(ភ្នំពេញ)៖ ដើម្បីចូលរួមចំណែកធ្វើឲ្យសម្រេច នូវក្របខ័ណ្ឌភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រជប៉ុន ដែលត្រូវបានបង្កើតឡើងកាល ពីដើមឆ្នាំ២០២៣ លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៉ីវិល បានដឹកនាំគណៈប្រតិភូកម្ពុជា ទៅទស្សនកិច្ចនៅប្រទេសជប៉ុន ចាប់ពីថ្ងៃ ទី២៣ ដល់៣០ ខែវិច្ឆិកា ឆ្នាំ២០២៤។

នៅក្នុងដំណើរទស្សនកិច្ចនេះ ក៏មានការអមដំណើរ ដោយឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំព្រះរាជាណាចក្រជប៉ុន និងកុងស៊ុលកិត្តិយសនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំខេត្តសេនដៃ និងជាទីប្រឹក្សា សម្តេចមហាបវរធិបតីនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ផងដែរ។

គោលបំណងចម្បងនៃដំណើរទស្សនកិច្ចនេះ គឺដើម្បីពង្រឹងនូវចំណងមិត្តភាពរវាង ប្រទេសទាំងពីរកម្ពុជា-ជប៉ុន ជាពិសេសផ្តោតលើការជំរុញឲ្យមានការហោះហើរត្រង់ឡើងវិញ បន្ទាប់ពីមានការអាក់ខានដោយវិបត្តិជំងឺកូវីដ១៩ ការទាក់ទាញអ្នកវិនិយោគជប៉ុនមកវិនិយោគ នៅព្រះរាជាណាចក្រកម្ពុជា ទាំងក្នុងវិស័យអាកាសចរណ៍ស៉ីវិល និងវិស័យសក្តានុពលមួយ ចំនួនទៀត ព្រមទាំងពង្រឹងនូវទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ តាមរយៈការផ្លាស់ប្តូរនូវវប្បធម៌រវាងគ្នាទៅវិញទៅមក។

ដើម្បីសម្រេចនូវគោលបំណងខាងលើ លោករដ្ឋមន្រ្តីបានជួបពិភាក្សាការងារជាមួយ ភាគីពាក់ព័ន្ធនានាទាំងវិស័យសាធារណៈ និងឯកជន ចូលរួមជាអធិបតីក្នុងវេទិកាភាពជាដៃគូវិនិយោគកម្ពុជា-ជប៉ុន JATIC ព្រមទាំងបានអញ្ជើញទៅទស្សនកិច្ចនៅទីតាំងសំខាន់ៗ ដូចជា៖ អាកាសយានដ្ឋានអន្តរជាតិ ហាណិដា (Haneda International Airport) ក្រុមហ៊ុនផលិតថាមពលស្អាតសម្រាប់ដំណើរការអាកាសយានដ្ឋាន និងស្ថាប័នពាក់ព័ន្ធមួយ ចំនួនទៀតផងដែរ។

ថ្លែងនៅក្នុងវេទិកាភាពជាដៃគូវិនិយោគកម្ពុជា-ជប៉ុន ដែលសហការរៀបចំដោយ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៉ីវិល និងស្ថានឯកអគ្គរាជទូត ព្រះរាជាណាចក្រកម្ពុជា ប្រចាំព្រះរាជាណាចក្រជប៉ុន និងមានដៃគូសហការដោយស្ថានកុងស៊ុលកិត្តិយស ព្រះរាជាណាចក្រកម្ពុជាប្រចាំទីក្រុងសេនដៃ និងអង្គការ JATIC លោករដ្ឋមន្រ្តី បានគូសបញ្ជាក់ពី ចំណងមិត្តភាពរវាងប្រទេសកម្ពុជា និងជប៉ុន ដែលត្រូវបានពង្រឹង និងពង្រីកជាបន្តបន្តាប់ ចាប់តាំងពីរាជរដ្ឋាភិបាលកម្ពុជានីតិកាលមុនៗ ដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ មន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

ទន្ទឹមនេះ លោករដ្ឋមន្រ្តីបានជម្រាបជូនអ្នកវិនិយោគ ជប៉ុនពីកត្តាគន្លឹះចំនួន៤ ដែលកម្ពុជាជាទិសដៅវិនិយោគដ៏មានសក្តានុពលសម្រាប់អ្នក វិនិយោគិនបរទេស រួមមាន៖

