(ឧត្ដរមានជ័យ)៖ ការបោះជំរំយុវជនកាកបាទក្រហមកម្ពុជា ថ្នាក់ជាតិ និងអន្ដរជាតិ ក្រោមប្រធានបទ «រួមគ្នាស្ម័គ្រចិត្ត ដើម្បីភាពធន់សហគមន៍ក្នុងសន្តិភាព» ឆ្នាំ២០២៤ រយៈពេល៤យប់ ចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់យប់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤នេះ លើទឹកដីខេត្ដឧត្ដរមានជ័យ បានបិទបញ្ចប់ហើយ ក្រោមអធិបតី លោក មាន ចាន់យ៉ាដា សមាជិកគណៈកម្មាធិការកណ្តាល កាកបាទក្រហមកម្ពុជា។
លោក មាន ចាន់យ៉ាដា បានថ្លែងទៅកាន់យុវជនកាកបាទក្រហមកម្ពុជា ក៏ដូចជាយុវជនមកពីសមាគមជាតិអាស៊ីអាគ្នេយ៍មកពីអឌ្ឍចន្ទក្រហម ម៉ាឡេស៊ី, កាកបាទក្រហម មីយ៉ាន់ម៉ា និងកាកបាទក្រហម វៀតណាមថា ការបោះជំរំយុវជនកាកបាទក្រហមកម្ពុជា ថ្នាក់ជាតិ និងអន្ដរជាតិនេះ បានបិទបញ្ចប់ប្រកបដោយភាពជោគជ័យ និងសាមគ្គីភាព យ៉ាងសប្បាយរីករាយ ក្រោមការសហការរៀបចំពីមន្ដ្រីបច្ចេកទេសស្នាក់ការកណ្ដាល និងសាខាកាកបាទក្រហមកម្ពុជា ខេត្តឧត្តរមានជ័យ។
លោក មាន ចាន់យ៉ាងដា បានមានក្តីសង្ឃឹម និងជឿជាក់ថា យុវជន និងប្រតិភូយុវជនទាំងអស់ពិតជានឹងទទួលបាននូវចំណេះដឹង បំណិនជីវិត និងបទពិសោធន៍ការងារក្នុងការរស់នៅបែបជីវិតផ្ទាល់ខ្លួន ជាបុគ្គល ជាគ្រួសារ និងសហគមន៍ ជាមួយនឹងការចងចាំនូវអនុស្សាវរីយ៍វិជ្ជមានល្អៗ នៅពេលដែលប្អូនៗវិលត្រឡប់ទៅតាមបណ្តាប្រទេស រាជធានី ខេត្ត និងតាមសហគមន៍រៀងៗខ្លួន។ មិនតែប៉ុណ្ណោះ ប្អូនៗក៏ត្រូវបន្តនូវប្រពៃណីគោរពស្រឡាញ់ និងដើរតាមគំរូវីរភាពរបស់ អគ្គមគ្គុទ្ទេសក៍ឯក ស្ថាបនិកនយោបាយឈ្នះ-ឈ្នះ បិតាសន្តិភាព គឺ សម្តេចតេជោ ហ៊ុន សែន និងរៀមច្បងស្នេហាជាតិទាំងអស់ ព្រមទាំងបណ្តុះនូវស្មារតី ឧត្តមគតិ ថែរក្សាការពារសមិទ្ធផលសន្តិភាព និងវប្បធម៌ផ្សះផ្សារ បង្រួមបង្រួមជាតិ ឯកភាពទឹកដី ឱ្យស្ថិតនៅគង់វង្ស ជានិច្ចនិរន្តរ៍ក្នុងសង្គមជាតិរបស់យើងជារៀងដរាបជាមួយការគោរពស្រឡាញ់ និងជឿជាក់គាំទ្រដល់បេសកកម្មដឹកនាំដ៏ឈ្លាសវៃ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
ក្នុងឱកាសនោះ លោក មាន ចាន់យ៉ាដា បានពាំនាំនូវអនុសាសន៍ផ្ដាំផ្ញើរបស់ សម្ដេចកិត្ដិ្ដព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់យុវជនប្រមាណជាង ៣០០នាក់ថា៖
១៖ សូមយកចិត្តទុកដាក់ ពង្រឹងវប្បធម៌ចែករំលែក សកម្មភាព មិត្ត-អប់-រំមិត្ត, មិត្ត-ជួយ-មិត្ត ចេះយកអាសារគ្នា ជួយសិស្ស និស្សិត និងយុវជនកាកបាទក្រហមកម្ពុជា ដែលមានជីវភាពខ្វះខាត ហើយកំពុងសិក្សានៅក្នុងគ្រឹះស្ថានសិក្សាជាមុន និងសិស្ស និស្សិត កុមារកំព្រា ចាស់ជរា នៅតាមសហគមន៍ជាក្រោយ
