(ប៉េកាំង, ចិន)៖ លោក វ៉ាង ហ៊ូនីង (Wang Huning) ប្រធានសភាប្រឹក្សា​នយោ​បាយ​ប្រជាជនចិន បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន គឺជាមិត្តដ៏ល្អរបស់​ចិន ហើយក៏ជាមេដឹកនាំមួយរូប ដែលបានពូនជ្រុំទំនាក់ទំនងកម្ពុជា-ចិន ឱ្យកាន់តែប្រសើរ។

លោក វ៉ាង ហ៊ូនីង បានបញ្ជាក់បែបនេះនៅក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅរសៀលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ នៅមហាវិមាន​ប្រជាជន ក្នុងរដ្ឋធានីប៉េកាំង ប្រទេសចិន។

ជាកិច្ចចាប់ផ្តើមនៃជំនួបនេះ លោក វ៉ាង ហ៊ូនីង បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ​សម្ដេចតេជោ និងគណៈប្រតិភូដែលបានអញ្ជើញមកបំពេញទស្សនកិច្ចមិត្តភាព និងជាផ្លូវការ នៅប្រទេសចិន ក្នុងឋានៈសម្ដេចជាប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា។ លោកពិតជារីករាយដែលបានជួបសម្ដេចតេជោ សា​ជា​ថ្មី បន្ទាប់ពីជំនួបកាលពីឆ្នាំ២០១៦ ពេលរូបលោកអមដំណើរប្រធានាធិបតី ស៊ី ជិនពីង បំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា។

លោក វ៉ាង ហ៊ូនីង បានបន្តទៀតថា ចិន និងកម្ពុជា បានបន្តអនុវត្តនៅកិច្ចព្រម​ព្រៀង​​នៃការ​កសាងសហគមន៍ជោគវាសនារួម ហើយប្រទេសទាំងពីរបានរួមគ្នា​ក្នុង​ការ​ជំរុញទំនាក់ទំនងនេះឱ្យឈានទៅមុខជាលំដាប់។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណលោក វ៉ាង ហ៊ូនីង ចំពោះការទទួល​ស្វាគមន៍​សម្តេច និងគណៈប្រតិភូយ៉ាងកក់ក្តៅ។ សម្ដេចតេជោ បានគូសបញ្ជាក់​ថា ដំណើរទស្សនកិច្ចរបស់សម្តេច បានធ្វើឡើងក្រោយពីទស្សនកិច្ចរបស់​សម្ដេច​កាលពីដើមឆ្នាំ២០២៣ ក្នុងគោលដៅលើកកម្ពស់ទំនាក់ទំនងទ្វេភាគី និងកិច្ចសហ​ប្រតិបត្តិការ លើសពីភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ទំនាក់ទំនងមិត្ត​ដែក​ថែប និងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន។

សម្ដេចតេជោ បានគូសបញ្ជាក់ជាថ្មីនូវការប្រកាន់ខ្ជាប់នូវនយោបាយចិន​តែមួយ​របស់​កម្ពុជា ហើយកម្ពុជានៅតែជាមិត្តរបស់ចិនគ្រប់កាលៈទេសៈ។ សម្តេចតេជោ បានរំលឹកថា ចិនបាន​ផ្ដល់​នូវការគាំទ្រ និងជំនួយ មិនត្រឹមតែដល់ការអភិវឌ្ឍ​សង្គម សេដ្ឋកិច្ចប៉ុណ្ណោះនោះទេ ក៏បុន្តែ ក៏បានគាំទ្រដល់ឯករាជ្យភាពខាងនយោ​បាយ​របស់​កម្ពុជាផងដែរ។

