(ភ្នំពេញ)៖ ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ គឺជាខួបលើកទី៤៦ នៃការបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលបច្ចុប្បន្ន បានប្តូរមកជា «រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា»។

Fresh Exclusive មានអត្ថបទវិចារណកថាមួយ ក្រោមចំណងជើងថា ខួបលើកទី៤៦ នៃអតីតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា គឺជាកញ្ចក់ឆ្លុះបញ្ចាំងលើអតីតកាលផង និងការប្រមើលចំពោះអនាគតធ្វើដំណើរទៅមុខ នៃប្រជាជាតិកម្ពុជាផងដែរ៖

ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ គឺជាខួបលើកទី៤៦ នៃការបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលបច្ចុប្បន្នបានប្តូរមកជា «រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា»។ របត់នេះ គឺជាពេលវេលាដ៏សំខាន់របស់ប្រវត្តិសាស្ត្រជាតិ ដោយបានជួសត្រួសត្រាយលើផ្លូវដ៏លំបាកបំផុសម្រាប់ ក្នុងនោះរួមមានការផ្តួលរំលំរបបដឹកនាំខ្មែរក្រហមផង, ការស្តារឡើងវិញនូវសន្តិភាព និងស្ថិរភាពនយោបាយក្នុងប្រទេសកម្ពុជាផង និងក៏ជាគ្រឹះមូលដ្ឋាននៃការនាំកម្ពុជាដើម្បីសម្រេចចក្ខុវិស័យឆ្នាំ២០៥០ខាងមុខថែមទៀត។

អតីតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ត្រូវបានបង្កើតឡើង នៅភូមិជើងឃ្លូ ថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ ក្នុងស្រុកស្នួល ខេត្តក្រចេះ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជា ស្ថាបនិកស្នូល និងដ៏រឹងមាំនៃរណសិរ្សដែលបានប្តូរឈ្មោះជា «រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា» នេះ បានថ្លែងតាមសារបណ្តាញសង្គមនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ បញ្ជាក់ថា «ឆ្លើយតបទៅនឹងការអំពាវនាវរបស់រណសិរ្ស, ប្រជាជនគ្រប់ទិសទី បានក្រោកឈររួបរួមគ្នា ជាកម្លាំងមហាសាមគ្គីជាតិ ដោយបានទទួលការជួយឧបត្ថម្ភយ៉ាងធំធេងពីកងទ័ពស្ម័គ្រចិត្ដវៀតណាម និងការគាំទ្រពីមិត្ដភក្ដិជិតឆ្ងាយលើសកលលោក ដើម្បីផ្ដួលរំលំរបបកម្ពុជាប្រជាធិបតេយ្យ រហូតដល់ទទួលបានជ័យជម្នះដ៏ត្រចះត្រចង់នាថ្ងៃ៧ មករា ឆ្នាំ១៩៧៩។

នៅតំបន់ភាគខាងកើតនៃប្រទេសកម្ពុជាអតីត «រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា» បានលេចឡើងក្នុងអំឡុងពេលដែលភាពខ្មៅងងឹតមួយដ៏ធំបំផុត លេចឡើងនៅក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជា ខណៈប្រទេសមហាអំណាចទោះបីបានដឹងអំពីទុក្ខវេទនារបស់ប្រជាជនកម្ពុជា ក្នុងពេលនោះក៏ដោយបានធ្វើគ និងថ្លង់ ដោយទុកចោលឱ្យអំពើសម្លាប់រង្គាល, ការបំពានសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ បន្តកើតមានដោយមិនរវល់នឹងប្រទេសកម្ពុជា នៃភូមិភាគអាស៊ីអាគ្នេយ៍នេះឡើយ។

ការគ្រប់គ្រងដោយរបបកាប់សម្លាប់ខ្មែរក្រហមពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៨៩ បាននាំកម្ពុជាធ្លាក់ចូលក្នុងសុបិន្តអាក្រក់ នៃរបបប្រល័យពូជសាសន៍ ភាពអត់ឃ្លាន និងការរងទុក្ខ…និងក្នុងអម្លុង កាលគ្រប់គ្រងរយៈពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃ មានពលរដ្ឋខ្មែរជាង៣លាននាក់បានបាត់បង់ជីវិតក្នុងរបបដឹកនាំអន្យតិរ្ថិយ។

ដើម្បីឆ្លើយតបនឹងអំពើឃោរឃៅនេះ «រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា» ត្រូវបានបង្កើតឡើងដោយក្រុមខ្មែរស្នេហាជាតិមួយក្រុម ដែលមានគោលដៅរំដោះប្រទេសជាតិ និងប្រជាជនកម្ពុជាចេញពីរបបផ្តាច់ការកាប់សម្លាប់ខ្មែរ និងការស្តារឡើងវិញនូវសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋ។

