(ភ្នំពេញ)៖ ក្រសួងទេសចរណ៍បានអំពាវនាវដល់សមាគមទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ ផ្នែកឯកជន អ្នកសារព័ត៌មាន ភ្ញៀវទេសចរជាតិ-អន្តរជាតិ សាធារណជន និងភាគីពាក់ព័ន្ធនានាចូលរួមផ្សព្វផ្សាយនិងចូលរួមការតាំងពិព័រណ៍ពិព័រណ៍ទេសចរណ៍ ASEAN Travel Exchange (TRAVEX) ដែលធ្វើឡើងនៅប្រទេសម៉ាឡេស៊ី សំដៅទាក់ទាញទេសចរជាតិក្នុងតំបន់ និងអន្តរជាតិឱ្យមកទស្សនា «កម្ពុជា-ព្រះរាជាណាចក្រអច្ឆរិយៈ ផ្តល់ភាពកក់ក្តៅ សុវត្ថិភាព ស្អាត និងបៃតង» កាន់តែច្រើនថែមទៀត។

បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍ ពិព័រណ៍ទេសចរណ៍ ASEAN Travel Exchange (TRAVEX) នឹងប្រារព្ធឡើងចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ នៅទីក្រុងចូហូ (Johor) ប្រទេសម៉ាឡេស៊ី។

ក្រសួងទេសចរណ៍នឹងចូលរួមការតាំងពិព័រណ៍ទេសចរណ៍ ASEAN Travel Exchange (TRAVEX) ដែលនឹងមានការចូលរួមពីប្រតិបត្តិករទេសចរណ៍ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងអ្នកលក់-អ្នកទិញ ស្តង់ពិព័រណ៍ប្រមាណ២០០ស្តង់ ដោយមានការដាក់តាំងបង្ហាញផលិតផលទេសចរណ៍ពីប្រតិបត្តិករទេសចរណ៍ ទីភ្នាក់ងារទេសចរណ៍ សេវាកម្មធ្វើដំណើរ សេវាកម្មសណ្ឋាគារ និងភាគីពាក់ព័ន្ធនៃបណ្តាប្រទេសសមាជិកអាស៊ានផងដែរ។

ពិព័រណ៍ទេសចរណ៍អន្តរជាតិនេះដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់កំណើនទេសចរណ៍ក្នុងតំបន់ ជំរុញបង្កើតឱកាសអាជីវកម្មទេសចរណ៍ និងជំរុញការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ដ៏សម្បូរបែបរបស់កម្ពុជាឱ្យកាន់តែទូលាយទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសទីផ្សារអាស៊ាន ព្រមទាំងជាឱកាសក្នុងការបង្កើតទំនាក់ទំនង អាជីវកម្មថ្មី កិច្ចសហប្រតិបត្តិការល្អក្នុងវិស័យទេសចរណ៍ និងការពង្រឹងភាពជាដៃគូទេសចរណ៍ជាតិ-អាស៊ាន តាមរយៈបណ្តាញទំនាក់ទំនងទីភ្នាក់ងារទេសចរណ៍ និងកិច្ចសហការក្នុងវិស័យទេសចរណ៍អាស៊ាន៕