(ប៉េកាំង)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានកោតសរសើរយ៉ាងស្មោះដល់ការដឹកនាំដ៏វៀងវៃ ប្រកបដោយទស្សនវិស័យវែងឆ្ងាយរបស់ថ្នាក់ដឹកនាំសាលានេះ ជាពិសេស លោក ស៊ី ជិនពីង ជាអគ្គលេខាធិការបក្សកុម្មុយនីស្តចិន ដែលបានធ្វើឲ្យសាលាក្លាយទៅជាថ្នាលអប់រំដ៏សំខាន់បំផុត ក្នុងការសម្រិតសម្រាំងជួរថ្នាក់ដឹកនាំជាន់ខ្ពស់ចិន។

ការកោតសរសើររបស់សម្តេចតេជោ បានធ្វើឡើងក្នុងឱកាសអញ្ជើញទសន្សនកិច្ច សាលារដ្ឋបាលជាតិ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ក្នុងរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន នៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ ដែលជាថ្ងៃទី២ នៃដំណើរបំពេញទស្សនកិច្ចមិត្តភាពផ្លូវការ នៅសាធារណរដ្ឋប្រជាមានិតចិន។

នៅសាលារដ្ឋបាលជាតិ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន វត្តមាននៃការអញ្ជើញដល់របស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងស្និទ្ធស្នាលរ៉ាក់ទាក់បំផុត ពីឥស្សរជនជាន់ខ្ពស់ ជាថ្នាក់ដឹកនាំសាលារដ្ឋបាលជាតិ នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន ជាច្រើនរូប។ សាលារដ្ឋបាលជាតិនៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន គឺជាគ្រឹះស្ថានឧត្តមសិក្សា ដែលបណ្តុះបណ្តាលកម្មាភិបាលបក្សកុម្មុយនិស្តចិន។ វាមានទីតាំងនៅសង្កាត់ Haidian ទីក្រុងប៉េកាំង ជិតវិមានរដូវក្តៅ និងវិមានរដូវក្តៅចាស់។ នាយកគ្រប់គ្រងបច្ចុប្បន្ន គឺលោក Chen Xi អតីតសមាជិកការិយាល័យនយោបាយបក្សកុម្មុយនីស្តចិន។

សាលាបក្សនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន នៅទីក្រុងប៉េកាំង ដែលគេស្គាល់ថាជាសាលាបក្សកណ្តាល គឺជាគ្រឹះស្ថានឧត្តមសិក្សា ដែលបណ្តុះបណ្តាលកម្មាភិបាលនៃបក្សកុម្មុយនិស្តចិនជាពិសេស

សាលាមជ្ឈិមបក្ស ផ្តោតលើការងារបក្ស និងប្រទេស។ ក្រោមការណែនាំនៃគោលដៅអភិវឌ្ឍន៍ថ្មីដែលកំណត់ដោយគណៈកម្មាធិការសាលា វាពឹងផ្អែកលើកម្លាំងស្រាវជ្រាវវិទ្យាសាស្ត្រនៃសាលាទាំងមូល និងសាលាគណបក្សជាតិ ដើម្បីរៀបចំគណៈកម្មការសំខាន់ៗពីរដ្ឋាភិបាលកណ្តាល មានដូចជា ការងារស្រាវជ្រាវគម្រោង; ការទទួលខុសត្រូវក្នុងការរៀបចំគម្រោងធំៗនៃការស្រាវជ្រាវទ្រឹស្តីម៉ាក្សនិយម និងគម្រោងសាងសង់ គម្រោងមូលនិធិវិទ្យាសាស្ត្រសង្គមជាតិ គម្រោងមូលនិធិវិទ្យាសាស្ត្រធម្មជាតិជាតិ គម្រោងវិទ្យាសាស្ត្រទន់ជាតិ ទស្សនវិជ្ជាជាតិ និងគម្រោងការពិភាក្សាប្រព័ន្ធវិទ្យាសាស្ត្រសង្គម គម្រោងស្រាវជ្រាវការគិតកម្រិតខ្ពស់ថ្នាក់ជាតិ។ល។