* សញ្ញានៃក្តីសង្ឃឹម
រណសិរ្សសាមគ្គីសង្គ្រោះជាតិ ដឹកនាំដោយបណ្តាឥស្សរជន ដែលក្រោយមកបានដើរតួនាទីសំខាន់ ក្នុងការធ្វើឱ្យរស់ឡើងវិញ នៃនយោបាយរបស់កម្ពុជា បានក្លាយជាចំណុចប្រមូលផ្តុំសម្រាប់អ្នកដែលប្រឆាំងនឹងរបបខ្មែរក្រហមកាប់សម្លាប់មនុស្ស។ បើគ្មានការងើបឈរ របស់បណ្តាឥស្សរជននយោបាយទាំងនោះទេ កម្ពុជាក្រោមនយោបាយកាប់សម្លាប់រង្គាលរបស់របបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម នឹងមិនអាចដឹងថាតើត្រូវចាកចេញពីរបបខ្មែរក្រហម នោះដោយរបៀបណាឡើយពីព្រោះសហគមន៍អន្តរជាតិ ដើម្បីតែផលប្រយោជន៍នយោបាយ របស់គេរៀងៗខ្លួននោះ មិនបានគិតគូរដល់ប្រទេសកម្ពុជា ដែលពួកគេបានរុញឱ្យធ្លាក់ក្នុងភ្នក់ភ្លើងសង្គ្រាមតាមរយៈរដ្ឋប្រហារថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០នោះឡើយ។

ជាមួយនឹងការគាំទ្រដោយប្រទេសវៀតណាមជិតខាងរបស់ខ្លួន រណសិរ្សសាមគ្គីសង្គ្រោះជាតិនាជំនាន់នោះ បានរៀបចំកងកម្លាំងតស៊ូ រួមផ្សំការខិតខំប្រឹងប្រែងរបស់ពួកគេជាមួយនឹងពលរដ្ឋនានាក្នុងតំបន់រំដោះ ហើយបានចាប់ផ្តើមចលនាតស៊ូដ៏ពិសិដ្ឋមួយឈានដល់ការរំដោះទីក្រុងភ្នំពេញនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ នេះបានកត់សម្គាល់ការបញ្ចប់នៃរបបប្រល័យពូជសាសន៍ខ្មែរក្រហម និងបានចាក់គ្រឹះសម្រាប់ការកសាងប្រទេសដែលបែកបាក់ឡើងវិញ។

* ដំណាក់កាលនៃការរួបរួមខ្មែរងើបឡើងតស៊ូ និងការលះបង់
ស្មារតីរណសិរ្ស បានចាក់ឫសក្នុងការរួបរួមសាមគ្គីភាព និងការប្តេជ្ញាចិត្តរួមដើម្បីសង្គ្រោះជីវិតប្រជាជនកម្ពុជា។ ស្មារតីរណសិរ្ស តំណាងឱ្យភាពធន់ នៃប្រជាជនដែលមិនព្រមចុះចាញ់នឹងការគៀបសង្កត់របស់របបកម្ពុជាប្រជាធិបតេយ្យ និងការលះបង់កន្លងមកនេះ ត្រូវបានប្រវត្តិសាស្ត្រចារិកទុកនូវមហាវីរភាពដ៏ធំធេងមួយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។

ប្រវត្តិសាស្ត្របានបង្ហាញថា នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ សម្តេចតេជោ សែន ដើម្បីការតស៊ូរំដោះប្រទេសជាតិ បានចាកចេញចោលសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជាភរិយា ដែលពេលនោះកំពុងមានផ្ទៃពោះ៥ខែ។ សម្តេចបានយកជីវិតធ្វើជាដើម ទុនដើម្បីធ្វើការតស៊ូរំដោះប្រទេសជាតិ។ សម្តេចតេជោ ពេលនោះបានចាកចេញជាមួយនឹងមនុស្ស៤រូបផ្សេងទៀត សំដៅមកព្រំដែនវៀតណាម។ ម៉ោង២នៃថ្ងៃទី២១ ខែមិថុនា ឆ្នាំ១៩៧៧ សម្តេចបានឆ្លងព្រំដែនវៀតណាម និងម៉ោង២រសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ១៩៧៧ សម្តេចនិងក្រុមតស៊ូបានចូលដល់ភូមិវ័រលឺ ។ យប់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ១៩៧៧ សម្តេច និងក្រុមអ្នកភៀសខ្លួនតស៊ូត្រូវបានវៀតណាមឃាត់ខ្លួន និងត្រូវបានបញ្ជូនមកស្រុកឡុកនិញ និងបន្ទាប់មកល្ងាចថ្ងៃទី២២ ខែមិថុនា បានមកដល់ទីរួមខេត្តសុងប៊ែរ។ សម្តេចតេជោ សែន បានថ្លែងរំលឹកថា ប៉ុន្តែការ ឃាត់ខ្លួនក្រុមអ្នកតស៊ូភៀសខ្លួន ដោយអាជ្ញាធរវៀតណាមនាមពេលនោះ គឺវៀតណាមមិនបានចាត់ទុកជាសត្រូនោះទេ។