ក្នុងឱកាសនោះ សម្ដេចតេជោ ក៏បានអបអរសាទរខួបទី៧៥ឆ្នាំ​ នៃការបង្កើត​សភា​ប្រឹក្សានយោបាយប្រជាជនចិន និងកោតសរសើរចំពោះសមិទ្ធផលដែលចិន​សម្រេច​បាននាពេលកន្លងមក។ សម្ដេចតេជោ មានក្តីសង្ឃឹមថា កិច្ចសហប្រតិបត្តិ​ការ​រវាងសភាប្រឹក្សានយោបាយប្រជាជនចិន និងព្រឹទ្ធសភាកម្ពុជា នឹងត្រូវបាន​ពង្រឹង និងពង្រីកបន្ថែមទៀត។

លោក វ៉ាង ហ៊ូនីង បានកោតសរសើរសម្តេចតេជោ ដែលបានរួមវិភាគទាន​យ៉ាង​ច្រើនលើសលុបដល់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន។ លោកលើកឡើងថា សម្តេចតេជោ ជាមិត្តល្អរបស់ប្រទេសចិន និងប្រជាជនចិន។ លោក ក៏បានកោត​សរសើរចំពោះការបន្តវេននៃថ្នាក់ដឹកនាំជំនាន់ក្រោយរបស់កម្ពុជា ដែលបានដើរ​តាមមាគ៌ារបស់សម្ដេចតេជោ ហើយបញ្ជាក់ថា ចិន បន្តគាំទ្រគោល​នយោបាយ​របស់​កម្ពុជាជាបន្តទៀតផងដែរ។

លោក វ៉ាង ហ៊ូនីង បានសន្យាថា ប្រទេសចិន នឹងផ្សព្វផ្សាយពីប្រពៃណីដ៏ល្អ​របស់​កម្ពុជា និងជំរុញទេសចរចិនមកកម្ពុជាបន្ថែមទៀត។ លោក ក៏បានលើកឡើង​ផង​ដែរ អំពីគំនិតបន្សុីគ្នានៃគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវរបស់ចិន និងយុទ្ធសាស្ត្រ​បញ្ចកោណរបស់កម្ពុជា ដើម្បីពន្លឿនការសម្រេចរចនាសម្ព័ន្ធសំខាន់ៗ រួមមានច្រក​របៀងឧស្សាហកម្ម និងបច្ចេកវិទ្យា ច្រករបៀងមច្ឆា និងអង្ករ និងការ​អភិវឌ្ឍ​កសិ​កម្ម​​ទំនើបជាដើម និង ការកសាងច្រករបៀងគំរូថ្មី នៃកិច្ចសហប្រតិ​បត្តិការ​រវាង​ប្រទេសទាំងពីរ។

ក្នុងឱកាសនោះ សម្ដេចតេជោ និងលោកប្រធានសភាប្រឹក្សានយោបាយ​ប្រជាជន​ចិន ក៏បានពិភាក្សាគ្នាផងដែរអំពីស្ថានការណ៍តំបន់ និងអន្តរជាតិ ដែល​កំពុង​មាន​ភាពស្មុគស្មាញ និងប្រែប្រួលយ៉ាងខ្លាំងនាពេលបច្ចុប្បន្ននេះ។

ទន្ទឹមគ្នានេះដែរ សម្តេចតេជោក៏បានអញ្ជើញលោក វ៉ាង ហ៊ូនីង មកបំពេញ​ទស្សន​កិច្ចនៅកម្ពុជាសាជាថ្មី ដើម្បីឃើញពីភាពរីកចម្រើនរបស់កម្ពុជា បន្ទាប់ពីទស្សន​កិច្ច​កាលពីឆ្នាំ២០១៦ និង ជំរុញទំនាក់ទំនងរវាងសភាប្រឹក្សានយោបាយ​ប្រជា​ជន​ចិន និងព្រឹទ្ធសភាកម្ពុជា ឱ្យកាន់ខ្លាំងក្លាបន្ថែមទៀត។

លោក វ៉ាង ហ៊ូនីង បានទទួលយកនូវការអញ្ជើញរបស់សម្ដេចតេជោ ដោយពិនិត្យ​មើលនូវពេលវេលាសមស្របណាមួយនាពេលខាងមុខ៕