សាលារដ្ឋបាលជាតិនៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៣៣ មកដល់ពេលនេះមានរយៈពេល៩១ឆ្នាំហើយ ក្នុងរយៈពេលនេះ លោកប្រធាន ម៉ៅ និងលោក ស៊ី ជិនពីង ធ្លាប់បំពេញតួនាទីជានាយកសាលានេះផងដែរ។ ក្នុងជំនួបនោះដែរ លោកនាយករងសាលាបានរាយការណ៍ជូនសម្តេចតេជោ និងគណៈប្រតិភូពីរចនាសម្ព័ន្ធ និងភារកិច្ចរបស់សាលាក្នុងការបណ្តុះបណ្តាលដល់មន្រ្តីជាន់ខ្ពស់បក្ស និងការចូលរួមឧទ្ទេសនាមពីថ្នាក់ដឹកនាំកំពូលៗរបស់ចិន ក្នុងនោះរួមមានទាំងឯកឧត្តមប្រធានាធិបតី ស៊ី ជិនពីងផងដែរ។

ជាការឆ្លើយតប សម្តេចតេជោ ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងអំណរគុណដែលបានមកទស្សនាសាលាមជ្ឈឹមបក្សកុម្មុយនីស្តចិន និងបានស្តាប់បទឧទ្ទេសនាមដ៏ក្បោះក្បាយស្តីពីការអភិវឌ្ឍ និងសមិទ្ធផលដ៏គាប់ប្រសើរជាច្រើន ដែលសាលាសម្រេចបាន ដោយពុះពាររាល់ឧបសគ្គ ចាប់តាំងពីពេលបង្កើតឡើងដំបូងកាលពី ៩១ឆ្នាំ កន្លងទៅ។

សម្តេចតេជោ បានវាយតម្លៃខ្ពស់ចំពោះគុណភាព និងប្រសិទ្ធភាពនៃការបណ្តុះបណ្តាលកម្មាភិបាលបក្ស រ៉ាប់ម៉ឺននាក់ ឲ្យមានសមត្ថភាពខ្ពស់លើការងារអភិបាលកិច្ច ទាំងនៅកម្រិតមជ្ឈឹម និងមូលដ្ឋាន ដោយផ្អែកតាមបាវចនា ស្វែងរកសច្ចភាពពីតថភាព។ សម្តេចតេជោ បានកោតសរសើរយ៉ាងស្មោះដល់ការដឹកនាំដ៏វៀងវៃ ប្រកបដោយទស្សនវិស័យវែងឆ្ងាយរបស់ថ្នាក់ដឹកនាំសាលានេះ រួមមានទាំងលោក ស៊ី ជិនពីង ជាអគ្គលេខាធិការបក្សកុម្មុយនីស្តចិនបច្ចុប្បន្នផងដែរ ដែលបានធ្វើឲ្យសាលាក្លាយទៅជាថ្នាលអប់រំដ៏សំខាន់បំផុត ក្នុងការសម្រិតសម្រាំងជួរថ្នាក់ដឹកនាំជាន់ខ្ពស់ចិន។

សាលានេះពិតជាបានរួមចំណែកដ៏ធំ ធ្វើឲ្យចិនសម្រេចបាននូវគោលដៅសហសវត្ស ១០០ឆ្នាំទី១ របស់ខ្លួន ហើយនឹងបន្តឈានទៅសម្រេចគោលដៅសហសវត្សទី២ ប្រែក្លាយចិនទៅជាប្រទេសសង្គមនិយមទំនើប រុងរឿង ខ្លាំងក្លា ប្រជាធិបតេយ្យ វប្បធម៌ជឿនលឿន និងសុខដុមរមនា នៅឆ្នាំ២០៤៩៕