សម្តេចបានសរសេរក្នុងកំណត់ត្រាប្រវត្តិសាស្ត្រថា សម្តេចនិងអ្នកភៀសខ្លួនទៅជាមួយគ្នា មិនត្រូវបានគេដាក់ខ្នោះ ឬជាប់ចំណង ឬច្រវាក់ឬការឆែកឆេរលើខ្លួនប្រាណ ឬយកសម្ភារៈ…និងមិនដែលត្រូវគេជេរប្រមាថ ឬសម្តីធ្ងន់មកលើនោះឡើយ។ សម្តេចបានសរសេរថា ផ្ទុយទៅវិញ ពួកគេបានជួយដោយការផ្គត់ផ្គង់ចំណី អាហារ មុង ភូយកន្ទេលខ្នើយ សម្លៀកបំពាក់ថ្នាំពេទ្យ ថ្នាំជក់ ទោះបីជាមានជាតិសាសន៍ខុសគ្នា ហើយបានឆ្លងដែនដោយខុសច្បាប់ ព្រមទាំងមិនទាន់ដឹងថាក្រុមរបស់សម្តេចនោះ ជាមនុស្សល្អ ឬមនុស្សអាក្រក់ផងនោះដែរ។

ការភៀសខ្លួនរបស់សម្តេច និងសហការី ក្រោយមកបានជួបជាមួយថ្នាក់ដឹកនាំយោធាវៀតណាម និងសម្តេចបានព្យាយាមពន្យល់នូវមូលហេតុការត្រូវកសាងកម្លាំងប្រដាប់អាវុធរំដោះ ជាតិ ដែលក្នុងជំនាន់នោះសម្តេចតេជោ ទើបមានវ័យ២៦ឆ្នាំតែប៉ុណ្ណោះដែលត្រូវរែកពុន អម្រែកដ៏ធ្ងន់នោះ។ ក្រោយមក កងកម្លាំងរំដោះជាតិមួយក្រុមបានចាប់បដិសន្ធិ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ១៩៧៨ និងបានបង្កើតគណៈបញ្ជាការ មាន ឈ្មោះថា៥៧៨ នាខែឧសភា ឆ្នាំ១៩៧៨ ដែលមានរូបសម្តេចជាប្រធានយោធា និងជាប្រធាននយោបាយ។

បន្ទាប់មកក្រុមតស៊ូរបស់សម្តេច ត្រូវបានពង្រីកជាបន្តបន្ទាប់ ដោយបានបង្កើតកង វរសេនាតូចលេខ២៤៦ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩៧៨ និងកងវរសេនាតូច២០៧ និងវរសេនាតូចលេខ១៥ជាដើម។

ប្រវត្តិសាស្ត្របានបង្ហាញថា នៅគ្រាដែលកម្លាំងទ័ពរបស់សម្តេចតេជោ កំពុងតែរីកធំធាត់នោះ គេបានឮអំពីការបះបោរនៅភូមិភាគបូព៌ាដែលដឹកនាំដោយសម្តេច ហេង សំរិន និងសម្តេច ជា ស៊ីម ដែលបានបង្កលក្ខណៈឱ្យកម្លាំងតស៊ូ បានចេញចាប់ដៃសហការគ្នាដណ្តើមកាន់កាប់ស្រុកមេមត់ ស្រុកស្នួល និងភូមិសាស្ត្រមួយចំនួន នៃបណ្តាភូមិឃុំ ជាប់ព្រំដែនវៀតណាម តាំងពីខេត្តក្រចេះ កំពង់ចាម ព្រៃវែងស្វាយរៀង និងភូមិសាស្ត្រមួយ ចំនួននៃបណ្តាស្រុកភាគខាងកើតទន្លេមេគង្គនាខេត្តកំពង់ចាមតាំងពីពាក់កណ្តាលឆ្នាំ១៩៧៨។

ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ១៩៧៨ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រមួយបានកើតឡើង នោះគឺការជួបជុំគ្នារវាងថ្នាក់ដឹកនាំកម្លាំង តស៊ូ៤ក្រុម ក្នុងចំណោម៥ក្រុម ដែលក្រោយមកក្រុមតស៊ូ បានរៀបចំកម្មវិធីរណសិរ្សនយោបាយមួយ ដែលមានឈ្មោះថា រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា។

ថ្នាក់ដឹកនាំ៨រូបដែលចេញពីចលនាតស៊ូទាំង៤ ដែលចលនាមួយមានតំណាង២នាក់ បានចាត់ចែងនឹងរៀបចំកម្មវិធីនយោបាយរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដើម្បីដាក់ឆ្លងមហាសន្និបាតរណសិរ្សដែលបានប្រព្រឹត្តទៅរយៈពេល៤ថ្ងៃ ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ១៩៧៨ និងចុងក្រោយចេញមុខជាផ្លូវការនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ នាតំបន់ស្រុកស្នួលខេត្តក្រចេះ។

* បញ្ហាប្រឈម និងសមិទ្ធផល
បន្ទាប់ពីការផ្ដួលរំលំរបបខ្មែរក្រហម, រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា បានជួយបង្កើតសាធារណរដ្ឋប្រជាមានិតកម្ពុជា ដែលជារបបគ្រប់គ្រងស្វែងរកការកសាងប្រទេសឡើងវិញ ក្នុងរបត់នៃបញ្ហាប្រឈមដ៏ធំធេងមួយទៀតនាពេលនោះ គឺ សហគមន៍អន្តរជាតិ ដែលមិនត្រឹមតែមិនទទួលស្គាល់ការរំដោះប្រទេសជាតិ រួចផុតពីការសម្លាប់រង្គាលនៃរបបកាប់សម្លាប់ របស់ខ្មែរក្រហមប៉ុណ្ណោះទេ ពួកគេថែមទៀតបណ្តោយឱ្យរបបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម ធ្វើជាតំណាងកម្ពុជាស្របច្បាប់ នៅឯអង្គការសហប្រជាជាតិថែមទៀត។

ទោះបីជាប្រឈមមុខនឹងភាពឯកោអន្តរជាតិដោយសារអំពើគថ្លង់របស់សហគមន៍អន្តរជាតិនេះក៏ដោយ រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាដែលជាចន្ទល់ នៃការធ្វើឱ្យកម្ពុជារស់រាន សាឡើងវិញ បានជួយគាំទ្ររដ្ឋាភិបាលថ្មីពេលនោះ ក្នុងការដាក់មូលដ្ឋានគ្រឹះសម្រាប់ការស្តារឡើងវិញជាយថាហេតុរបស់កម្ពុជា។

ជាច្រើនឆ្នាំមកនេះ កេរដំណែលរបស់រណសិរ្សសាមគ្គីសង្គ្រោះជាតិ ដែលប្តូរឈ្មោះជា «រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា» គឺជាចំណុចរបត់ដ៏លេចធ្លោដ៏ធំបង្អសនៅក្នុងប្រវត្តិសាស្ត្រ នៃប្រទេសកម្ពុជា។ រណសិរ្សសាមគ្គីសង្គ្រោះជាតិ ២ធ្នូ គឺជាតំណាងឱ្យភាពក្លាហានរបស់អ្នកដែលហ៊ានតស៊ូ និងជាក្តីសង្ឃឹមដ៏យូរអង្វែងសម្រាប់អនាគតដែលគ្មានអំពើហិង្សា និងការរងទុក្ខ។

* ទិវាចងចាំ និងការរំលឹកខួប
ក្នុងខួបដ៏សំខាន់នេះប្រជាជនកម្ពុជាទូទាំងប្រទេស និងពលរដ្ឋគ្រប់ស្រទាប់ទាំងក្នុង និងក្រៅប្រទេស កាន់តែបានមើលឃើញច្បាស់នូវសារៈសំខាន់នៃថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ កាលពី២៦ឆ្នាំកន្លងមកនេះ។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដែលជាប្រធានក្រុមប្រឹក្សារណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នាព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីខួបអនុស្សាវរីយ៍លើកទី៤៦ ទិវាកំណើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជានេះ នាសាលសន្និសីទចតុមុខ រាជធានីភ្នំពេញ។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានលើកឡើងថា អតីតរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ត្រូវបានកើតឡើងដោយកម្លាំងមហាសាមគ្គីប្រជាជនទាំងមូលទាំងក្នុង និងក្រៅប្រទេស ដែលមានសម្តេចអគ្គមហាពញាចក្រី ហេង សំរិន សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងវីរជនស្នេហាជាតិជាច្រើនរូបទៀត ក្នុងការរៀបចំកម្លាំងផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងទទួលបានជ័យជម្នះលើរបបនេះ នៅថ្ងៃទី៧ មករា ឆ្នាំ ១៩៧៩។

