(ឧត្ដរមានជ័យ)៖ ក្នុងឱកាសថ្ងៃទី៤ នៃការបោះជំរំយុវជនកាកបាទក្រហមកម្ពុជា ថ្នាក់ជាតិ និងអន្ដរជាតិ ឆ្នាំ២០២៤ ត្រូវនឹងថ្ងៃទី២ ខែធ្នូនេះ, កាកបាទក្រហមកម្ពុជា បានរៀបចំឱ្យមានពិព័រណ៌ និងប្រកួតប្រជែងសំរាមកែច្នៃតាមអនឡាញ ក្រោមអធិបតីភាព លោក យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា។

ដោយក្នុងនោះមានយុវជនចំនួន ១៣ក្រុម បានកែច្នៃប្លាស្ទិកដូចជាសំបកដប ប្រអប់បាយ ក្រដាស និងសម្ភារៈប្លាស្ទិកផ្សេងទៀត ច្នៃចេញជារូបភាពផ្សេង ផ្ទះ ផ្កា កន្ត្រក និងច្នែជារូបភាពជាច្រើនទៀតដ៏មានភាពទាក់ទាញ។

ក្នុងចំណោម ១៣ក្រុមខាងលើនោះ គឺក្រុមពីក្លឹមយុវជនកាកបាទក្រហមកម្ពុជា ប្រចាំពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុមុនីរាជា ទទួលបានជយលាភីលេខ១ ដោយក្រុមជយលាភីនេះ បានយកប្លាស្ទិក ដូចជាដបទឹកសុទ្ធ ប្រអប់បាយ, សំបកកេស រួមទាំងសម្ភារៈផ្សេងៗទៀត ដើម្បីច្នៃធ្វើជាប្រាសាទកោះករដ៏ស្រស់ស្អាត។

យុវជន រៀម តុលា តំណាងក្រុមពីក្លឹមយុវជនកាកបាទក្រហមកម្ពុជា ប្រចាំពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុមុនីរាជា បានឱ្យដឹងថា «ប្រាសាទកោះកេរ ដែលច្នៃពីប្លាស្ទិក មានដូចជាដបទឹកសុទ្ធ ប្រអប់បាយបា្លស្ទិក កេសក្រដាសផ្សេងៗដែលប្រើរួចយកមកច្នៃ ហើយការធ្វើនេះមានរយៈពេល៤ថ្ងៃបុណ្ណោះ»

យុវជនរូបនេះបានឱ្យដឹងទៀតថា ការលើកយកនូវប្រាសាទកោះករមកប្រកួត ដោយសារប្រាសាទកោះកេរ ទើបនឹងបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក កាលពីឆ្នាំ២០២៣ ហើយក៏ដើម្បីជាការរំលឹកដល់យុវជនផងដែរ ពិសេស ក្រៅពីភាពស្រស់ស្អាតនៃការច្នៃដោយប្លាស្ទិក។

តាមការបញ្ជាក់របស់យុវជន អ្នកស្ម័គ្រចិត្ដ កញ្ញា ហាក់ ភិចសៀន ដែលបានរៀបចំកម្មវិធីប្រកួតប្រជែងសំរាមកែច្នៃ បានឱ្យដឹងថា ការបង្កើតនូវកម្មវិធីប្រកួតប្រជែងក្នុងការកែច្នៃសំរាមនេះ គឺចង់បញ្ជ្រៀបឱ្យយុវជនកម្ពុជា បានយល់ដឹងកាន់តែច្បាស់ពីការប្រើប្រាស់ និងទុកដាក់សំរាម ពិសេសការច្នៃសំរាម ដើម្បីរួមគ្នាកាត់បន្ថយការប្រើប្រាស់ និងការពារពីផលប៉ះពាល់ផ្សេងៗដោយសារតែប្រើប្លាស្ទិក ជាពិសេសផលប៉ះពាល់នៃការទុកដាក់សំរាមមិនបានត្រឹមត្រូវ បំពុលដល់បរិស្ថាន និងសុខភាពមនុស្សលោក ។