* កត្តាទី១៖ ប្រទេសកម្ពុជាមានសុខសន្តិភាពពេញលេញ ចាប់តាំងពីឆ្នាំ១៩៩៨ ក្រោមនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ដែលនេះ គឺជាបុរេលក្ខខណ្ឌសម្រាប់ ការអភិវឌ្ឍ និងវិនិយោគនៅកម្ពុជា

* កត្តាទី២៖ ប្រទេសកម្ពុជាមានទីតាំងជាយុទ្ធសាស្រ្តចំកណ្តាលតំបន់អាស៊ាន ដែលមានព្រំប្រទល់ជាប់នឹងប្រទេសថៃ វៀតណាម និងឡាវ មានប្រជាជន១៦លាននាក់ ដែល៦៤%មានអាយុក្រោម៣៥ឆ្នាំ និងមានចំណងទាក់ទងនៅក្នុងខ្សែច្រវាក់តម្លៃតំបន់ ព្រមទាំងទទួលបានការអនុគ្រោះពន្ធនាំចេញ-នាំចូលទីផ្សារសហគមន៌អឺរ៉ុប សហរដ្ឋអាមេរិច ចក្រភពអង់គ្លេស និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសាធារណៈរដ្ឋកូរ៉េ ប្រទេសចិន និងអាស៊ាន

* កត្តាទី៣៖ ប្រទេសកម្ពុជាមានធនធានសម្បូរបែប ទាំងបេតិកភណ្ឌ វប្បធម៌ ធនធានធម្មជាតិ និងកម្លាំងពលកម្មមានការប្រកួតប្រជែង

* និងកត្តាទី៤៖ កម្ពុជាអនុវត្តនូវវិធីសាស្រ្តគាំពារដល់ការធ្វើពាណិជ្ជកម្ម រួមមានការសម្របសម្រួលដល់ការ វិនិយោគ ការផ្តល់ផលប្រយោជន៍ខាងសារពើពន្ធ និងការការពារ និងការធានាដល់អ្នក វិនិយោគទុនជាដើម។

គួររម្លឹកផងដែរថា ទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជានិងជប៉ុន ត្រូវបានបង្កើតឡើងចាប់តាំងពីឆ្នាំ១៩៥៣ មកម្ល៉េះ ហើយមកដល់ពេលនេះ គឺមានអាយុកាល ៧១ឆ្នាំ ហើយ។ នៅក្នុងរយៈពេលនេះ ប្រទេសយើងទាំងពីរ សម្រេចបាននូវកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យ ទាំងវិស័យសេដ្ឋកិច្ច នយោយបាយ សន្តិសុខ សង្គម វប្បធម៌ និងជំនួយ អភិវឌ្ឍន៍ផងដែរ។ ប្រទេសកម្ពុជា-ជប៉ុន បានក្លាយជាដៃគូយុទ្ធសាស្រ្ត (Strategic Partnership) កាលពីខែធ្នូ ឆ្នាំ២០១៣ និងត្រូវបានតំឡើងទៅជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ (Comprehensive Strategic Partnership) កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣។

ចំពោះទំនាក់ទំនង កម្ពុជានិងជប៉ុន លើវិស័យអាកាសចរណ៍ស៉ីវិល ព្រះរាជាណាចក្រកម្ពុជានិងជប៉ុន បានភ្ជាប់ការហោះហើរត្រង់តាមរយៈការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស (Air Service Agreement-ASA) កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៥ និងកំណត់ហេតុកិច្ចប្រជុំ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៥។ ចាប់តាំងពីឆ្នាំ២០១៦ ក្រុមហ៊ុនអាកាសចរណ៍របស់ប្រទេសជប៉ុន All Nippon Airway-ANA (NH) បានធ្វើប្រតិបត្តិការហោះហើរជាលក្ខណៈសេវាដឹកអ្នកដំណើរ ចំនួន៧ជើង/សប្តាហ៍ពីទីក្រុងណារីតា-ភ្នំពេញ រហូតដល់ឆ្នាំ២០២១ ដោយសារវិបត្តិជំងឺកូវីដ១៩ បានធ្វើឲ្យមានការផ្អាកការហោះហើរជាបណ្តោះអាស្នន៕