សម្ដេចកិត្តិសង្គហបណ្ឌិត បានបន្ដទៀតថា រយៈពេល៤៦ឆ្នាំកន្លងមកនេះ ប្រជាជនបានស្ថិតស្ថិរ រួមរស់ជាមួយគ្នាក្នុងជួររណសិរ្ស ពុះពារឆ្លងកាត់ ឧបសគ្គតូចធំទាំងឡាយយ៉ាងអង់អាចក្លាហានបំផុត ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាស្នូលដឹកនាំ និងជាអគ្គមគ្គទេសក៍ដ៏ឆ្នើមរបស់ប្រជាជនកម្ពុជា។

ស្មារតី២ធ្នូ ស្មារតី៧មករា ត្រូវបានចារឹកជាប់ក្នុងមនសិការរបស់ប្រជាជនកម្ពុជាគ្រប់ៗរូប និងស្មារតីនេះបានប្រែក្លាយទៅជាកម្លាំងយ៉ាងធំធេងក្នុងការបង្កើតឡើងនូវសមិទ្ធផលធំៗ នៃសង្គមជាតិ។

* ការសម្លឹងឆ្ពោះទៅមុខ
ខណៈដែលប្រទេសកម្ពុជាប្រារព្ធខួបលើកទី៤៦ នៃរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា, ប្រជាជាតិខ្មែរ បានឈរជាសក្ខីភាពនៃភាពធន់ និងការប្តេជ្ញាចិត្ត។ ចាប់ផ្តើមសេសសល់ពី គំនរផេះផង់នៃការបំផ្លិចបំផ្លាញ, ប្រទេសកម្ពុជាក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ជាពិសេសក្រោមនយោបាយឈ្នះ-ឈ្នះ ដាក់ចេញដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាននិងកំពុងនាំសង្គមជាតិធ្វើដំណើរទៅកាន់ត្រើយសុភមង្គល ជាមួយនឹងការថែរក្សាមរតកវប្បធម៌ និងការរួបរួមគ្នាជាធ្លុងមួយរក្សាសន្តិភាពដែលកម្ពុជារកបានដោយលំបាក ក្នុងរយៈពេល២៦ឆ្នាំកន្លងមកនេះ។

កម្ពុជាក្រោមពន្លឺនយោបាយសន្តិភាពដាក់ចេញដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជាសរសរស្តម្ភ ដ៏រឹងមាំនៃគ្រឹះនយោបាយដឹកនាំជាតិ, ប្រជាពលរដ្ឋខ្មែរក្នុងនិងក្រៅប្រទេសមានសុទិដ្ឋិនិយម និងជំនឿទុកចិត្តដ៏រឹងមាំ លើការដឹកនាំរបស់រដ្ឋាភិបាលបន្តវេនអាណ្ណត្តិទី៧ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃប្រទេស កម្ពុជា ដែលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដែលកំពុងនាំប្រទេសកម្ពុជា ក្លាយជាប្រទេសដែលមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០។

ដូច្នេះ ខួប៤៦ឆ្នាំនៃរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាលើកនេះ មិនត្រឹមតែជាឱកាសមួយសម្រាប់ប្រជាជនកម្ពុជាទាំងអស់ ក្នុងការឆ្លុះបញ្ចាំងពីប្រវត្តិសាស្រ្តរួមគ្នារបស់ពួកគេ ប៉ុណ្ណោះទេ…ខួប៤៦ឆ្នាំ នៃរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ក៏ជាពន្លឹនៃសេចក្តីសង្ឃឹម ដ៏មុតមាំសម្រាប់អនាគតនៃប្រជាពលរដ្ឋខ្មែរ ដែលត្រូវរួមសាមគ្គីគ្នាជាធ្លុងមួយ ក្រោមធ្លុងសន្តិភាព និងព្រះរាជបន្ទួលដ៏ថ្លៃថ្លារបស់ព្រះមហាក្សត្រ ដែលតែងមានជំនឿជឿជាក់លើការដឹកនាំ របស់គណបក្សប្រជាជនកម្ពុជា ក្នុងការជួយធ្វើឱ្យប្រទេសកាន់តែមានស្ថិរភាពនយោបាយ និងសន្តិភាពយូរអង្វែងឈ្នះអស់មារសត្រូវគ្រប់ទិសទី៕