(កណ្ដាល)៖ ក្នុងពិធីសំណេះសំណាល និងជូនដំណើរយោធិន នៃកងរាជអាវុធហត្ថទើបជ្រើសរើសថ្មី (ជាប់ជាស្ថាពរ) ចូលហ្វឹកហ្វឺននៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ នាថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ នៅបញ្ជាការរដ្ឋានកងរាជអាវុធហត្ថខេត្តកណ្ដាល លោក គួច ចំរើន អភិបាលខេត្តកណ្ដាល បានលើកឡើងថា កម្លាំងស្នូលដែលថែរក្សាសន្តិភាព គឺជាកម្លាំងកងទ័ព ដូច្នេះកងទ័ពទាំងអស់ត្រូវតែមានសមត្ថភាពពេញលេញ និងត្រៀមលក្ខណៈជានិច្ច ដើម្បីការពារ រក្សាសុខសន្តិភាពជាតិឲ្យល្អបំផុត។
លោកអភិបាលខេត្តកណ្ដាល បានផ្ដាំផ្ញើដល់យោធិន នៃកងរាជអាវុធហត្ថទើបជ្រើសរើសថ្មី (ជាប់ជាស្ថាពរ) ត្រូវយកចិត្តទុកដាក់ខិតខំរៀនសូត្រ គោរពវិន័យ បទបញ្ជា និងត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនឲ្យបានកាន់តែល្អប្រសើរ ដើម្បីមកបម្រើប្រទេសជាតិ មាតុភូមិ និងបន្តថែរក្សានូវសុខសន្តិភាព ឲ្យបានគង់វង្សយូរអង្វែងរហូតទៅ។
លោក គួច ចំរើន បានបន្ដថា បើទោះបីជាប្រទេសកម្ពុជា មានសន្តិភាព ស្ថេរភាពល្អយ៉ាងណាក៏ដោយ ប៉ុន្តែការហ្វឹកហាត់នៅតែជាភារកិច្ចស្នូលរបស់កងកម្លាំងជាចាំបាច់ ដើម្បីបន្តថែរក្សានូវសុខសន្តិភាព និងស្ថិរភាពរបស់ប្រទេសជាតិ ឲ្យបានគង់វង្សយូរអង្វែង ហើយទាល់តែមានសមត្ថភាពគ្រប់គ្រាន់ សត្រូវមិនហ៊ានប្រមាថ មើលងាយ និងមិនហ៊ានមកឈ្លានពាន ឬមកធ្វើសង្គ្រាមជាមួយឡើយ។
ក្នុងឱកាសនោះ លោកក៏បានសម្ដែងនូវការអបអរសាទរចំពោះយុវជនស្ម័គ្រចិត្តចូលបម្រើ កងយោធពលខេមរភូមិន្ទ ក្នុងក្របខ័ណ្ឌកងរាជអាវុធហត្ថ ដែលមានគ្រប់លក្ខណសម្បត្តិ (ជាប់ជាស្ថាពរ) ក្លាយជាយោធិន នៃកងរាជអាវុធហត្ថ ដែលត្រូវបានជូនដំណើរ និងត្រូវចូលហ្វឹកហ្វឺននៅមជ្ឈមហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ដែលចេញពីការជ្រើសរើសក្នុងខេត្តកណ្តាល សូមខិតខំរៀនសូត្រ និងបំពេញតួនាទី ភារកិច្ច និងបេសកកម្មកងរាជអាវុធហត្ថឲ្យទទួលបានជោគជ័យ។
លើសពីនេះ ត្រូវគោរពច្បាប់លក្ខន្តិកៈនៃកងយោធពលខេមរភូមិន្ទ, បទវិន័យទូទៅសម្រាប់កងយោធពលខេមរភូមិន្ទ និងបទបញ្ជាពេលបញ្ចប់វគ្គ និងសូមរគុណ និងកោតសរសើរចំពោះទឹកចិត្តរបស់ក្រុមគ្រួសារ យុវជនស្ម័គ្រចិត្តទាំងអស់ ដែលបានអនុញ្ញាតឲ្យកូនចៅ ចូលបម្រើកងយោធពលខេមរភូមិន្ទ បំពេញក្របខ័ណ្ឌឲ្យកងរាជអាវុធហត្ថ ដើម្បីបម្រើប្រទេសជាតិ មាតុភូមិ។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល បានឲ្យដឹងថា បេក្ខជនគ្រប់លក្ខណៈសម្បត្តិជាប់ជាស្ថាពរ ទាំង៤៥នាក់ ត្រូវបានក្រសួងការពារជាតិ ចេញប្រកាសបញ្ចូលក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទ បំពេញឲ្យក្របខ័ណ្ឌកងរាជអាវុធហត្ថ ក្លាយជាយោធិន នៃកងរាជអាវុធហត្ថជាផ្លូវការ និងបានប្រមូលផ្តុំហ្វឹកហ្វឺនសណ្តាប់ធ្នាប់ជួរទ័ព ចាប់ពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ និងជូនដំណើរទៅហ្វឹកហ្វឺននៅមជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថភ្នំជុំសែនរីករាយ នាពេលនេះ៕