គួររម្លឹកថា ការប្រកួតប្រជែងសំរាមប្លាស្ទិក មកប្រើប្រាស់ឡើងវិញ គឺបានរកឃើញម្ចាស់ជយលាភី ចំនួន ៥ក្រុម ក្នុងចំណោមក្រុមទាំង១៣ ដែលជយលាភី២ បានលើក្រុមបន្ទាយមានជ័យ (សិរីសោភ័ណ), ជយលាភីលេខ៣ លើក្រុមបន្ទាយអំពិល, ជយលាភីលេខ ៤ មកពីសាកលវិទ្យាល័យណ័រតុន និងជយលាភីលេខ៥ បានទៅលើក្រុមយុវជនដែលមកពីវិទ្យាល័យខេត្ដពោធិ៍សាត់ ដែលកែច្នៃបា្លស្ទិក ធ្វើជាកសិដ្ឋានសូឡា។

នៅក្នុងទី៤នៃការបោះជំរំនេះ កាកបាទក្រហមកម្ពុជា បានរៀបចំនូវកម្មវិធីជាច្រើនដូចជា៖ ការរត់លំហាត់ប្រាណ ជាង២គីឡូម៉ែត្រនៅបរិវេណមុខសាលាខេត្ដឧត្ដរមានជ័យ, បង្ហាញស្ដីពី ការស្វែងយល់លើបរិវត្ដកម្មឌីជីថល និងបញ្ហាសម្បនិម្មិត ក្នុងសកម្មភាពមនុស្សធម៌ និងច្បាប់មនុស្សធម៌អន្ដរជាតិ ដែលបង្ហាញដោយ លោក Nattorn Sornval មន្ដ្រីសហព័ន្ធអន្ដរជាតិ ប្រចាំទីក្រុងបាងកក និងកម្មវិធីការតាំងពិព័រណ៌ និងប្រកួតប្រជែងសំរាមកែច្នៃតាមអនឡាញ។

សូមជម្រាបថា កាកបាទក្រហមកម្ពុជា ដែលមានសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ គង់ប្រថាប់ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានរៀបចំការបោះជំរំយុវជនកាកបាទក្រហមកម្ពុជា ថ្នាក់ជាតិ និងអន្តរជាតិ ឆ្នាំ២០២៤ ដែលមានរយៈពេល ៤យប់ ៥ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ លើទឹកដីខេត្តឧត្តរមានជ័យ ដោយមានការចូលរួមពីទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជា សរុបប្រមាណ ៣០០នាក់ មកពីក្លឹបយុវជនទាំង ២៥គ្រឹះស្ថានឧត្តមសិក្សាក្នុងរាជធានីភ្នំពេញ និងសាខាខេត្តចំនួន៨ រួមមាន ខេត្ដឧត្តរមានជ័យ សៀមរាប កំពង់ធំ ព្រះវិហារ បន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន និងខេត្តពោធិ៍សាត់។

ព្រមជាមួយគ្នានេះ ក៏មានការចូលរួមពីយុវជនមកពីសមាគមជាតិអាស៊ីអាគ្នេយ៍ចំនួន ៨នាក់ ក្នុងនោះមកពី អឌ្ឍចន្ទក្រហម ម៉ាឡេស៊ី, កាកបាទក្រហម មីយ៉ាន់ម៉ា និងកាកបាទក្រហម វៀតណាម ជាពិសេសមានការអញ្ជើញចូលរួមពី លោកស្រី ខាទ្រីន ក្លាសុន ប្រធានប្រតិភូសហព័ន្ធអន្តរជាតិ ប្រចាំកម្រងប្រទេសកម្ពុជា-ឡាវ-ថៃ-វៀតណាមផងដែរ៕