសចិន មិនមែនជាដំណើរទស្សនកិច្ចបែបតក់ក្រហល់នោះឡើយ គឺបានរៀបចំតាំងពីប្រហែលពីរខែមុនមកម្ល៉េះ តបតាមការអញ្ជើញរបស់លោក ស៊ី ជិនពីង ប្រធានាធិបតីចិន។

សាររបស់សម្តេចតេជោ ពីលើទឹកដីចិនទាំងយប់នេះ ធ្វើឡើងតបទៅលោក ជេម សុខ អ្នកនិយាយតាមបណ្តាញសង្គម ដែលលើកឡើងថា ដំណើរទស្សនកិច្ចរបស់សម្តេចតេជោនៅចិន ជាដំណើរតក់ក្រហល់។

សម្តេចតេជោ បញ្ជាក់ដូច្នេះ «ជូនប្អូនជេម សុខ បងមើលតិកតុកឃើញប្អូននិយាយថា លោក ហ៊ុន សែន ទៅប្រទេសចិនយ៉ាងប្រញាប់ប្រញាល់។ បងសូមបញ្ជាក់យ៉ាងខ្លីថា គម្រោងទស្សនកិច្ចនៅចិនរបស់បង គឺបានរៀបចំតាំងពីជិត២ខែមុនម្លេះដែលជាការអញ្ជើញរបស់ប្រធានាធិបតីចិន សុី ជិនពីង។ នេះមិនមែនជាទស្សនកិច្ចដ៏ប្រញាប់ប្រញាល ឬតក់ក្រហល់នោះទេ»

សម្តេចតេជោ ឆ្លៀតផ្តាំលោក ជេម សុខ គួរឈប់ធ្វើជាអ្នកចេះគ្រប់រឿងទៀតទៅ។ សម្តេចក៏ឌឺដងឱ្យលោក ជេម សុខ ដែរថា សម្តេចមិនបបួលលោក ជេម សុខ ស្បថចំពោះអ្វីដែលលើកឡើងនោះទេ ព្រោះខ្លាចងាប់ឆ្កែរបស់ ជេម សុខ។

សម្តេចតេជោ បានជូនពរឱ្យលោក ជេម សុខ ឆាប់ជាសះស្បើយពីជំងឺពុលទឹកមាត់ ពីជំងឺច្រណែនស្ទើរគ្រប់មនុស្ស ពិសេសជូនពរឱ្យចេះគ្រប់រឿងថែមទៀតប្រសិនបើចង់។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការ នៅចិន។

ការបំពេញទស្សនកិច្ចមិត្តភាពផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន តបតាមការអញ្ជើញរបស់គណបក្សកុម្មុយនីស្តចិន។

សមាសភាពគណៈប្រតិភូអមដំណើរសម្តេចតេជោ ហ៊ុន សែន ក្នុងទស្សនកិច្ចរួមមាន សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា, លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានគណៈទាក់ទងការបរទេសនៃគណបក្សប្រជាជនកម្ពុជា, លោកបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ នៃ ព្រឹទ្ធសភា ព្រមទាំងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីនៃក្រសួង/ស្ថាប័ន និងថ្នាក់ដឹកនាំសំខាន់ៗរបស់ស្ថាប័ននីតិប្បញ្ញត្តិ និងរាជរដ្ឋាភិបាល។

នៅក្នុងឱកាសទស្សនកិច្ចនេះ សម្តេចតេជោ ហ៊ុន សែន នឹងមានជំនួបទ្វេភាគីជាមួយ លោក ស៊ី ជីនពីង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ព្រមទាំងមានជំនួបពិភាក្សាការងារដាច់ដោយឡែក ជាមួយលោក វ៉ាង ហ៊ូនឹង ប្រធានគណៈកម្មាធិការជាតិ នៃសភាប្រឹក្សានយោបាយនៃប្រជាជនចិន និង លោក ចាវ ឡីជី ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន។

ស្របពេលដែលកម្ពុជា-ចិន បិទបញ្ចប់ឆ្នាំផ្លាស់ប្តូរប្រជាជន និងប្រជាជន ទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ជាលើកទី១ ក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅសាធារណរដ្ឋប្រជាមានិតចិន នឹងផ្តល់សន្ទុះថ្មីក្នុងការពង្រឹងមិត្តភាពដែកថែប លើកកម្ពស់កិច្ចសហប្រតិបត្តិការនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ សំដៅធ្វើឱ្យ កាន់តែស៊ីជម្រៅកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងជំរុញការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មីប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់៕