(សៀមរាប)៖ អ្នកឧកញ៉ាបណ្ឌិត សៀង ណាំ តំណាងរាស្ត្រមណ្ឌលសៀមរាប បានអញ្ជើញប្រារព្ធខួបអនុស្សាវរីយ៍លើកទី៤៦ និងទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា (២ធ្នូ ១៩៧៨ ដល់ ២ធ្នូ ២០២៤)។ ពិធីនេះបានធ្វើឡើងនាថ្ងៃព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ ម្សិលមិញ។
អ្នកឧកញ៉ាបណ្ឌិត សៀង ណាំ បានអានសុន្ទរកថារបស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងពិធីមិទ្ធីញអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៤៦ និងទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ដែលមានអត្ថន័យដូចតទៅ៖
ទី១- បន្តចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់ សុខដុមនៃសង្គម និងការពារដាច់ខាតនូវឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដី។
ទី២- រណសិរ្សគ្រប់ថ្នាក់ត្រូវពង្រឹងនិងពង្រីករចនាសម្ព័ន្ធចាត់តាំងរណសិរ្ស បង្កើនសមត្ថភាព គ្រប់គ្រង និងដឹកនាំការងារ ស្វែងរកប្រភពគាំទ្រឱ្យបានកាន់តែច្រើនឡើង ដើម្បីធានានិរន្តរភាព និងវឌ្ឍនភាពនៃបេសកកម្ម រចនាសម្ព័ន្ធ និងបុព្វហេតុរបស់រណសិរ្ស។
ទី៣- រណសិរ្សគ្រប់ថ្នាក់ត្រូវបន្តអប់រំ បំផុសចលនា បង្ក្រាបការយល់ដឹងអំពីគោលនយោបាយនានារបស់រាជរដ្ឋាភិបាលឱ្យជ្រួតជ្រាបទូលំទូលាយក្នុងសង្គម និងការប្រមូលផ្តុំកម្លាំងមហាជនពីគ្រប់ស្រទាប់គ្រប់មជ្ឈដ្ឋាន ដើម្បីចូលរួមគាំទ្រ និងអនុវត្តគោលការណ៍ និងគោលនយោបាយទាំងនោះ សំដៅចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា សម្រេចបានចក្ខុវិស័យនៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា ជាពិសេសជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០។
ទី៤- ចូលរួមក្នុងការតស៊ូប្តូរផ្តាច់ក្នុងការទប់ស្កាត់នូវរាល់ឧបាយកល និងសកម្មភាពបំបែកបំបាក់ សាមគ្គីជាតិរបស់ក្រុមប្រឆាំង មជ្ឈដ្ឋានអមិត្តទាំងក្នុងនិងក្រៅប្រទេស ដែលប៉ុនប៉ងអូសទាញមហាជន ប្រជាជនឱ្យប្រឆាំងចំពោះបុព្វហេតុកសាង និងអភិវឌ្ឍន៍ជាតិមាតុភូមិជាទីស្នេហានៃយើង។
ទី៥- ពង្រឹង និងថែរក្សាឱ្យបានរឹងមាំនូវសាមគ្គីភាព និងឯកភាពផ្ទៃក្នុង ទាំងទស្សនៈ គោលជំហរ និងនយោបាយសតិអារម្មណ៍ តាមគោលការណ៍រក្សាចាស់បង្កើនថ្មី។
ទី៦- ចូលរួមអនុវត្តមាគ៌ាគោលនយោបាយការទូតសន្តិភាព ឯករាជ្យ មិត្តភាព និងសហប្រតិបត្តិ ការស្មើភាពជាមួយបណ្តាប្រទេសនានានៅលើពិភពលោក ដោយឈរលើមូលដ្ឋានគោរពឯករាជ្យ អធិបតេយ្យ ស្នើសិទ្ធិ និងមានផលប្រយោជន៍ទាំងសងខាង ស្របតាមបាវចនារបស់រាជរដ្ឋាភិបាលកម្ពុជា នៃការកែទម្រង់ខាងក្នុង កសាងមិត្តខាងក្រៅ ដោយឈរលើមូលដ្ឋានឯករាជ្យ»។
ទី៧- ត្រូវយកស្មារតី នៃអង្គមហាសន្និបាតរណសិរ្សលើកទី៦ ទៅផ្សព្វផ្សាយបន្តឱ្យបានទូលំទូលាយបន្ថែមទៀតដល់គ្រប់មជ្ឈដ្ឋានសង្គម។
ចំណាប់អារម្មណ៍របស់តំណាងអង្គពិធីថ្លែងក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ដើម្បីជាសក្ខីភាពនៃការដឹងគុណចំពោះបុព្វការីគឺ ចងចាំជានិច្ច ដោយចាត់ទុករណសិរ្ស ២ធ្នូ គឺជាបុព្វការីដ៏មានគុណបំផុតរបស់យើងទាំងការពារសុខសន្តិភាព និងការអភិវឌ្ឍរបស់សង្គមជាតិ។ រួមរស់អនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងរណសិរ្ស ដើម្បីបន្តថែរក្សា។ រក្សាឧត្តមគតិស្នេហាជាតិ និងការបង្រួបបង្រួមជាតិរបស់អគ្គស្ថាបនិករណសិរ្ស២ធ្នូ។ ជំរុញបង្កើនសមាជិក សមាជិការណសិរ្ស និងបំផុសចលនាមហាជនឱ្យគាំទ្ររាជរដ្ឋាភិបាល។ លើកកម្ពស់ស្មារតីថែរក្សាសុខសន្តិភាព សាមគ្គីភាព ប្រកាន់ខ្ជាប់ប្រពៃណីស្នេហាជាតិផ្សាភ្ជាប់ជាមួយប្រជាជន បម្រើប្រជាជនឱ្យអស់កម្លាំងកាយចិត្ត។
បំផុសចលនាសមាជិក សមាជិការណសិរ្ស ទប់ស្កាត់ឱ្យបានដាច់ខាតនូវរាល់សកម្មភាពទាំងឡាយ ដែលនាំឱ្យបាត់បង់សុខសន្តិភាព និងការអភិវឌ្ឍ។ ពង្រឹង និងពង្រីកទំនាក់ទំនងសាមគ្គីភាព មិត្តភាព និងសហប្រតិបត្តិការល្អ ជាមួយបណ្តាប្រទេសជាមិត្តទាំងក្នុងតំបន់ និងសកលលោក។ គាំទ្រ និងរួមចំណែកក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៕