(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤នេះ បានដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍បំពេញទស្សនកិច្ចនៅតំបន់រដ្ឋបាលពិសេសហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីចូលរួមកម្មវិធី «GX Foundation Khmer Cuisine Charity Dinner» ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ សំដៅលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ក៏ដូចជាកៀរគរស្វែងរកការគាំទ្រសម្រាប់ជួយសកម្មភាពសប្បុរសធម៌នៅកម្ពុជា។

ការបំពេញទស្សនកិច្ចនេះ គឺដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងតបតាមការអញ្ជើញរបស់មូលនិធិ GX Foundation។

បើតាមលោករដ្ឋមន្ត្រី ហួត ហាក់ ការអញ្ជើញចូលរួមកម្មវិធី «GX Foundation Khmer Cuisine Charity Dinner» នេះ គឺមានគោលបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ម្ហូបអាហារខ្មែរ និងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ក៏ដូចជាកៀរគរស្វែងរកការគាំទ្រសម្រាប់ជួយសកម្មភាពសប្បុរសធម៌នៅកម្ពុជាផងដែរ៕