(កំពង់ឆ្នាំង)៖ ព្រះមេត្តិសត្ថា វង្ស កុសល ព្រះរាជាគណៈថ្នាក់កិត្តិយសព្រះគ្រូធម្មានុវឌ្ឍន៍ព្រះអនុគណស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នាថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៤ បានដឹកនាំព្រះសង្ឃ រួមមាន ព្រះសិរីធម្មញ្ញាណ​ នុច​ មុនី, ព្រះធម្មវនវាសីបណ្ឌិត ចន្ទ មុនី ព្រះរាជាគណៈកិត្តិយស និងជាព្រះចៅអធិការវត្តតាសុត រៀបចំពិធីបញ្ចុះបឋមសិលា​កសាង​ខ្លោងទ្វារវត្តសម្ដេច​ នន្ទ​ ង៉ែត​ សែនជ័យ​សត្ថារាម​ ហៅវត្តក្រឡាញ់ចាស់​ ភូមិស្រងាំទេរ​ ឃុំប្រស្នឹប​ ស្រុករលាប្អៀរ​ ខេត្តកំពង់​ឆ្នាំង​។

ក្លោងទ្វារនេះដែរជាសមិទ្ធផលថ្មីមួយទៀតសម្រាប់ វត្តក្រឡាញ់ចាស់​ ដែលគ្រោងចំណាយថវិកាសាងសង់ចំនួន ២៧,០០០ដុល្លារអាមេរិក ដែលជាទឹកចិត្តដ៏ប្រពៃថ្លៃថ្លារបស់លោក​ ស៊ឹម វណ្ណះ​ និងលោកស្រី​ សៅ​ សារៀម​ ព្រះទាំងបុត្រ។ ស្ថិតនៅក្នុងពិធីបញ្ចុះបឋមសិលា​សាងសង់នេះដែរ ក៏មានការចូលរួមពីលោកស្រីចរណាភិរ័ក្ខសិរីសិទ្ធា អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ ទិត មាលា ញាណឡេង រួមទាំងមានលោកអាចារ្យ គណៈកម្មាធិការ និងប្រជាពុទ្ធបរិស័ទជាច្រើនទៀតផងដែរ។

ស្ថិតនៅក្នុងឱកាសនោះដែរព្រះសិរីមង្គលមុនី ម៉ុច សៅលី​ ព្រះចៅ​អធិការវត្តសម្ដេច​ នន្ទ​ ង៉ែត​ សែនជ័យ​សត្ថារាម​ ហៅវត្តក្រឡាញ់ចាស់​ មានសង្ឃដីការថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ជូនចំពោះ​លោក ស៊ឹម​ វណ្ណៈ​ និង​ លោកស្រី សៅ​ សារៀម​ ព្រមទាំង​បុត្រ​ដែល​មានសទ្ធា​ជ្រះថ្លា​ជួយ​កសាងខ្លោងទ្វារវត្ត​សម្ដេច​ នន្ទ​ ង៉ែត​ សែនជ័យ​សត្ថារាម​ ក្នុង​តម្លៃ​ ២៧០០០$, ព្រះអង្គក៏បានមានសង្ឃដីការ ថ្លែងអរគុណដល់គ្រប់​ប្រជា​ពុទ្ធបរិស័ទទាំងអស់ ដែលបានមានសទ្ធាជ្រះថ្លា ក្នុងការចូលរួមជួយជាថវិកា ក្នុងការកសាងសមិទ្ធផលផ្សេងៗក្នុងវត្តផងដែរ។

ព្រះសិរីមង្គលមុនី ម៉ុច សៅលី​ មានសង្ឃដីការទៀតថា គិតមកដល់ពេលនេះសមិទ្ធផលសាលាឆាន់ក្នុងវត្តសម្ដេច​ នន្ទ​ ង៉ែត​ សែនជ័យ​សត្ថារាម បានក៏សាងរួចរាល់ ១០០% ហើយ ដោយឡែកសម្រាប់ព្រះវិហារវិញ កំពុងដំណើរការសាងសង់រួចចំនួន ៤០% ក្នុងនោះជាងកំពុងតែដំណើរការសាសង់ជាបន្តបន្ទាប់, សម្រាប់ដំណើរការសាងសង់ព្រះវិហារ កំពុងមានការ​សាងសង់​រាល់ថ្ងៃ​ ញាតិញោមដែលមានសទ្ធាជ្រះថ្លា អាចចូលរួមចំណែកជួយសាងសង់បានផងដែរ៕