២៖ បន្ដពង្រឹងតួនាទីស្នូល និងសមត្ថភាពរបស់យុវជន ក្នុងការចែករំលែកចំណេះដឹង ការផ្លាស់ប្តូរបទពិសោធន៍ និងលើកទឹកចិត្តឱ្យមានគំនិតផ្តួចផ្តើមច្នៃប្រឌិតថ្មីៗ និងរកដំណោះស្រាយបញ្ហាប្រឈមថ្មីសកល ការងារមនុស្សធម៌ ដើម្បីចែករំលែកនូវបទពិសោធន៍ ការប្រជុំពិភាក្សាបន្ថែម ផ្តល់នូវគំនិតថ្មីៗ ហើយត្រូវស្វែងរកដំណោះស្រាយរួមគ្នា
៣៖ បន្ដលើកកម្ពស់ស្មារតីសាមគ្គីភាព កិច្ចសហប្រតិបត្តិការ និងរឹតចំណងមិត្តភាពលើវិស័យមនុស្សធម៌ រវាងសមាគមជាតិក្នុងតំបន់ ភូមិភាគ សាខាចងសម្ព័ន្ធភាពជាមួយគ្នា និងសាខា ដែលបានចូលរួម។
៤៖ បន្តផ្ដល់ឱកាស គាំទ្រ និងលើកទឹកចិត្តឱ្យមានគំនិតច្នៃប្រឌិតថ្មីៗសម្រាប់យុវជនអនុវត្ត ក្នុងនាមជាអ្នកដឹកនាំវ័យក្មេងទៅថ្ងៃអនាគត ជំរុញឱ្យមានការធ្វើការជាក្រុម ស្វ័យសិក្សាពីបំណិតជីវិត ជីវភាពស្នាក់នៅ ហូបចុករួមគ្នាជាក់ស្ដែង។
សូមជម្រាបជូនថា ការបោះជំរំយុវជនកាកបាទក្រហមកម្ពុជា ថ្នាក់ជាតិ និងអន្តរជាតិ ឆ្នាំ២០២៤នេះ ធ្វើឡើងរយៈពេល ៤យប់ នៅលើទឹកដីខេត្តឧត្តរមានជ័យ ចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់យប់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ ដែលកម្មវិធីបើក កាលពីល្ងាចថ្ងៃទី២៩ ខែវិច្ឆិកា ក្រោមអធិបតីភាពលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។
សម្រាប់នៅថ្ងៃទី៣០ ខែវិច្ឆិកា ជាថ្ងៃទី២នៃជំរំ យុវជនទាំងអស់ បានទទួលឱវាទដោយផ្ទាល់ និងការធ្វើសមាធិ ដឹកនាំដោយ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ និងចូលរួមដាំដើមឈើប្រណិត ១,៥០០ដើម នៅឧទ្យានកាកបាទក្រហមកម្ពុជា ស្ថិតក្នុងភូមិថ្មី ឃុំត្រពាំងតាវ ស្រុកអន្លង់វែង។
ចំណែកថ្ងៃទី២ ខែធ្នូ ជាថ្ងៃទី៣នៃជំរំ សមាជិកសមាជិកជំរំ ត្រូវបានបែងចែកជា៣ក្រុម ដើម្បីចុះទស្សនកិច្ចសិក្សានៅតំបន់ប្រវត្តិសាស្ត្រ និងតាមសហគមន៍ចំនួន៣ ក្នុងនោះគោលដៅទី១ ស្រុកអន្លង់វែង បានទស្សនកិច្ចសិក្សានៅរមនីយដ្ឋានប្រវត្តិសាស្ត្រមួយចំនួនដូចជា ផ្ទះតាម៉ុក, ស្តូបឈ្នះ ឈ្នះ អន្លង់វែង, តំបន់ប្រវត្តិសាស្ត្រយោធាភ្នំ២០០ សេនាតេជោ, ទីតាំងបូជាសព និងផ្ទះរបស់ ប៉ុល ពត។ បន្ថែមពីប្រតិភូយុវជន ក៏បានចុះជួបសំណេះសំណាល សួរសុខទុក្ខ និងសម្ភាសដោយផ្ទាល់ជាមួយគ្រួសារអតីតយោធិន អំពីជីវិតតស៊ូរបស់ពួកគាត់ក្នុងពេលមានសង្គ្រាម និងសន្តិភាព។